ងោក​មួយភាំង ផ្តាច់ជីវិត​២​នាក់​នៅ​ផ្លូវជាតិ​លេខ​៤

ខេត្តកំពង់ស្ពឺ ៖ សង្ស័យ​អ្នកបើកបរ​ងោក​មួយភាំង បណ្តាល​ឲ្យ​មនុស្ស​ប្រុស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​មនុស្ស​ប្រុស​ស្រី​៧​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ខណៈ​ដែល​ជិះ​រថយន្ត​១​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៥-៩៦ ស្ថិត​ក្នុងភូមិ​ចំការ​ចេក ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្ន​ម​ស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​ទាំង​២​នាក់​មាន​ម្នាក់​ឈ្មោះ អ៊ី​ន អាយុ​៣៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ិ​ញ អាយុ​៣៤​ឆ្នាំ ទាំង​២​នាក់​នៅ​មិន​ទាន់​ដឹង​ទីលំនៅ​នៅឡើយ​ទេ ។ ចំណែក អ្នក​រង​របួសធ្ងន់​២​នាក់ ម្នាក់​ឈ្មោះ រ័​ត្ន សុ​ផា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​ម្នាក់​ទៀត​ឈ្មោះ តី ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​មិនដឹង​ទីលំនៅ​នៅឡើយ​ទេ និង​៥​នាក់​ទៀត​រង​របួស​ស្រាល ។

នគរបាល​បន្ត​ថា អ្នក​រង​របួសស្រាល​៥​នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ អ្នក​ទាំងអស់​គ្នា​ជិះ​រថយន្ត​១​គ្រឿង ម៉ាក នី​សាន់ NAVARA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-0935 មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ឡើយ​ព្រោះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​ពី​កើតហេតុ ។

នគរបាល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ខាងលើ​ជិះ​គ្នា​១០​នាក់ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ទៅ​ខាងឆ្វេង​ដៃ បណ្តាល​ស្លាប់​២​នាក់ របួសធ្ងន់​២​នាក់ ស្រាល​៥​នាក់ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ជំនាញ​ដឹក​យក​សព​មក​តម្កល់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​អ្នក​រង​របួស​ដឹក​យក​ទៅ​សង្គ្រោះ រីឯ​រថយន្ត​ដឹក​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕