ចង់បាន​ប្រពន្ធ​​ខ្លាំង​ពេក បញ្ចប់ជីវិត​ខ្លួនឯង

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ព្រោះតែ​ចង់បាន​ប្រពន្ធ​ខ្លាំង​ពេក បាន​តឿន​ម្ដាយ​ឱ្យ​រកប្រពន្ធ​ឲ្យ​ជា​ញឹកញាប់ តែ​ម្តាយ​ប្រាប់​ថា​ឲ្យ​ប្រឹង​ធ្វើការ​សិន​ទៅ ចាំ​ម្តាយ​រក​ឲ្យ តែ​ម្ដាយ​មិន​ទាន់​បាន​រក​ឲ្យ​ផង​ស្រាប់តែ​បុរស​រូប​នោះ​គិត​ខ្លីបញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់ ។​ សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ម៉ោង៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ដើម​ស្វាយ​ក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ងិ​ន ពិសេស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។

ម្ដាយ​ជន​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា កូន​របស់​គាត់​តែងតែ​តឿន​គាត់​ឱ្យ​រកប្រពន្ធ​ឱ្យ​ជា​ញឹកញាប់ តែ​គាត់​ប្រាប់​ថា កូន​ឯង​ខំធ្វើការ​សិន​ទៅ កុំ​ដើរ​ផឹកស៊ី​ឥតប្រយោជន៍ ចាំ​គាត់​រកប្រពន្ធ​ឱ្យ តែ​កូន​គាត់​មិន​ស្ដាប់​ទេ នៅ​តែ​តឿន​រហូត មាន​ពេល​ខ្លះ​ឈ្លោះ​ជាមួយ​ឪពុក​ម្ដាយ​ទៀត​ផង ព្រោះតែ​រឿង​មិន​រកប្រពន្ធ​ឱ្យ ។

នៅ​ថ្ងៃ​កើតហេតុ​ខាងលើ វេលា​ម៉ោង​៥​ព្រឹក ម្តាយ​ជន​រង​គ្រោះ​បាន​ស្តាប់​លឺ​ម៉ា​ញ៉េ​កូន​របស់​គាត់​ចាក់​លឺ​ពេញ​ផ្ទះ​មិនដឹង​ចាក់​តាំងពី​ពេល​ណា ហើយ​គាត់​បាន​ភ្ញាក់​ពី​ដំណេក​ឡើង​ដាំ​បបរ ហើយ​ក៏​ដើរទៅ​ដក​ឌុ​យ​ម៉ា​ញ៉េ​ចេញ ដោយ​មិន​បាន​ចាប់អារម្មណ៍​ថា​កូន​នៅ​ក្នុង​មុង​ឬ​អត់​ទេ លុះដល់​ម៉ោង​៧ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល ឈ្មោះ ថា​ច់ វីឡា ត្រូវជា​ប្អូន​ជន​រង​គ្រោះ​បាន​ទៅ​បេះ​ផ្លែក្រូច​ឆ្មារ​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ក៏​បានឃើញ​ឈ្មោះ​បងប្រុស​ចងក​នឹង​ដើម​ស្វាយ​កំពស់​៣​ម៉ែត្រ​ក៏​បាន​រត់​មក​ផ្ទះ​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ទៅ​ជួយ​មើល ហើយ​ឪពុក​ជន​រង​គ្រោះ​បាន​មក​រាយការណ៍​ដល់​ប៉ុស្តិ៍​នគរបាល​ខ្ពប ។

ក្រោយ​ពី​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ បាន​ពិនិត្យ​សាកសព​រួច​ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ គឺ​ពិតជា​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន រួច​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕