ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

ខណៈពេលដែលមានភាពកុះករ ពីសំណាក់ទស្សនិកជន ដើម្បីលើកទឹកចិត្ត កីឡាករជម្រើសជាតិ បងប្អូនពូមីង ជាអាជីវករ ក៏កំពុងដុតដៃដុតជើង ក្នុងការលក់អីវ៉ាន់របស់ខ្លួនផងដែរ។ អ្នកខ្លះច្រកទឹកដាក់ថង់ អ្នកខ្លះញាប់ដៃហាន់សាច់ អ្នកខ្លះដៃពីរដៃបីក្នុងការឆាម្ហូប។

ទិដ្ឋភាពបែបនេះ ត្រូវបានគេសង្កេតឃើញរាល់ថ្ងៃនៅពហុកីឡដ្ឋានជាតិ អូឡាំពិក (ស្តាតអូឡាំពិក) ជាពិសេសថ្ងៃប្រកួតធំៗ។ តែយ៉ាងណាមិញ មានចម្ងល់មួយត្រូវបានចោទសួរថា តើមានភាពខុសគ្នាយ៉ាងណាមុនពេល និងក្រោយពេលមានភាពល្បីល្បាញក្នុងវិស័យបាល់ទាត់?

ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

តាមបងស្រី ឡុង ចន្ទមុន្នី អ្នកលក់ភេសជ្ជៈក្នុងបរិមាណស្តាតអូឡាំពិក បានប្រាប់ថា គាត់អាចរកប្រាក់បានក្នុងមួយថ្ងៃចាប់ពី ១ម៉ឺនទៅ ២ម៉ឺនរៀល តែការបើមានការប្រកួត អាចឈានដល់១០ម៉ឺន។

“បាន ១ម៉ឺន ជួនកាល២ម៉ឺន ពេលមានកម្មវិធីអាចដល់៥ម៉ឺន ១០ម៉ឺន (ប្រកួតជម្រើសជាតិឈុតធំ)។”សម្ដីបងស្រី។

បងស្រីដែលចាប់អាជីពអស់រយៈពេល៣ឆ្នាំរូបនេះក៏បានប្រាប់ទៀតថា កាលពីមិនមានភាពល្បីខាងវិស័យបាល់ទាត់ គាត់អាចរកចំណូលបានយ៉ាងច្រើន១ម៉ឺន តែក្រោយពេលមានភាពល្បីល្បាញ គាត់អាចរកបានយ៉ាងហោច២ម៉ឺន។

បងស្រីប្រាប់ Sabayថា៖ “ម៉ាក់ញ៉ុមលក់ធុងស្នោនឹងរហូត តែលក់អត់ដាច់អេ៎…ពិបាកអូន ជួនកាលបើសិនជាមេឃភ្លៀងបង បាន៣ ៤ ៥ពាន់អីហ្នឹង! បើមេឃអត់ភ្លៀង បងលក់បាន១ម៉ឺនអីបាន (ក្រោយគេផ្អើល) ចា៎បាន២ម៉ឺន ២ម៉ឺន៥ ដោយថ្ងៃអេ៎អូន អត់ទៀងហេ៎ ហើយម៉ូយមានគ្នាតិចដែរ ព្រោះគាត់លេងតែស្វា លេងត្រិះបាល់ ដេញដណ្ដើមបាល់…”។

ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

តែបើតាម បងប្រុស ជា សុផាន់ណា ម្ចាស់ម៉ូតូលក់មីឆាចល័តបានប្រាប់ថា គាត់អាចរកចំណូលបាន រហូតដល់ ៣០ម៉ឺន បើមានអ្នកទស្សនាច្រើន តែយ៉ាងណា កាលពីមុនពេលមានភាពល្បីល្បាញខាងវិស័យបាល់ទាត់ បងប្រុសមិនដែលមកទេ ហើយពេលខ្លះក៏ត្រូវគេហាមមិនឱ្យចូល។

បងប្រុសដែលជាអ្នកលក់ខាងក្រៅប្រាប់ថា៖ “អត់ដែលលក់នៅហ្នឹង ទាល់តែមានកម្មវិធីគេទាត់បាល់ ទាត់អីចឹង បានមកលក់…ជួនកាលបាន ៣ម៉ឺន ជួនកាលបាន ៤ម៉ឺន បើយើងមកនេះ យើងបានទាំងដើមទាំងចុងបាន៣០ម៉ឺន ជួនបាន៤០ តាមលក្ខណៈដែលវាថាអ្នកមកមើលបាល់ទាត់ច្រើនតិចចឹងហា៎…។”

បងប្រុសក៏បានបន្តទៀតថា៖ “កាលគេអត់ទានផ្អើល មិនដែលមកទេ ព្រោះអីវាលក់អត់ដាច់ ហើយមនុស្សគេអត់មកមើលច្រើន ពេលឥឡូវគេទើបល្បីថា បាល់ទាត់យើងខ្លាំងម៎ គេមកលក់គ្រប់ៗគ្នាច្រើនៗ…ពេលថ្ងៃណាគេមកទាត់ច្រើនក្រុមខ្លាំងៗចឹង គេអត់ឱ្យចូល ចឹងយើងស្រូតមកពីព្រឹក…របៀបថាគេអត់ចង់ឱ្យម៎រញ៉េរញ៉ៃ មនុស្សវាច្រើនគេពិបាកអីចឹង។”

ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

ចំណែកឯអ៊ំស្រី សាន ឃេង អ្នកលក់នំប៉័ងដាក់សាច់ ក្នុងបរិវេណឆែកសំបុត្រ VIPបានប្រាប់ថា គាត់អាចរកចំណូលបានមួយថ្ងៃ៣០ម៉ឺន តែលក់តែពេលមានកម្មវិធី តែកាលពីនៅមានកម្លាំងលក់រាល់ថ្ងៃ មិនថាថ្ងៃណានោះទេ។ កាលពីមិនទាន់មានភាពល្បីល្បាញនៃវិស័យបាល់ទាត់ អ៊ំស្រីលក់ដើម្បីផ្សែផ្សំដើម្បីឧបត្ថម្ភការសិក្សារបស់កូន។

អ៊ំស្រីវ័យ ៥៥ឆ្នាំប្រាប់ថា៖ “កាលមុនលក់រាល់ថ្ងៃ ដល់ហើយទៅ ដល់កូនធំឥឡូវផ្អាកសិន លក់តែពេលមានកម្មវិធី ថ្ងៃអត់មានកម្មវិធីសម្រាក…យើងលក់ ធ្វើអស់២០ម៉ឺន ចឹងបាន៣០ម៉ឺនជាង ទាំងនំប៉័ងទាំងដើមគេហា៎…វាមិនទៀងដែរ កម្មវិធីធំបាន១៥០នុំ ១០០ ៧០ ៨០ អត់ទៀង…(កាលពីមុនមានភាពល្បី) ដូចថាលក់នេះ ធម្មតា អត់មានបាល់លេងក៏ខ្ញុំលក់ធម្មតា ២០នំ ៣០នំ ចេះលក់ឱ្យបានកូនទៅរៀនហ្នឹងហា៎។”

ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

ការលើកឡើងរបស់អាជីវករទាំងបី មានលក្ខណៈស្រដៀងគ្នា ពោលគឺ ពេលមានកម្មវិធីប្រកួតធំៗម្ដងៗ ពួកគាត់អាចរកចំណូលលើសពីថ្ងៃធម្មតា ចំណែកភាពល្បីល្បាញក្នុងវិស័យបាល់ទាត់ក៏ជាចំណែកមួយដ៏ធំសម្រាប់ឱ្យពួកគាត់រកចំណូលកាន់តែច្រើនថែមទៀត។

គូសបញ្ជាក់ផងដែរថា វិស័យកីឡាបាល់ទាត់នេះ មានភាពល្បីល្បាញគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានត្រីមាសមកនេះ៕

ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ

ប្រភព៖ sabay

  • ភាព​ល្បីល្បាញ​ក្នុង​វិស័យ​បាល់ទាត់ ក៏​អាច​ចិញ្ចឹម​ជីវិត​អ្នក​លក់ដូរ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:កំសាន្ត
Tags: