មន្ត្រី​ជំនាញ​ ណែនាំ​ឲ្យ​អ្នក​បរិភោគ​ជ្រើស​រើស​យក​ភោជនីយដ្ឋាន ​ឬ​អាហារដ្ឋាន​ណា​មាន​វិញ្ញាបន​បត្រ​អនាម័យ​

មន្ត្រី​ជំនាញ​ ណែនាំ​ឲ្យ​អ្នក​បរិភោគ​ជ្រើស​រើស​យក​ភោជនីយដ្ឋាន ​ឬ​អាហារដ្ឋាន​ណា​មាន​វិញ្ញាបន​បត្រ​អនាម័យ​



ភ្នំពេញ ​៖​ មន្ត្រី​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ​ នៃ​ក្រសួងសុខាភិបាល​ បាន​ធ្វើ​ការណែនាំ​ដល់​អ្នក​បរិភោគ ​ត្រូវ​ជ្រើស​រើស​យក​ភោជនីយដ្ឋាន ​ឬ​អាហារដ្ឋាន​ណា​ដែល​មាន​បំពាក់​ស្លាក​សញ្ញា​សម្គាល់ ​ឬ​វិញ្ញាបនបត្រ​អនាម័យ​ ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​ត្រឹមត្រូវ។

ការ​ណែនាំ​របស់​មន្ត្រី​នោះ​បាន​ធ្វើឡើង​នៅ​ក្នុង​គេហទំព័រ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​កាល​ពី​ថ្ងៃ​ទី​០៦​កក្កដា​ថា ​រហូតមក​ដល់ពេលនេះ​ មាន​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​ចំនួន​៨៦២​កន្លែង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការអនុវត្ត​អនាម័យ​ល្អ​ និង​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ផ្តល់​ជូន​ដោយ​ក្រសួងសុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​រាជធានី/​ខេត្ត។​

វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការអនុវត្ត​អនាម័យ​ល្អ​ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​រាជធានី/​ខេត្ត​មាន​បែង​ចែក​ជា​៤​កម្រិត​។​

ក្នុងចំណោម​ភោជនីយដ្ឋាន​ និង​អាហារដ្ឋាន​ចំនួន​៨៦២​កន្លែង​ ដែល​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការអនុវត្ត​អនាម័យ​ល្អ​ និង​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​នោះ ​ក្នុង​នោះ​មាន​កម្រិត​A​ចំនួន​១០៣​កន្លែង​ កម្រិត​B​មាន​ចំនួន​៨០​កន្លែង​ កម្រិត​C​ចំនួន​២៩​កន្លែង​ និង​កម្រិត​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ចំនួន​៦០​កន្លែង។

ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​នេះ​ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​ត្រូវ​បាន​ក្រសួងសុខាភិបាល​មានការ​យកចិត្តទុកដាក់​ខ្ពស់​ ព្រោះថា​តាម​ការ​ស្រាវជ្រាវ​កន្លងមក​ គេ​បា​ន​រក​ឃើញ​ថា ​មាន​ភោជនីយដ្ឋាន​ ឬ​អាហារដ្ឋាន​ខ្លះ​មាន​ដាក់​សារធាតុ​គីមី​ម្យ៉ាង​ដែល​គេ​និយម​ហៅថា​ទឹកបន្សារ​ ដែល​ធ្វើ​ឲ្យ​សរសៃ​គុយទាវ​ស្វិត។​

ក្រៅ​ពី​នេះ​កន្លងមក ​ក៏​មាន​សារព័ត៌មាន​ក្នុងស្រុក និង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក បាន​រាយការណ៍​ថា មានការ​នាំចូល​នូវ​ប្រភេទ​ទឹក​ស៊ុប​ច្រក​ក្នុង​ប៊ីដុង នាំចូល​ពី​ប្រទេសជិតខាង (​ប្រទេស​វៀតណាម​) ដែល​គេ​អះអាង​ថា មាន​ដាក់​សារធាតុគីមី ដើម្បី​ឲ្យ​គុយទាវ​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​បាន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន។ ទឹក​មេ​ស៊ុប​ប្រភេទ​ទឹកថ្លា សម្រាប់​ដាក់​ក្នុង​ទឹក​ស៊ុប​ធ្វើ​ឲ្យ​សាច់​ឆាប់​ផុយ និង​មាន​រសជាតិ​ឆ្ងាញ់​។ ទឹក​ស៊ុប​ទាំងនោះ ត្រូវ​បាន​សង្ស័យ​ថា យក​មក​លក់​នៅ​ក្នុង​ទីផ្សារ នៃ​ហាង​គុយទាវ ក្នុង​ក្រុងភ្នំពេញ។​

មន្ត្រី​ដដែល​បានបញ្ជាក់​នៅ​ក្នុង​គេហទំព័រ​នោះ​ទៀត​ថា ​ដើម្បី​អនាម័យ​សុវត្ថិភាព​ចំណីអាហារ​និង​សុខភាព ​សូម​ជ្រើស​រើស​យក​ភោជនីយដ្ឋាន​ ឬ​អាហារដ្ឋាន​ណា​ដែលមាន​បំពាក់​ស្លាក​សញ្ញា​សម្គាល់​ ឬ​វិញ្ញាបនបត្រ​អនាម័យ​ ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល​រាជធានី​/ខេត្ត​៕

មន្ត្រី​ជំនាញ​ ណែនាំ​ឲ្យ​អ្នក​បរិភោគ​ជ្រើស​រើស​យក​ភោជនីយដ្ឋាន ​ឬ​អាហារដ្ឋាន​ណា​មាន​វិញ្ញាបន​បត្រ​អនាម័យ​