អាវុធហត្ថ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ និង​ដកហូត​គ្រឿងញៀន​មួយ​ចំនួន​

អាវុធហត្ថ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ និង​ដកហូត​គ្រឿងញៀន​មួយ​ចំនួន​



ស្ទឹងត្រែង ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដកហូត​គ្រឿងញៀន​១​កញ្ចប់​ធំ​ ៤​កញ្ចប់​តូច កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ចម្ការ​តា​ញូ​ង ស្ថិត​ក្នុង​ភូមិ​អន្លង់​ក្រមួន ឃុំ​ស្រែ​ឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។​

លោក​វរសេនីយ៍ឯក​ ដួង វិចិត្រ ​ប្រធាន​ព័ត៌មាន និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ​១​-ឈ្មោះ អ៊ុន អាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ រស់នៅ​ភូមិ​មន ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រែង​។ ទី​២-ឈ្មោះ អុក អែល ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ព្រូ​ឡាន មាន​ទីលំនៅ​ភូមិ​ក្រូច ឃុំ​ទួល ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​រស់​ស្នា​ក់​ភូមិ/ឃុំ កើតហេតុ​ខាងលើ។

លោក​វរសេនីយ៍ឯក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ គឺ​អាវុធហត្ថ​បាន​រៀប​ចំ​នៅ​វិធាន​ញុះញង់​ឲ្យ​មាន​ការ​លក់ ​និង​មាន​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច ដោយមាន​ការ​សម្រប​សម្រួល​ពី​សំណាក់​លោក​ ជា ពេ​ជ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ទើប​ឈាន​ទៅ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន ​ខណៈ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព និង​ដកហូត​បាន​វត្ថុតាង​រួមមាន ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ម្សៅ​ក្រាម​ ពណ៌ស ​ថ្លា (​ម៉ា​ទឹកកក​)​ចំនួន​១​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច ទូរស័ព្ទ​២​គ្រឿង ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ សេ​១២៥ ពាក់​ស្លាក​លេខ បាត់ដំបង 1D-4503 ពណ៌​ខ្មៅ​១​គ្រឿង។

លោក​បន្ត​ថា ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ អាវុធហត្ថ​បាន​បញ្ជូន​ខ្លួន​មកកាន់​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​សួរនាំ ​និង​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ និង​មាន​ការ​ចូលរួម​ពី​លោកស្រី ​ស៊ុន យ៉ឺ​ត ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ថា​ ពិត​ជា​មាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន ជនសង្ស័យ ​រួម​នឹង​វត្ថុតាង ​ត្រូវ​បាន​អាវុធហត្ថ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​នៃ​ច្បាប់៕

អាវុធហត្ថ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ និង​ដកហូត​គ្រឿងញៀន​មួយ​ចំនួន​

អាវុធហត្ថ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ និង​ដកហូត​គ្រឿងញៀន​មួយ​ចំនួន​