ពលរដ្ឋ​ស្រុក​រតនមណ្ឌល​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ក្រុមហ៊ុន​ចិន​កាយ​ដី​ទំនាស់

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន បាត់ដំបង ខេ.ធី ស៊ីម៉ិន (Battambang KT Cement) របស់​ជនជាតិ​ចិន ប្រមាណ ៣០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ ២៦​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា នាំ​គ្នា​តវ៉ា​នៅ​តំបន់​ដី​ទំនាស់​នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ហើយ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។

ក្រុម​អ្នក​តវ៉ា​ក្មេង​ចាស់​ប្រុស​ស្រី ដែល​ខ្លះ​ប្រដាប់​ដោយ​កាំបិត​ផ្គាក់​ផង​នោះ បាន​ប្រកែក​តឹង​សរសៃ​ក​ដាក់​គ្នា​មួយ​ប្រាវ​ជាមួយ​តំណាង​ក្រុមហ៊ុន​របស់​ជនជាតិ​ចិន និង​អាជ្ញាធរ​ស្រុក​រតនមណ្ឌល ប៉ុន្តែ​មិន​បាន​បង្ក​ហិង្សា​ដាក់​គ្នា​នោះ​ទេ។

«សំឡេង​ពលរដ្ឋ​តវ៉ា»

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ដូនមាយ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល លោកស្រី មុំ ពិសី ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​កន្លែង​តវ៉ា​នៅ​ដី​ទំនាស់​ភ្នំ​ដូនមាយ ថា អាជ្ញាធរ​ត្រូវ​តែ​បញ្ឈប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន បាត់ដំបង ខេ.ធី ស៊ីម៉ិន របស់​ចិន ជា​បន្ទាន់ ពីព្រោះ​ក្រុមហ៊ុន​នេះ​យក​គ្រឿងចក្រ​ឈូស​ឆាយ និង​ដឹក​អាចម៍​ដី​ដែល​មាន​ទំនាស់​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ៖ «»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ស្រុក​រតនមណ្ឌល លោក ហ៊ុន ហូ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មិន​ត្រូវ​នាំ​គ្នា​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ឡើយ ពីព្រោះ​លោក​អះអាង​ថា ករណី​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ដំណើរ​ការ​ដោះស្រាយ​ជូន​ពួក​គាត់៖ «»

ការ​តវ៉ា​នេះ មាន​បុគ្គលិក​ក្រុមហ៊ុន​ចិន ជិត ១០​នាក់ មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុក​មាន​អាវុធ​គ្រប់​ដៃ​ប្រមាណ ៥​នាក់ និង​អភិបាល​រង​ស្រុក​រតនមណ្ឌល ចំនួន ២​នាក់ បាន​ចុះ​ទៅ​ដល់​ទីកន្លែង។ អាជ្ញាធរ​ស្រុក បាន​រុញ​កាមេរ៉ា​មិន​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ថត​សកម្មភាព​របស់​ខ្លួន​នៅ​ពេល​ពលរដ្ឋ​តវ៉ា​នោះ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី បញ្ជាក់​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​ត្រឹមត្រូវ ពីព្រោះ​ភាគី​ក្រុមហ៊ុន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ទំនាស់​ដែល​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​នៅ​ឡើយ៖ «»

អ្នក​ស្រុក​ទាមទារ​សំណង​ផល​ប៉ះពាល់​ដីធ្លី​ចំនួន​ពីរ​ដំណាក់​កាល។ ទី​១ ដី​ដែល​ជាប់​ជើង​ភ្នំ​ដូនមាយ ចំនួន​ជាង ២០​ហិកតារ គិត​តម្លៃ ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ហិកតារ ចំណែក​ដី​នៅ​ក្រោម​ជើង​ភ្នំ​ជាង ២០​ហិកតារ គិត​តម្លៃ​តាម​ទីផ្សារ គឺ​ប្រមាណ​ពី ២​ម៉ឺន​ដុល្លារ​ទៅ ៣​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ហិកតារ។ កន្លង​ទៅ ពលរដ្ឋ​បាន​តវ៉ា​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត​បាត់ដំបង ដោះស្រាយ​ជា​បន្តបន្ទាប់​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល។ ក្រុម​អ្នក​តវ៉ា​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ផ្ដល់​សំណង​ជូន​ពួក​គាត់​ទេ នោះ​ពួក​គាត់​នឹង​លើក​គ្នា​តវ៉ា​សាជាថ្មី​ទៀត​លុះ​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។