ក្របួច​បានទាំងអស់ មុខ​សញ្ញា​​សម្លាប់​​មនុស្ស​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​៥​នាក់ ​ត្រូវ​កម្លាំង​ប៉េ​អឹ​ម​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​០៧ កក្កដា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​កន្ទោក​ខាងត្បូង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​​​ជ័យ ។ ដែល​ក្រុមទាំង​​នេះ គឺ​​ជា​ជន​ដៃដល់​​ស្ទាក់​វាយ​យុវជន​​២​នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​រហូត​ដល់​​ស្លាប់​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​០៣ កក្កដា កន្លងមក​ ។

ប្រភព​​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ១-​ឈ្មោះ​សូ សុ​ផុ​ន អាយុ​២៥​ឆ្នាំ ២-​​ឈ្មោះ​លង់ សា​វុ​ទ្ធី អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ​សូរ ពុធ​វិច្ឆិកា អាយុ​២៥​ឆ្នាំ ៤-​ឈ្មោះ​អយ ដេ​វីត អាយុ​២២​ឆ្នាំ (​ជន​ដៃដល់​) និង​៥-​ឈ្មោះ​ជៀស ឌី អាយុ​២៥​ឆ្នាំ (​ជន​ដៃដល់​) ។ រីឯ​ជន​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ស្លាប់​ឈ្មោះ​ជា សុភាព អាយុ​២៨​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​កណ្តាល ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង និង​២-​ឈ្មោះ​សោម ពិ​ស័​យ ហៅ​អេ​ង អាយុ​៣០​ឆ្នាំ (​រង​​របួស​) មានស្រុក​កំណើត​​​ជាមួយ​​អ្នក​ស្លាប់ ។

ប្រភព​បន្ត​ថា រវាង​ជន​រង​គ្រោះ និង​ជនសង្ស័យ​ទាំង​៥​នាក់​គេ​នៅ​មិន​ទាន់​ដឹង​ថា ​មាន​គំនុំ​អ្វី​ច្បាស់​​នោះ​​ទេ ដោយនៅ​យប់​ថ្ងៃ​កើត​ហេតុ​ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ចេញពីផ្ទះ​ជិះ​ម៉ូតូ​១​គ្រឿង ឆ្ពោះទៅ​ផ្សា​រកា​ណា​ឌី​យ៉ា ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​វេ​ង​ស្រេង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជួប​ក្រុម​ទាំង​៥​នាក់​នោះជិះម៉ូតូ២គ្រឿង បានចុះមកស្ទាក់​​ព្រួត​វាយ​ជន​រង​គ្រោះ​ ​រហូត​រង​របួស​យ៉ាង​ធ្ងន់ ហើយ​គេចខ្លួន​អស់  ។ ជន​រង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ដោយសារ​ម្នាក់​របួសធ្ងន់​ពេក​បាន​ស្លាប់​ទៅ ។

គួរបញ្ជាក់ថា ក្នុង​ចំណោម​ជន​សង្ស័យទាំង​៥នាក់ ក៏ជា​មុខសញ្ញា​ចោរ​កម្ម​ផងដែរ ។