គ្រួសារ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ស្វែង​រក​ជន​ល្មើស​សម្លាប់​ប្ដី​ដោយ​ចោទ​ថា​ចេះ​អាប​ធ្មប់

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​សព​ដែល​ស្លាប់​ដោយសារ​ជន​អនាមិក​បាញ់​សម្លាប់ ដោយ​ចោទ​ថា​ចេះ​អំពើ​អាប​ធ្មប់​នៅ​ខេត្ត​ពោធិ៍សាត់ អំពាវនាវ​ឲ្យ​សមត្ថកិច្ច​វែក​រក​មុខ​ជន​ល្មើស។ មន្ត្រី​ប៉ូលិស បាន​សន្និដ្ឋាន​បឋម​ថា ករណី​ឃាតកម្ម​ដ៏​សាហាវ​នេះ អាច​កើត​ចេញ​ពី​រឿង​គំនុំ ហើយ​ខាង​ជំនាញ​កំពុង​ស៊ើប​អង្កេត​បន្ថែម ដើម្បី​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ។

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​ពោធិ៍សាត់ ចង់​ឃើញ​សមត្ថកិច្ច​ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់ ខណៈ​ភរិយា​ជន​រងគ្រោះ​ភ័យ​ខ្លាច​ពី​ការ​ធ្វើ​បាប​ក្រោយ​ប្ដី​ស្លាប់ ហើយ​បន្សល់​ពាក្យ​ចចាមអារ៉ាម​ថា ប្ដី​គាត់​ចេះ​អំពើ​អាប​ធ្មប់ ធ្វើ​ឲ្យ​អ្នក​ភូមិ​ឈឺ​ថ្កាត់ និង​ស្លាប់។

មន្ត្រី​ផ្នែក​អង្កេត លោក ខុន ខូយ ដែល​បាន​ចុះ​អង្កេត​ករណី​ឃាតកម្ម​នេះ ថ្លែង​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ថា ដើម​ចម​នៃ​ការ​សម្លាប់​បុរស​វ័យ ៣៦​ឆ្នាំ​ម្នាក់​ដោយ​គ្រាប់​កាំភ្លើង​ចំនួន ៥​គ្រាប់​នៅ​ក្នុង​ផ្ទះ​នេះ លោក​មិន​ទាន់​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​រឿង​អ្វី​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​ការ​ជួប​សម្ភាស​ជាមួយ​មេ​ភូមិ និង​ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ខ្លះ បាន​សង្ស័យ​ថា បុរស​ដែល​ស្លាប់​នោះ​ចេះ​អំពើ​អាប​ធ្មប់៖ «បើ​សិន​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​គាត់ (ឈឹម យិន) ចេះ​អំពើ​អាប​ធ្មប់ វា​ជា​រឿង​មួយ ព្រោះ​វា​គ្មាន​អ្វី​ដែល​ជាក់លាក់​នោះ​ទេ ហើយ​បើ​យើង​សម្លាប់​គេ ហើយ​យើង​មិន​បាន​រក​យុត្តិធម៌​ជូន​គាត់ អា​ហ្នឹង​វា​អយុត្តិធម៌​បំផុត​សម្រាប់​អ្នក​ស្លាប់»

កាល​ពី​ម៉ោង ៨​កន្លះ​យប់ ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦ បុរស​ម្នាក់​ឈ្មោះ ឈឹម យិន រស់នៅ​ភូមិ​ព្រែកតាគង់ ឃុំ​អន្លង់វិល ស្រុក​កណ្ដៀង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​បាញ់​សម្លាប់ នៅ​ពេល​លោក​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ជាមួយ​ប្រពន្ធ​កូន​ក្នុង​ផ្ទះ​តៀម ឋិត​នៅ​ក្បែរ​មាត់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ។ ប៉ូលិស​ពិនិត្យ​ឃើញ​ថា នៅ​លើ​ដង​ខ្លួន​សព​មាន​ស្នាម​បាញ់​ត្រូវ​ជើង និង​ស្មា​ធ្លាយ​ទៅ​ដើម​ទ្រូង​ចំនួន ៥​គ្រាប់។

ភរិយា​ជន​រងគ្រោះ គឺ​លោកស្រី ប៊ុន សារុន រំឭក​ហេតុការណ៍​យប់​នោះ​ថា ស្នូរ​គ្រាប់​កាំភ្លើង​ប្រហែល ៤​គ្រាប់​ចេញ​ពី​ក្រោយ​ផ្ទះ បាន​តម្រង់​ចំ​ប្ដី​របស់​គាត់​បណ្ដាល​ឲ្យ​ប្រកាច់​ស្លាប់​ក្នុង​ថ្លុក​ឈាម​ភ្លាមៗ។ ពេល​នេះ លោកស្រី​កំពុង​ពិបាក​ចិត្ត​អាណិត​កូន​បី​នាក់​តូចៗ ក្រោយ​បាត់បង់​ប្ដី​ដែល​ជា​ទី​ពឹង​សម្រាប់​គ្រួសារ។ លោកស្រី​មិន​បាន​សង្ស័យ ឬ​ប្ដឹង​បុគ្គល​ណា​ម្នាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​រង់ចាំ​ចំណាត់​ការ​របស់​ប៉ូលិស៖ «ខ្ញុំ​បាន​ប្ដី​មាន​កូន​បី​ជាង ១០​ឆ្នាំ​ហើយ។ ខ្ញុំ​មិន​ដែល​ឃើញ​ប្ដី​ខ្ញុំ​មាន​ស្អី​ផង បន្តិច​ក៏​អត់​ដែរ។ ផ្ទះ​កន្ត្រេកកន្ត្រាក​អ៊ីចឹង នរណា​មក​ឃើញ​ក៏​ស្ងើច​ដែរ ប្រហោង​ក្រហេតក្រហត សុទ្ធតែ​ពីងពាង​មាន​កន្លែង​ដាក់​រៀប​ស្អី​គួរ​តែ​គិត។ ខ្ញុំ​វា​ខ្លាច​ទៀត​ហ្នឹង​ណា​លោកគ្រូ ដូច​ថា​ប្ដឹង ហើយ​ស៊ើបៗ​ទៅ​គេ​មក​ដាក់​យើង​ថែម​ទៅ​ធ្វើ​ម៉េច​ទៅ»

អធិការ​នគរបាល​ស្រុក​កណ្ដៀង លោក លីវ សេងហ៊ីម ថ្លែង​ថា សមត្ថកិច្ច​មិន​ទាន់​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​បាន​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ តែ​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​បឋម៖ «ចាប់​ពី​ពេល​កើត​ហេតុ​រហូត​ដល់​មួយ​សប្ដាហ៍​ក្រោយ​ហ្នឹង យើង​បាន​ចុះ​ស្រាវជ្រាវ​ក្ដៅ​គគុក​ហើយ។ យើង​សន្និដ្ឋាន​បឋម​ថា ពាក់ព័ន្ធ​នឹង​គំនុំ​បង។ លោក ជិន ជេដ្ឋា៖ គំនុំ​អី​ទៅ​ដែល​គេ​សង្ស័យ​ថា​ចេះ​អំពើ​អាប​ធ្មប់​អី​ហ្នឹង ឬ​យ៉ាង​ម៉េច​បាទ? អា​ហ្នឹង​វា​ជា​ពាក្យ​ចចាមអារ៉ាម​ណា​បង វា​រក​ប្រភព​អត់​ច្បាស់លាស់​ទេ»

ទោះ​បី​ជា​យ៉ាង​ណា ភរិយា​របស់​ជន​រងគ្រោះ លោកស្រី ប៊ុន សារុន រំឭក​ថា កាល​ពី​ពីរ​ឆ្នាំ​មុន​មាន​បុរស​ដែល​ជា​អ្នក​រស់នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​ម្នាក់​ឈ្មោះ ទុយ បាន​លប​ដុត​ផ្ទះ​គាត់​ដោយ​សង្ស័យ​ថា ប្ដី​គាត់​ចេះ​អំពើ​អាប​ធ្មប់។ កាល​ណោះ ភ្លើង​មិន​បាន​ឆេះ​ផ្ទះ​ទាំង​ស្រុង​នោះ​ទេ ដោយ​ប្ដី​គាត់​មក​ពន្លត់​ទាន់​ពេល ហើយ​រឿងរ៉ាវ​រវាង​ប្ដី​គាត់ និង​ជន​ដែល​បាន​លប​ដុត​ផ្ទះ​នោះ បាន​ផ្សះផ្សា​ត្រូវរ៉ូវ​គ្នា​វិញ​នៅ​ត្រឹម​អាជ្ញាធរ​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។