ហ៊ី​ណូ​បើក​ជែង​មិន​ផុត​ងាក​មក​វិញ ត្រូវ​ហ៊ី​យ៉ា​ន់​ដាយ​បុក​ពីក្រោយ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ដឹក​ស្ករស ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ១​គ្រឿង​បាន​រង​ការ​ខូចខាត ក្រពឹត​មុខ​ទាំងស្រុង បន្ទាប់​ពី​បើកបរ​ក្នុង​ល្បឿន​លឿន ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ធុន​ធំ​សណ្ដោង​កន្ទុយ រ៉ឺ​ម៉ក ១​គ្រឿង​ទៀត​ដែល កំពុង​បើកបរ​ស្រប​ទិស​គ្នា បន្ទាប់​មក​រថយន្ត ហ៊ី​ណូ​បាន​ជែង​រថយន្ត ផ្សេង​ទៀត​នៅ​ខាង​មុខ​។ ប៉ុន្តែ​ដោយសារ ខណៈនោះ​ចរាចរ​កំពុង​មមារ​ញឹក មាន​រថយន្ត​តូច​ធំ​ជា​ច្រើន​គ្រឿង​ទៀត កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា ទើប​ធ្វើ​ឲ្យ​រថ យន្ត​ហ៊ី​ណូ មិន​អាច​ជែង​បាន​ក៏​ជ្រុល​ទៅ​កៀរ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ធ្យូង ១​គ្រឿង​ស្របគ្នា រួច​បណ្ដាល​ឲ្យ រង​ការ​ខូចខាត ។

បន្ទាប់​មក​ទៀត​រថយន្ត​បង្ក​នោះ បាន​កាច់ចង្កូត​ងាក​ចេញពី​រ៉ឺ​ម៉ក​ធ្យូង មក​ខាងឆ្វេង​ដៃ ទើប​បណ្ដាល​ឲ្យ​រថយន្ត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ទ្រុង​ដឹក​ស្ករស មិន​អាច​ជាន់​ហ្វ្រាំង​ជាប់​នឹង​គេច​ចេញ​ទាន់ ក៏​បាន​បុក​យ៉ាង​ពេញទំហឹង រង​ការ​ខូចខាត​ក្រពឹត​កាប៊ី​ន​ទាំងស្រុង ហើយ​អ្នកបើកបរ​រថយន្ត ដឹក​ស្ករស​នោះ បាន​កៀប​ជាប់​ក្នុង​កាប៊ី​ន រង​របួសធ្ងន់ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​អគ្គ​បញ្ជាការដ្ឋាន កង​យោធពលខេមរភូមិន្ទ ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-3626 អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ចំណែក​រថយន្ត​រង​គ្រោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A -0315 រថយន្ត​នេះ​បាន រង​ការ​ខូចខាត​កាប៊ី​ន​ទាំងស្រុង ហើយ​អ្នកបើកបរ​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់ មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។ ដោយឡែក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ធ្យូង រង​ការ​ខូចខាត​តិចតួច ហើយ​អ្នកបើកបរ​ឈ្មោះ ឈ្មោះ​ផល សេ​ម អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មិន​មាន​ម្ដាយ​ជិះ​ជាមួយ​ផង ប៉ុន្តែ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​មាន​របួស​ឡើយ បន្ទាប់​មក​កម្លាំង​នគរបាល ប៉ុស្ដិ៍​កន្ទោក និង​ចោម​ចៅ​បាន​ចុះ​ទៅ​អន្តរាគមន៍​មិន​ឲ្យ​មានការ​កកស្ទះ រួច​ទើប​កម្លាំង នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​វាស់វែង និង​កសាង​សំណុំរឿង​៕