ទោច​ម្កុដ​នៅ​អង្គរ​បង្កើត​បាន​កូន​២​ក្បាល​ហើយ

ទោច​ម្កុដ​នៅ​អង្គរ​បង្កើត​បាន​កូន​២​ក្បាល​ហើយ



សៀមរាប ៖ វត្តមាន​របស់​សត្វ​ទោច​ម្កុដ ដែល​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ហើយ​ត្រូវ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) និង​ក្រុមហ៊ុន​ខ្សែ​យោង​អេកូ​ទេសចរណ៍ (Flight of the Gibbon Angkor) យក​មក​ព្រលែង​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ ឥឡូវនេះ​បង្កើត​បាន​កូន​២​ក្បាល​ហើយ។

ទោច​ម្កុដ​មួយ​គូ​ដែល​បាន​ព្រលែង​កាលពី​ឆ្នាំ​២០១៣​ បង្កើត​បាន​កូន​មួយ​ក្បាល ដែល​បច្ចុប្បន្ន​មាន​អាយុ​១​ឆ្នាំ​ហើយ​។ ចំណែក​មួយ​គូ​ទៀត ដែល​ទើបតែ​ប្រលែង​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ ក៏​បង្កើត​បាន​កូន​មួយ​ក្បាល​ដែរ ហើយ​ទើប​តែ​មាន​អាយុ​១​ខែ​ប៉ុណ្ណោះ។

ដូច្នេះ រមណីយដ្ឋាន​អង្គរ​ ដែល​ជា​ដួង​ព្រលឹង​ជាតិ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នឹង​ទទួល​បាន​ស្តាប់​នូវ​សំឡេង​ដ៏​ពីរោះ និង​លន្លង់លន្លោច​បន្ថែម​ទៀត ​បន្ទាប់ពី​ការ​បាត់​វត្តមាន​របស់​សត្វ​ទោច​នេះ​អស់​ជិត​១​សតវត្ស​កន្លងមក។

គួរ​រំឭក​ថា តាម​ការសិក្សា​ជំរឿន​សត្វព្រៃ​កន្លងមក រមណីយដ្ឋាន​អង្គរ​ធ្លាប់​មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ​។ ដោយឡែក សត្វព្រៃ​ប្រភេទ​ទោច​ម្កុដ​នេះ​ក៏​ធ្លាប់​មាន​វត្តមាន​ក្នុង​តំបន់​អង្គរ​ផងដែរ ប៉ុន្តែ​ក្នុង​ចន្លោះ​នៃ​សង្គ្រាមស៊ីវិល​មកដល់​ពេល​បច្ចុប្បន្ន​នេះ ពួក​ទោច​បាន​ស្លាប់​ផុត​ពូជ​ពី​ព្រៃ​នេះ​ទៅ​ហើយ​។ ក្នុង​គម្រោង​ស្តារ​ឡើង​វិញ​នូវ​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ​អាជ្ញាធរ​ជាតិ​គ្រោង​នឹង​នាំ​យក​ប្រភេទ​សត្វ​កម្រ​ផ្សេងៗ មក​ព្រលែង​ក្នុង​ព្រៃ​អង្គរ​ឲ្យ​បាន​ច្រើន​ដើម្បី​លើក​តម្លៃ​ទេសភាព​វប្បធម៌​និង​ធម្មជាតិ​ក្នុង​តំបន់​អង្គរ​ឲ្យ​កាន់តែ​វិសេសវិសាល​ថែមទៀត៕

ទោច​ម្កុដ​នៅ​អង្គរ​បង្កើត​បាន​កូន​២​ក្បាល​ហើយ ទោច​ម្កុដ​នៅ​អង្គរ​បង្កើត​បាន​កូន​២​ក្បាល​ហើយ ទោច​ម្កុដ​នៅ​អង្គរ​បង្កើត​បាន​កូន​២​ក្បាល​ហើយ