ចិន ប្រាប់​អាមេរិក​ឲ្យ​ប្រយ័ត្ន​សំដី និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-07-2016, 8:39 pm         416

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ប្រាប់​អាមេរិក​ឲ្យ​ប្រយ័ត្ន​សំដី​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ប្រាប់​ត្រង់ៗ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ដោយ​មិន​ត្រូវធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ចិន និង​សន្តិសុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។ ការឆ្លើយ​ឆ្លង​របស់​ប្រមុខ​ការទូត​ទាំងពីរ ធ្វើឡើង​នៅមុន​ពេលដែល​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ ប្រកាស​សាលក្រម​លើក្ដី​រឿង​បណ្ដឹង​របស់​ហ្វីលីពីន ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។

​ក្រសួងការបរទេស​ចិន និយាយ​នៅ​ថ្ងៃទី​៦ ខែកក្កដា ថា ប្រមុខ​ការទូត​លោក វ៉ាង យី បាន​និយាយ​ដោយ​ឥត​លាក់លៀម​រឿង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ទៅកាន់​សម​ភាគី​អាមេរិក​លោក ច​ន ឃែ​រី​។ ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​លោក វ៉ាង យី ប្រា​ប់លោក ឃេ​រី ថា អាមេរិក​គួរ​រក្សា​សន្យា​របស់ខ្លួន ក្នុងការ​រក្សា​ជំហរ​កណ្ដាល និង​មិន​កាន់ជើង​ភាគី​ណាមួយ​នោះទេ​។

​ឆ្លៀត​ពេលនោះ ប្រមុខ​ការទូត​ចិន បានបង្ហាញ​ក្ដីសង្ឃឹម​ថា អាមេរិក​នឹង​និយាយស្ដី និង​ធ្វើ​សកម្មភាព​ប្រយ័ត្នប្រយែង​ជាង​មុន និង​មិន​ធ្វើ​អ្វីដែល​ប៉ះពាល់​ផលប្រយោជន៍​ចិន​នោះឡើយ​។ ទន្ទឹមនឹងនេះ លោក វ៉ាង យី ក៏​បញ្ជាក់​ជំហរ​របស់​ចិន ដែល​បដិសេធ​ទទួល​ការសម្រេច​របស់​តុលាការអន្តរជាតិ ដោយ​លោក​អះអាងថា តុលាការ គ្មាន​យុត្តាធិការ​លើ​ករណីនេះ​ទេ​។   

​រដ្ឋមន្ត្រីការបរទេស​ចិន បាន​ប្រាប់​ប្រមុខ​ការទូត​អាមេរិក​ទៀតថា បើទោះជា​តុលាការ​សម្រេច​យ៉ាងម៉េច​ក៏ដោយ ចិន​នៅតែ​ការពារ​ដាច់ខាត​អធិបតេយ្យ​ដែនដី​របស់ខ្លួន ក៏ដូចជា​សេរីភាព​នាវាចរណ៍​ស្របច្បាប់​ផងដែរ​។ មិនតែប៉ុណ្ណោះ ចិន នឹង​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ នេះ​ក៏​ដោយសារតែ ជារឿយៗ ចិន​តែង​បន្ទោស​អាមេរិក ជា​អ្នកធ្វើ​ឲ្យ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក្ដៅ​ឡើង​រហូតមក​។

​តាម​កិច្ចសន្ទនា​ទូរ​សព្ទ​ដែល​ផ្ដើម​ដោយ​លោក ឃែ​រី លោក វ៉ាង យី បន្តថា ទំនាក់ទំនង​ចិន និង​អាមេរិក ស្ថិត​លើផ្លូវ​ត្រូវ ហើយ​ភាគី​ទាំងពីរ គួរតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ហើយ​ដោះស្រាយ​ភាពខុសគ្នា​ជំនួស​វិញ​។ ចិន​មិន​សប្បាយចិត្ត​ទេ នៅពេលដែល​នាវា​អាមេរិក ធ្វើដំណើរ​ទៅ​សមុទ្រ​ចិន​ម្ដងៗ ហើយ​ចាត់ជា​ការរំលោភបំពាន​ចិន​ផងដែរ​។​

​ជាមួយគ្នានេះដែរ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការបរទេស​អា​មេ​រិ​ក បញ្ជាក់ថា លោក ឃែ​រី ពិតជា​ហៅ​ទូរ​សព្ទ​ទៅ​លោក វ៉ាង យី មែន​។ លោកស្រី Gabrielle Price អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក និយាយថា លោក ឃែ​រី និង​លោក វ៉ាង យី ជជែក​គ្នា​លើ​ផលប្រយោជន៍​រួមគ្នា ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​ពី​ព័ត៌មាន​លម្អិត​នោះទេ​។ 

​សូមបញ្ជាក់ថា ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ នឹង​ប្រកាស​សាលក្រម​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន នៅ​ថ្ងៃទី​១២ ខែកក្កដា ខាងមុខ​។ បើទោះបីជា គេ​មិនទាន់​ដឹងថា​ភាគី​ណា​ឈ្នះ​ក៏ដោយ ប៉ុន្តែ​មតិ​ភាគច្រើន​សន្និដ្ឋានថា ហ្វីលីពីន មានប្រៀប​ជាង ក្នុង​នីតិវិធី​ច្បាប់​ជា​លក្ខណៈ​ឯកតោភាគី​មួយ​នេះ​៕