ចាប់​ឃាត់ខ្លួន​ជនពាល​២​នាក់ ក្នុង​ចំណោម​៦​នាក់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំបក់ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​ក្មេង​ទំនើង​០៦​នាក់ ដែល​ពាក់​ព​ន្ធ័ ទៅ​នឹង​ករណី​ព្រួត​គ្នា​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សុខ វ​ណ្ណេ​ត បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ខាង​មុខ​វិទ្យាល័យ ហ៊ុន សែន ស្វាយ​ជ្រំ ស្ថិត​នៅ​ភូមិ​ស្វាយ​ក្ងោ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ​។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទី​១ ឈ្មោះ វ៉ុ​ន សា​រ៉ា​ក អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ច្រេស ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ​។ ទី​២​ឈ្មោះ យ៉ុ​ន រិ​ទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ចំបក់​ស្រុក​ស្វាយ​ជ្រំ​។ ចំណែកឯ​បក្ខពួក​០៤​នាក់​ផ្សេង​ទៀត បាន​ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង​ឌុ​ប​គ្នា​ប្រកបដោយ​កាំបិត​សា​ម៉ូ​រ៉ៃ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ដេញ​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សុខ វ​ណ្ណេ​ត អាយុ​១៩​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ហូ​ឈាមក្រហម​ច្រាល​លើ​ដី​។ ជន​រង​គ្រោះ​ត្រូវ​ជន​ទំនើង​កាប់​ចំនួន​០២​កាំបិត​ចំ​ដៃ​ដាច់​ម្រាមដៃ​ស្តាំ និង​១​កាំបិត​ចំ​បាតដៃ​ស្តាំ​(​លើកដៃ​រង​កាំបិត​)​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ក្រុម​ជនពាល​ព្រួត​កាប់​ប្រហារ​ជន​រង​គ្រោះ​ៗ​បាន​យកដៃ​រង និង​ខំព្យាយាម​រត់គេច​ចូល​ទៅ​ក្នុង វិទ្យាល័យ ហ៊ុន សែន ស្វាយ​ជ្រំ ស្រែកហៅ​ឲ្យ​គេ​ជួយ​ធ្វើ​ឲ្យ​សិស្ស​ផ្អើល​ឆោឡោ​ចេញ​មក​ជួយ​ទើប​ក្រុម​ជនពាល​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាម​ៗ​បាត់​ស្រមោល​។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បាន​ចុះ​អន្តរាគមន៍ និង​ចាប់​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​ម្នាក់​ឈ្មោះ វ៉ុ​ន សា​រ៉ា​ក ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ដាវ សា​មូ​រ៉ៃ​១​ដើម ម៉ូតូ​១​គ្រឿង ម៉ាក​Suzuki​ពណ៌​ស រួច​បន្ត​តាម​ចាប់ខ្លួន​ជនសង្ស័យ​ទៀត​ដល់​ផ្ទះ​។ ចំពោះ​បក្ខពួក​០៤​នាក់​ទៀត ដែល​បាន​ព្រួត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សុខ វ​ណ្ណេ​ត​នោះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន ។ រីឯ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។

បើ​តាម​សមត្ថកិច្ច​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ គឺ​ក្រុម​ជនល្មើស​ញៀន​ថ្នាំ ក្រពុលមុខ​យក​ដាវ​សា​មូ​រ៉ៃ ជិះ​ម៉ូតូ ដេញ​កាប់​ប្រហារ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ថ្នល់​ទាំង​កណ្តាល​ថ្ងៃ​តែ​ម្តងនេះ​សំណាង​ហើយ​ដែល​ជន​រង​គ្រោះ​យកដៃ​រង​បណ្តាល​ឲ្យ​របួស​ដៃ និង​ខំ​រត់​ចូល​ក្នុង​សាលា​ស្រែក​ឲ្យ​គេ​ជួយ ទើប​ផ្អើល​ដល់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ចេញ​មក​ជួយ​កុំ​អី​មិនដឹង​ថា​ជន​រង​គ្រោះ​ទៅ​ជា​យ៉ាងណា​នោះ​ទេ​។ ជន​ស​ង្ស​យ័​០២​នាក់​ដែល​ចាប់ខ្លួន​បាន​គឺ​ធ្វើការ​ពិនិត្យ​ទឹក​ម៉ូត​(​ទឹកនោម​)​គឺ​មាន​សារធាតុ​គ្រឿងញៀន​។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ស​ង្ស​យ័​ទាំង​០២​នាក់​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕