លោក​ម្ចាស់​អ្ហើ​យក្រោក​ឡើង ជួយ​មើល​ផ្លូវថ្នល់​ផង !

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ពោធិ​បន្ទាយ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប បាន​ធ្វើការ​រិះគន់​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ដែល​ពាក់​ព​ន្ធ័​ថា​បាន​បណ្ដែតបណ្ដោយ​ឲ្យ​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង​បាន​បើក​ឆ្លងកាត់​លើ​ផ្លូវជាតិ​លេខ​១​ហើយ​ធ្លាក់​អាចម៍ដី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។ កា​រិះគន់​របស់​ប្រជាពលរដ្ឋ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ច​រា​រណ៍​បណ្តាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​រង​របួស​ជា​ច្រើន​នាក់​មក​។

យោង​តាម​សម្ដី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង​នេះ​បាន​ដឹក​ដី​ចេញពី​ប្រឡាយ​មួយ​កន្លែង​ដែល​មាន​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ផ្លូវលំ​ឡើង​មក​លើ​ផ្លូវជាតិ​លេខ​១​។ ប្រភព​បន្ត​ថា ក្រោយ​ពី​រថយន្ត​ដឹក​ដី​នេះ​បាន​បើក​ឆ្លងកាត់​បណ្ដាល​ឲ្យ​ធ្លាក់​អាចម៍ដី​ក្លាយជា​ភក់​នៅ​លើ​ផ្លូវ​កៅស៊ូ បង្ក​ឲ្យ​ប៉ះពាល់​ផ្លូវ​សាធារណៈ មិនតែប៉ុណ្ណោះ ពេល​ភ្លៀង​ម្ដង​ៗ​គឺ​រអិល​ដោយសារ​តែ​ដីឥដ្ឋ​ដែល​ជ្រុះ​នោះ​ផង​ដែរ​។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ​កណ្តៀង​រាយ លោក​អភិបាលស្រុក​ខេត្ត​មេត្តា​ចាត់វិធានការ​ណ៍​ដល់​ក្រុម​រថយន្ត​ដឹក​ដី​ដែល​បង្ក​ឲ្យ​មាន​ភាព​គ្មាន​សណ្ដាប់ធ្នាប់​ប៉ះពាល់​ដល់​បរិស្ថាន និង​ផ្លូវ​សាធារណៈ ព្រោះ​កន្លង​មក​ក៏​ធ្លាប់​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ក្រុម​រថយន្ត​ដឹក​ដី​ទាំងនោះ​ដែរ​។ ពួក​ឈ្មួញ​ដឹក​ដី​ទាំង​អស់នោះ​បាន​ទទួលផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​សោះឡើយ​៕