ហ៊ុន សែន ហៅ​ប្រតិកម្ម​កូនៗ​ខ្លួន​តប «Global Witness» ថា​ជា​«សមត្ថភាព»

នៅចំពោះ ការចេញផ្សាយរបាយការណ៍ «ការគ្រប់គ្រងដ៏អរិភាព» របស់អង្គការឃ្លាំមើលពិភពលោក ហៅ​ជា​ភាសា​អង់គ្លេស «Global Witness» ទាក់ទងនឹង «ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន» នោះ លោក ហ៊ុន សែន មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​​ច្រើន​ទេ។ លោក​នាយក​រដ្ឋមន្ត្រី គ្រាន់តែ​យក​ប្រតិកម្ម របស់​កូនៗ​លោក​មក​ផ្សាយ​បន្ត ដោយលោកបានហៅ ការលើក​ឡើង​របស់​ពួកគេ​ទាំង​នោះ ថា​ជា​«ការ​បញ្ចេញ​សមត្ថភាព»។
ហ៊ុន សែន ហៅ​ប្រតិកម្ម​កូនៗ​ខ្លួន​តប «Global Witness» ថា​ជា​«សមត្ថភាព»

លោក ហ៊ុន សែន (រូបថតអង្គុយនឹងកៅអី) ជាមួយកូនប្រុសស្រីរបស់លោក។ (រូបថតហ្វេសប៊ុក)

ការធ្វើប្រតិកម្ម តបទៅនឹងរបាយការណ៍មួយ គឺជា«សមត្ថភាព»។ នេះ ជាការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង នៅកម្ពុជា ដែលបានសរសេរអម ទៅនឹងប្រតិកម្មរបស់កូនៗលោក តបទៅ​នឹង​របាយការណ៍ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព» របស់អង្គការឃ្លាំមើលពិភពលោក ហៅជា​ភាសា​អង់គ្លេស «Global Witness»។

របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស ដែលមាន​ទីស្នាក់ការកណ្ដាល​នៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បាន​ទម្លាយ​ឲ្យ​ដឹង​នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំង​នោះ ថា​​មាន​​កម្រិត​​ច្រើន​ជាង ៥០០លានដុល្លារ។

» អានរបាយការណ៍នេះ នៅក្នុងអត្ថបទចេញផ្សាយមុន៖ «ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

នៅចំពោះរបាយការណ៍នេះ លោក ហ៊ុន សែន មិនបានធ្វើប្រតិកម្មអ្វីជាផ្លូវការនៅឡើយ។ លោកនាយក​រដ្ឋ​មន្ត្រី គ្រាន់តែបានយក​ប្រតិកម្មរបស់កូនៗ​របស់លោក មានដូចជា​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​អ្នកស្រី ហ៊ុន ម៉ាណា យកមកចុះផ្សាយបន្តប៉ុណ្ណោះ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយក​ប្រតិកម្ម​របស់​កូនៗ​ទាំងបីរូប របស់លោក ហ៊ុន សែន មកចុះផ្សាយជូនដូចតទៅ៖

លោក ហ៊ុន ម៉ាណែត
«ខ្ញុំនៅចាំបានថា ប៉ុន្មានអណ្ណត្តិហើយ អោយតែពេលជិតបោះឆ្នោត គឺជាពេលវេលា ដែលអង្គការមួយឈ្មោះ "Global Witness" បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់ និងវាយប្រហារ មកលើ​រាជ​រដ្ឋាភិបាល ជាពិសេសលើឪពុកខ្ញុំតែម្តង។ ហើយលើកនេះ ក៏មិនមានអ្វីថ្មីដែរ... គ្រាន់តែខុសត្រង់ថា តាម​រយៈ​ការ​ផ្សាយ​អត្ថបទ​​តែមួយជួនគ្នា (បង្ហាញពីការសហការគ្នាដ៏ល្អ ក្នុងរឿងនេះ) រវាង "Phnom Penh Post" និង "Cambodia Daily" លើកនេះ គឺមិនត្រឹមវ៉ៃតែឪពុករបស់ខ្ញុំនោះទេ គឺគេបានបង្កើតរឿង វ៉ៃទាំងគ្រួសារ​តែ​ម្តង ពោល​គឺ​មិន​ឲ្យ​រួច​ខ្លួន​ម្នាក់ណាឡើយ។ ចាំមើល៍ ចេញរឿងអ្វីទៀត?»

លោក ហ៊ុន ម៉ានិត
«នេះជាការវាយប្រហារ លើគ្រួសារត្រកូល ហ៊ុន ដែលជាការរៀបចំ និងកិច្ចសហការដ៏ល្អរវាង "Global Witness", "Cambodia Daily" និង "Phnom Penh Post" ដោយស្តែងចេញ ពីគោលបំណង​យ៉ាង​ច្បាស់។ ដូច​សព្វ​ដង (សារ)ព័ត៌មាន(ទាំង)នេះ​ ពោរពេញទៅដោយកំហុស និងព័ត៌មានមិនពិត ក្នុង​គោល​បំណង​តែ​​មួយ​គត់ គឺបង្អាប់ និងបង្ខូចកិត្តិយស​គ្រួសារត្រកូល ហ៊ុន...»

អ្នកស្រី ហ៊ុន ម៉ាណា
«នាងខ្ញុំ សូមអរគុណចំពោះ "Global Witness" ដែលបានចំណាយពេលយ៉ាងច្រើន ដើម្បីស្រាវជ្រាវ​​​ពីក្រុម​គ្រួសារ​ត្រកូល ហ៊ុន។ នាងខ្ញុំបានដឹងយ៉ាងច្បាស់ថា ពួកអ្នកចង់បានអ្វី ពីគ្រួសារយើងខ្ញុំ គឺឱយតែជិតដល់​ពេល​បោះ​ឆ្នោតម្តងៗ ពួកអ្នកតែងតែ​ធ្វើរឿងបែបនេះ ក្នុងគោលដៅបំផ្លាញ​ឪពុករបស់នាងខ្ញុំ។ តែនាងខ្ញុំ និង​គ្រួសារគួរតែអរគុណ ដល់អស់លោក លោកស្រី ដែលបានជួយដល់ឳពុក​របស់នាងខ្ញុំ ឱ្យឈ្នះឆ្នោតគ្រប់​អាណត្តិ ព្រោះតែការភូតភរ ការប្រមាថរបស់លោកអ្នក ធ្វើឱយអ្នកបោះឆ្នោត កាន់តែមានការទុកចិត្ត និង​បោះ​ឆ្នោត​ជូនឪពុកខ្ញុំថែមទៀត។ នាងខ្ញុំក៏សូមកោតសសើរផងដែរ ដល់ភ្នំពេញប៉ុស្តិ៍ និង "Cambodia Daily" ដែល​បានចេញផ្សាយព័ត៏មាននេះ ក្នុងពេល និងថ្ងៃតែមួយ ដែលបង្ហាញឱ្យឃើញថា មានកិច្ចសហការដ៏ល្អ រវាង​សារពត៏មាន​ទាំងពីរ ជាមួយ "Global Witness" ដើម្បីបំផ្លាញ​ដល់កិត្តិយសគ្រួសារត្រកូល ហ៊ុន។ សូមអស់​លោក លោកស្រី បន្តរកិច្ចការបែបនេះ​តទៅទៀតចុះ ប្រសិនគ្មានការងារធ្វើ។»

សម្រាប់លោក ហ៊ុន សែន ដែលជាឪពុកវិញ បានសរសេរអមនឹងប្រតិកម្មទាំងនេះ (បន្ទាប់ពីកែសម្រួល កំហុស​អក្ខរាវិរុទ្ធរួច) ដូច្នេះថា៖ «ថ្ងៃនេះ កូនប្រុសកូនស្រីរបស់ខ្ញុំ បានបញ្ចេញសមត្ថភាពរបស់ពួកគេ លើ​បណ្ដាញ​សង្គម "Facebook" ដែលខ្ញុំសូមយកខ្លឹមសារនេះ (មក) ផ្សាយបន្ត តាម "Page" របស់ខ្ញុំ។»៕

ហ៊ុន សែន ហៅ​ប្រតិកម្ម​កូនៗ​ខ្លួន​តប «Global Witness» ថា​ជា​«សមត្ថភាព»