ថត​ផ្សាយ​ផ្ទាល់​ពី​មិត្រ​ប្រុស​ដែល​នគរបាល​បាញ់ រហូត​ស្លាប់

ស្ត្រីវ័យក្មេងមួយរូប បានថតវីដេអូ និងបានធ្វើការផ្សាយផ្ទាល់ នៅលើបណ្ដាញសង្គម នូវទិដ្ឋភាព​នៃ​ដង្ហើម​ចុង​ក្រោយ របស់​មិត្ត​ប្រុស​របស់​នាង ដែលទើបនឹងត្រូវបាននគបាលបាញ់ប្រហារ។ ហេតុការណ៍នេះ បាន​កើត​ឡើង​នៅ​ក្រោយ​ពេល ដែល​​ការ​ស៊ើប​អង្កេត​មួយ នៅក្នុងសំណុំរឿង​បាញ់​​ប្រហារ​មួយ​​ផ្សេងទៀត ក្នុងរដ្ឋ​ល្វីសាន (Louisiane) ត្រូវ​បាន​នគរបាល​សហព័ន្ធ​ប្រកាស បើក​ការ​ស៊ើប​អង្កេត កាល​ពី​ពេល​ម្សិលម៉ិញ​នេះ។
ថត​ផ្សាយ​ផ្ទាល់​ពី​មិត្រ​ប្រុស​ដែល​នគរបាល​បាញ់ រហូត​ស្លាប់

ពីឆ្វេងទៅស្ដាំ៖ បុរស «Philando Castile» ដែលកំពុងជិតស្លាប់ និងមិត្តស្រីរបស់ខ្លួន ដែលកំពុងថតផ្សាយផ្ទាល់ តាមបណ្ដាញសង្គម។

បុរសដែលមានអាយុ ៣២ឆ្នាំ ត្រូវបានស្គាល់ឈ្មោះ ហ្វីឡាណូ កាស្ទីយ៍ (Philando Castile)។នគរបាល​បាន​និយាយ​ថា បុរសស្បែកខ្មៅរូបនេះ ដែលប្រកបការងារ នៅក្នុងអាហារដ្ឋាននៃសាលារៀនមួយ បានស្លាប់​នៅ​វេលា​យប់ ​ថ្ងៃពុធម្សិលម៉ិញនេះ បន្ទាប់ពីបុរសត្រូវបាននគរបាលហៅ ដើម្បីធ្វើការត្រួតពិនិត្យចរាចរណ៍ លើ​ដង​ផ្លូវ​មួយ​កន្លែងនៃក្រុង «Falcon Heights» រដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក។

ប៉ុន្តែនៅបន្ទាប់ពីរងការបាញ់ប្រហារហើយ បុរសរងគ្រោះត្រូវបានមិត្តស្រីរបស់ខ្លួន ថតដោយប្រើ​ទូរស័ព្ទ​របស់​ខ្លួន និងបង្ហោះផ្សាយផ្ទាល់ នៅតាមបណ្ដាញសង្គម ហ្វេសប៊ុក។ នៅក្នុងវីដេអូ ដែលមានអ្នកចូលទស្សនា ច្រើន​ជាង២,៧លានដងនោះ ស្ត្រីវ័យក្មេងម្ចាស់វីដេអូ បានស្រែកឡើងថា៖ «ឱព្រះម្ចាស់ថ្លៃអើយ! សូម​កុំ​និយាយ​ថា មិត្តប្រុសរបស់ខ្ញុំកំពុងដាច់ខ្យល់ ដោយសារតែរឿងប៉ុណ្នឹងឲ្យសោះ។»

ស្ត្រីវ័យក្មេង បានលើកឡើង ដូចជានិយាយទៅកាន់នគរបាលថា៖ «លោកឯងបានបាញ់គាត់ ៤គ្រាប់»។

បុរស ហ្វីឡាណូ កាស្ទីយ៍ ដែលអង្គុយនៅលើកៅអីអ្នកបើកបរ ហាក់ដូចជាកំពុង​តែចុះ​ខ្សោយទៅៗ និង​មាន​ស្នាមឈាម ដាបជាប់នឹងអាវយឺត ពាក់ពីលើខ្លួន។ នៅក្នុងវីដេអូដដែល ស្ត្រីវ័យក្មេង ដែលដាក់ឈ្មោះខ្លួន «Lavish Reynolds» នៅលើបណ្ដាញសង្គម បានពន្យល់ថា មិត្តប្រុសរបស់ខ្លួនបានរកក្រដាសស្នាម ស្រាប់​តែ​នគរបាល បានបើកការបាញ់ប្រហារពីលើតែម្ដង ចំត្រង់ដៃ និងធ្លាយមកចំខ្លួន។

ម្ចាស់វីដេអូ បានបញ្ជាក់ទៀតថា មិត្តប្រុសនាងបានប្រាប់នគរបាលហើយ ថាខ្លួនមានអាវុធជាប់នឹងខ្លួន និងថា​ខ្លួនមានការអនុញ្ញាត ឲ្យប្រើកាំភ្លើងនេះ។ ប៉ុន្តែនៅពេលបុរសបានលូកដៃ រាវរកក្រដាសស្នាម នគរបាល​បាន​ចូល​មក​ភ្ជង់កាំភ្លើង តាមបង្អួចរថយន្ដ។ នគរបាលដែលនៅក្បែរនោះ បានស្រែកឡើងថា៖ «ខ្ញុំបានប្រាប់​គាត់​ហើយ ថាកុំឲ្យយកៗ! ខ្ញុំបានប្រាប់គាត់ហើយ ថាឲ្យលើកដៃឡើង!»។

ហេតុការណ៍នេះ ជាហេតុការណ៍លើកទីពីរ គ្រាន់តែនៅក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ។ កាលពីយប់ថ្ងៃចន្ទ ចូល​មក​ថ្ងៃអង្គារ ករណីប្រហាក់ប្រហែលគ្នា បានកើតឡើងដែរ នៅក្នុងរដ្ឋល្វីសាន (Louisiane) ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។ នៅទីនោះ បុរសស្បែកខ្មៅម្នាក់ ត្រូវបាននគរបាលបាញ់សម្លាប់ ហើយ​ការ​ស៊ើប​អង្កេត​មួយ ត្រូវ​បាននគរបាលសហព័ន្ធ ប្រកាសបើកធ្វើ។