ឈ្មួញ​ជើង​ខ្លាំង​២​នាក់​ឈ្មោះ ស្រី​ពេជ្រ និង​ឈ្មោះ ហួត រត្ន ជា​មេ​បញ្ជា​យោធា​ការ​សឹក​រង​ស្រុក​កែវ​សីមា បាន រត់ពន្ធ​ឈើ​ទៅ​វៀតណាម​តាម​ច្រករបៀង ង៉ាំ​ដី (០១) គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប​

​ខេត្តមណ្ឌលគិរី​៖ មាន​សេចក្តីរាយការណ៍​ថា ឈើ​ប្រណីត​នៅតែ​ត្រូវបាន​គេ​លួច​ជួញដូរ​ឆ្លងដែន​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង ង៉ាំ​ដី (០១) នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ទាំងយប់​ទាំង​ថ្ងៃ​។ ជាទូទៅ​គេ​សង្កេតឃើញ មន្ត្រី​ជំនាញ និង​នគរ​បាក​ប៉ុស្តិ៍​ដែលមាន​ភារកិច្ច​ទប់ស្កាត់​បទល្មើស​ឆ្លង់ដែន​តាម​ច្រករបៀង​នេះ​គ្មាន​ការបង្ក្រាប​នោះទេ ហើយ​ត្រូវបាន​គេ​សង្ស័យថា​មន្ត្រីប៉ូលិស និង​យោធា​ឈរជើង​នៅ​ចំណុច​ខាងលើនេះ​មានការ​ឃុបឃិត​គ្នា សម្រួល​ដល់​ការរត់ពន្ធ ឈើ​ទៅ​ក្រៅប្រទេស​វៀតណាម​ជា​ថ្នូរ​នឹង​ការបង់ប្រាក់​ពី​ឈ្មួញ​។

​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា បច្ចុប្បន្ន​នៅតាម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​កែវ​សីមា ឈើ​ប្រណីត​ត្រូវបាន​ក្រុម​ឈ្មួញ​កំពុង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ខណៈ​វិធានការ​ទ​ប​ស្កាត់ និង​បង្ក្រាប​ការជួញដូរ​ឈើ​នាំ​ឆ្លងដែន​របស់​អាជ្ញាធរខេត្ត​មណ្ឌលគិរី ហាក់​មាន​វិធានការ​តែមួយ​ប្រាវ ហើយ​មកដល់ពេលនេះ​ជំនួញ​ឈើ​ឆ្លង​ដែល​ខុសច្បាប់​បានចាប់ផ្តើម​មាន​សកម្ម​ភាព​ឡើងវិញ​តែ​គេ​ពុំទាន់​ឃើញ​មន្ត្រី​ជំនាញ និង​អាជ្ញាធរខេត្ត រឿងនេះ​នោះទេ​។​

​ប្រភព​បាន​អះអាងថា ជា​រៀងរាល់​យប់​ថ្ងៃ​គេ​សង្កេតឃើញថា ក្រុម​ឈ្មួញ​រកស៊ី​ឈើ​បាន​ប្រើប្រាស់​រថយន្ត​កែឆ្នៃ និង​រថយន្ត​ឡង់​គ្រី​ស័​រ ជាច្រើន​គ្រឿង ក្នុង​មួយថ្ងៃ​ពី​៥​ទៅ​១០​គ្រឿង ដឹកឈើ​ប្រណីត​បន្តកន្ទុយ​គ្នា​ឆ្ពោះទៅ​វៀតណាម​តាម​ច្រករបៀង ង៉ាំ​ដី ហៅ​ច្រក​០១ ខណៈ​សមត្ថកិច្ច​យោធា និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​នៅ​ទីនោះ​មិនមាន​ចំណាត់ការ​បង្ក្រាប​ឡើយ​។ ប្រភព​បាន​បន្ថែមថា ក្រុម​ឈ្មួញ​ទាំងនោះ ភាគច្រើន​ជា​សាច់ញាតិ​របស់​មន្ត្រី​យោធា និង​មាន​ខ្នងបង្អែក​ធំៗ​ក្នុង​ខេត្ត ដែល​ធ្វើ​ឲ្យ ការនាំ​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​មាន​សភាព​រលូន ។

​ប្រភព​បន្តថា ឈ្មួញ​ដែល​ហ៊ាន​បំពាន​នឹង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ហាម​រត់ពន្ធ​ឈើ​ឆ្លង​ដែ​ម ត្រូវបាន​គេ​ស្គាល់​ថា ជា​កូនស្រី​របស់លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​សឹក​រង​ខេត្តមណ្ឌលគិរី ដែលមាន​ឈ្មោះ ស្រី​ពេជ្រ និង​ឈ្មួញ​ម្នាក់ទៀត ជា​មេ​បញ្ជា​យោធា​ការ​សឹក​រង​ស្រុក​កែវ​សីមា ឈ្មោះ ហួត រត្ន ដែលមាន​លំនៅដ្ឋាន​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ពួកគេ​ជា​ឈ្មួញ​ឈើ​ដែល​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ទេ អាច​ហ៊ាន​ត្រឹម​កោសរូស​ជា​ប្រាក់​។

ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក ទូច យ៉ុ​ន ស្នងការ​ខេត្តមណ្ឌលគិរី បាន​និយាយថា លោក​មិនទាន់បាន​ព័ត៌មាន​នេះ​នៅឡើយ​ទេ លោក​ថា ចាំ​សួរ​មន្ត្រីប៉ូលិស​ដែល​គ្រប់​គ្រប់​ប៉ុ​ស្គិ៍​ព្រំដែន និង​ច្រករបៀង​នោះ​សិន​។ ដោយឡែក​លោក ហួត រត្ន មេបញ្ជាការ​សឹក​រង​ស្រុក​កែវ​សីមា​មិនអាច​ទំនាក់​ទំ​នង់​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ ជុំវិញ​ការចោទប្រកាន់​ករណីរ​ត់​ពន្ធ​ឈើ​ចេញទៅ​ក្រៅប្រទេស​ខាងលើ​។ ជាមួយគ្នានេះដែរ​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​១០៣ ខាង​យោធា លោក យិន ចាន់ទី បាន​និយាយថា លោក​ក៏​មិនទាន់​បានទទួល​ព័ត៌មាន​នេះដែរ លោក​នឹង​សាកសួរ​ទៅ​មន្ត្រីក្រោមឱវាទ​សិន ។ ចំណែក​លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​សឹង​រង​ខេត្តមណ្ឌលគិរី មិនអាច​ទាក់​ទង់​សុំ​ការអត្ថាធិបាយ្យ​បានទេ​នៅថ្ងៃនេះ ៕ ឦសាន​២

KA-07-07-2016-01 KA-07-07-2016-02 KA-07-07-2016-03 KA-07-07-2016-04