ប្លន់​ម៉ូតូ​នៅ​ទឹកដី​ទួល​សង្កែ​បាន​សម្រេច ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ឡើយ

ប្លន់​ម៉ូតូ​នៅ​ទឹកដី​ទួល​សង្កែ​បាន​សម្រេច ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ឡើយ



ភ្នំពេញ ​៖​ ស្ត្រី​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរ​មាន​៣​នាក់ ​​មក​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ទៅ​បាត់​ ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៦ ​​ស្ថិតនៅ​ត្រង់​ចំណុច​ប្រឡាយ​បាក់​ទូក ម្ដុំ​ក្រោយ​វត្ត​ទួល​សង្កែ ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ។

ជនរងគ្រោះ​មាន​ឈ្មោះ​យិន សុខ​ណា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​​នៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជីរោន៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ចំណែក​ម៉ូតូ​ ដែល​ក្រុម​ចោរ​ប្លន់​នោះ​ ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1B-9485។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​ស្ត្រី​រងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ទួល​សង្កែ ខណៈ​ពេល​នោះ ​ស្រាប់​តែ​មាន​ជនសង្ស័យ ៣​នាក់ បាន​ជិះ​ម៉ូតូ ២​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៦ មិន​ចាំ​ស្លាក​លេខ ​​​​មក​ជិត​ហើយ​កៀរ​ឲ្យ​ឈប់ ហើយ​បាន​ធ្វើ​សកម្មភាព​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព។

គួរ​រំលឹក​ផងដែរ​ថា ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ កើតឡើង​ជាច្រើនលើក​មក​ហើយ ដោយ​មិនឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ណា​ម្នាក់​ចាត់វិធានការ​នោះឡើយ។

ក្រោយពី​កើតហេតុ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ ដើម្បី​ឲ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា៕
ប្លន់​ម៉ូតូ​នៅ​ទឹកដី​ទួល​សង្កែ​បាន​សម្រេច ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ឡើយ