ត្រូវ​ពិនិត្យ​ដី​ទំនេរ​ដើម្បី​ធ្វើ​សួន កុំ​ចេះ​ធ្វើ​តែ​ហ្កា​រ៉ា​ស​សាំង

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​គ្រប់​អភិបាល​ខណ្ឌ ឲ្យ​ពិនិត្យ​មើល និង​រក​ទីតាំង​សាធារណៈ​ណា​ដែល​អាច​ធ្វើ​សួនច្បារ និង​មិន​ត្រូវ​ចេះ​តែ​មានគំនិត​នឹកឃើញ​តែ​រឿង​ធ្វើ​ហ្គា​រ៉ា​ស​សាំង​នោះ​ទេ ។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​០៧ កក្កដា ២០១៦ ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ ជាមួយ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួន ដើម្បី​ត្រួតពិនិត្យ​ការងារ​កែ​លម្អ​សួនច្បារ​មុខ​វត្ត​បទុម សួនច្បារ​ចេ​ន​ឡា សួនច្បារ​កុមារ​ពោធិ​ចិន​តុង សួនច្បារ​វត្ត​ភ្នំ និង​សួនច្បារ​ក្រម​ង៉ុ​យ ដែល​សាលា​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ជួសជុល ហើយ​មាន​គម្រោង​ជួសជុល​កែ​លម្អ​ជា​បន្តបន្ទាប់​ទៀត​។

ឯកឧត្តម ប៉ា សុ​ជាតិ​វង្ស មាន​ប្រសា​ស​ន៏​ទៀត​ថា  នៅ​ប្រទេស​គេ ថ្នាក់ដឹកនាំ​របស់​គេ​មាន​រហូត​ដល់​វាយ​សំណង់​ចោល ហើយ​ជួល​ដី​ទាំងនោះ​ដើម្បី​ធ្វើ​សួនច្បារ​សាធារណៈ​ថែម​ទៀត ដោយហេតុ​ថា សួនច្បារ​សាធារណៈ​នេះ​វា​មិន​ត្រឹមតែ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ផ្តល់​ជា​កន្លែង​ហាត់ប្រាណ កន្លែង​ក្មេង​រត់​លេង និង​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ទីក្រុង​កាន់តែ​ប្រសើរ​ឡើង  ជាង​នេះ​ទៀត​ការ​បង្កើត​សួនច្បារ​សាធារណៈ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​ជា​ខ្លាំង​។ លោក​បន្ត​ថា សួនច្បារ​មុខ​វត្ត​បទុម ជា​គម្រោង​រួច​នៅ​មុន បុណ្យអុំទូក​នេះ ប៉ុន្តែ​សម្រាប់​បង្គន់​អនាម័យ​ត្រូវ​ជម្រុញ​ឲ្យ​រួចរាល់ មុន​បុណ្យ​ភ្ជុំបិណ្ឌ ចំពោះ​ការងារ​ជួសជុល​កែ​លម្អ​សួនច្បារ​ទាំងអស់​នេះ ដើម្បី​បំពេញ​តាម​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​។

​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សួនច្បារ​មុខ​វត្ត​បទុម មក​ដល់​ពេល​នេះ ស្ថាបនា​បាន​៦០% ក្នុង​នោះ​បាន​រៀបចំ​កម្រាល​ថ្ម​ក្រា​នី​ត​៧០% ចាក់​ក្រាល​ផ្លូវ​បេតុង​បាន​៧០% សាងសង់​របង​៦០% ជួសជុល​ស្ព​ត​៦០% និង​សាងសង់​បន្ទប់​អនាម័យ​បាន​២០% តែ​សម្រាប់​សួនច្បារ​ចេ​ន​ឡា​នឹង​ចាប់ផ្តើម​កែ​លម្អ​ជា​បន្តបន្ទាប់​នេះ​។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុងធ្វើការ​កែ​លម្អ​សួនច្បារ​ចំនួន​៦៨​កន្លែង ស្មើនឹង​៦៩​ហិ​កតា ដោយ​ចាប់ផ្តើម​ពី​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​មុនគេ ហើយ​សួនច្បារ និង​រមណីយដ្ឋាន​មួយ​ចំនួន​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ដោយ​ប្តូរ​ទៅ​ជា​ក្រាល​ថ្ម​ក្រា​នី​ត​មាន​ដូច​ជា សួន​វិមាន​ឯករាជ្យ រមណីយដ្ឋាន​វត្ត​ភ្នំ និង​សួន​មុខ​វត្ត​បុ​ទុម​វ​ត្តី ជាដើម ចំណែក​សួនច្បារ​មួយ​ចំនួន​ទៀត ដែល​គ្រោង ធ្វើការ​កែ​លម្អ​មាន សួនច្បារ​ចេ​ន​ឡា  សួនច្បារ​កុមារ​ពោធិ​ចិន​តុង សួនច្បារ​កុមារ​វត្ត​ភ្នំ និង​សួនច្បារ​ក្រម​ង៉ុ​យ​ជាដើម ៕