បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ផ្អើល​ហ្វេ​ស​ប៊ុ​ក

រាជធានី​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​បាន​ចេញ​បម្រាម​ភ្លាម​ៗ​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍ ដោយ​ហាម​ចាក់​ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​» ដែល​ច្រៀង​ដោយ​លោក កែវ វាសនា និង​បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ដែល​ច្រៀង​ដោយ​កញ្ញា​ម៉ា​លី​ស បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាំងពី​ថ្ងៃ​៥ ខែកក្កដា មក​ដោយសារ​តែ​ចំណងជើង​បទ​ចម្រៀង​នេះ​ខ្វះ​សីលធម៌ និង​ជា​ពាក្យ​ខ្វះ​ការ​អប់រំ​ដែល​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ​ថែម​ទៀត ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង បទ​ចម្រៀង​ទាំង​ពីរ «​ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ​» របស់​លោក កែវ វាសនា និង​បទ «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ច្រៀង​ដោយ​កញ្ញា ម៉ា​លី​ស មានការ​ប៉ះពាល់​ខ្លាំង​ដល់​តម្លៃ​វប្បធម៌​ជាតិ និង​មាន​អត្ថន័យ​ប្រាសចាក​ពី​ក្រមសីលធម៌​ខ្មែរ​ធ្ងន់ធ្ងរ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​តម្លៃ​ស្ត្រី​ខ្មែរ ។ ដូច្នេះ ដើម្បី​ចៀសវាង​ការ​ទទួលលទ្ធផល​អវិជ្ជមាន​ក្នុង​សង្គម តាម​រយៈ​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ទាំង​ពីរ​នេះ​ក្រសួង​ព័ត៌មាន​ស្នើ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ទាំងអស់​បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ទាំង​ពីរ​បទ​នេះ​ចាប់ពី​ថ្ងៃ​ជូន​ជូនដំណឹង​នេះ​តទៅ ។

មុន​នឹង​មានការ​ចេញ​បម្រាម​របស់​ក្រសួង​ព័ត៌មាន​នេះ តារាចម្រៀង​លោក កែវ វាសនា បាន​បង្ហោះ​សារ​ដល់​អ្នកគាំទ្រ​របស់​លោក ក្នុង​នោះ​បាន​ចាត់​ទុក​ការ​រិះគន់​នោះ​ថា អាច​ជា​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ។ លោក​បាន​សរសេរ​ថា មួយ​រយៈ​នេះ​តាំងពី​ចេញ​បទ​ស្រី «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​»​មក បទ​ខ្ញុំ​មួយ​បទ​ក៏​បាន​ល្បី​តាម​យ៉ាង​ខ្លាំង អរគុណ​បងប្អូន​ទាំងអស់​ដែល​បាន​រិះគន់​ដើម្បី​ស្ថាបនា តែ​សូម​ចិត្ត​កុំ​រិះគន់​បំបាក់​ទឺ​ក​ចិត្ត​អ្នក​ផលិត ព្រោះ​បើ​យើង​គ្រាន់តែ​ចាំ​ស្តាប់​ហើយ​រិះគន់​នោះ​គឺ​ស្រួល​ណាស់ តែ​គ្នា​អ្នក​ផលិត​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ស្តាប់​គឺ​ពិបាក​ខ្លាំង​ណាស់ ។ គ្មាន​អ្នក​ណា​មិន​ធ្លាប់​ខុស​ទេ ខ្ញុំ​ម្នាក់ឯង​ក៏​មិន​អាច​តម្រូវ​ចិត្ត​បងប្អូន​ទាំងអស់​គ្នា​ដែរ តែ​ពួក​ខ្ញុំ​នឹង​ខិតខំ​ផលិត Original song (​បទ​ថ្មី​)​ឲ្យ​បាន​ច្រើន​ហើយ​ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​ចេះ​ឲ្យ​តម្លៃ​បទ​ថ្មី ។

ចំពោះ​បទ​របស់​តារាចម្រៀង កែវ វាសនា ដែល​រង​ការ​រិះគន់ មិនមែន​សម្រាប់​តែ​ចំណងជើង​នោះ​ទេ តែ​អ្វី​ដែល​ត្រូវ​បាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់​ផង​ដែរ​នោះ គឺ​លួច​បទ​កំពុង​ល្បី​មួយ​របស់​ថៃ​មក ហើយ​ត្រូវ​អ្នកគាំទ្រ​ចម្រៀង​ថៃ​ដៀល​ថា «​ថោកទាប​» ដែល​ការ​តិះដៀល​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​អ្នកសិល្បៈ​ខ្មែរ​ផង​ដែរ ។

ដោយឡែក តារាចម្រៀង ម៉ា​លី​ស ក៏​បាន​សរសេរ​សុំ​ទោស​ផង​ដែរ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែល​មានឈ្មោះ​ថា Malie Bee ថា​«​សូម​អភ័យ​ដល់ fan និង​ពុក​ម៉ែ​បងប្អូន​នៅ​ក្នុង​បណ្តាញ​សង្គម Facebook ទាំងអស់​គ្នា​ផង ហើយ​ក៏​អរគុណ​ដល់​ការ​រិះគន់​ចំពោះ​រូប​នាង​ខ្ញុំ​ដែរ​បាន​បកស្រាយ​បទ​ចម្រៀង កាលពី​ថ្ងៃ​ទី​៣​នៅ MyTv ដែល​ធ្វើ​ឲ្យ​មានការ​មិន​ពេញចិត្ត​នូវ​បទ​ចម្រៀង​មួយ​នេះ​។ តែ​នាង​ខ្ញុំ​ចង់​ប្រាប់​ថា នេះ​គ្រាន់តែ​ជា​អត្ថន័យ​នៃ​បទ​ចម្រៀង ហើយ​ខ្ញុំ​ទទួលស្គាល់​ថា​បទ​មួយ​នេះ​ជា​បទ​ចម្លង​តែ​នាង​ខ្ញុំ​គ្រាន់តែ Cover តែ​ប៉ុណ្ណោះ​» ។

រលក​នៃ​ការ​រិះគន់​នេះ កំពុង​បង្ហាញ​ពី​ការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​ហើយ​សម្រាប់​អ្នក​ស្ដាប់​បទ​ចម្រៀង ហើយ​ក៏​មិន​សប្បាយចិត្ត​សោះឡើយ​ដែល​អ្នកចម្រៀង ឬ​ក៏​អ្នក​តាំងខ្លួន​ជាតា​រា​ខ្មែរ​លួច​បទ​គេ​មក​តែង​ទំនុកច្រៀង​ដែល​ធ្វើ​ឱ្យ​មុខមាត់ និង​តម្លៃ​សិល្បៈ​ខ្មែរ​ត្រូវ​អាប់ឱន​ងើបមុខ​មិន​រួច ។ បច្ចុប្បន្ន​នេះ ការ​គាំទ្រ​ហាក់​កំពុង​ងាក​ទៅ​រក​បទ​ថ្មី Original Song ហើយ​ដែល​មាន​បទ​មួយ​ចំនួន​ដូច​ជា​បទ​«​បុណ្យ​ភូមិ​» ឬ​បទ «​រៀប​ការ​នឹង​បង​បាន​ទេ​» ជាដើម​ដែល​កំពុង​ទទួល​ការ​គាំទ្រ ៕