កាក​បាទ​ក្រហម​អូស្ដ្រាលី​ឈប់​ផ្ដល់​ថវិកា​ជំនួយ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា​

អង្គការកាកបាទក្រហមអូស្ដ្រាលីកំពុងរងការរិះគន់ចំពោះការគាំទ្រដល់សមភាគីរបស់ខ្លួនគឺកាកបាទក្រហមកម្ពុជា។ ប៉ុន្ដែអង្គការមនុស្សធម៌អូស្ដ្រាលីមួយនេះនិយាយថា កាលពីអាទិត្យមុនខ្លួនបានបញ្ឈប់ការផ្ដល់ថវិកាទៅឲ្យអង្គការកាកបាទក្រហមកម្ពុជាហើយ ដែលជាផ្នែកមួយនៃយុទ្ធសាស្ដ្រដែលមិនពាក់ព័ន្ធក្នុងរឿងនេះ។

លោក Liam Cochrane អ្នកយកព័ត៌មានរបស់ ABC ប្រចាំតំបន់អាស៊ីអាគ្នេយ៍រាយការណ៍ថា កន្លងទៅនេះអង្គការកាកបាទក្រហមអូស្ដ្រាលីបានចំណាយថវិកា២សែន៥ម៉ឺនដុល្លារក្នុងមួយឆ្នាំជួយដល់កាកបាទក្រហមកម្ពុជា។

ប៉ុន្ដែអង្គការកាកបាទក្រហមកម្ពុជាមានលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ភរិយារបស់លោកនាយករដ្ឋមន្ដ្រីជាប្រធាន ហើយមានការចោទថាអង្គការកាកបាទក្រហមកម្ពុជាត្រូវគេយកទៅប្រើសម្រាប់គោលបំណងការងារនយោបាយ។

លោក Patrick Wright ដែលជាសហស្ថាបនិកនៃអង្គការ Global Witness ដែលបានចងក្រងរបាយការណ៍អំពីខ្សែបណ្ដាញពាណិជ្ជកម្មរបស់ត្រកូលហ៊ុនបាននិយាយថា តម្លៃឃោសនាដែលគេបានភ្ជាប់ជាមួយនឹងឈ្មោះអង្គការអន្ដរជាតិកាកបាទក្រហមនេះ គឺជាក់ស្ដែងផ្ដល់ភាពជឿជាក់លើត្រកូលហ៊ុននូវអ្វីដែលពួកគេមិនសមនឹងទទួលបាននោះទេ។

អង្គការកាកបាទក្រហមអូស្ដ្រាលីនិយាយថា ខ្លួនបានបញ្ឈប់ការផ្ដល់ថវិកាទៅឲ្យកម្មវិធីរបស់អង្គការកាកបាទក្រហមកម្ពុជាហើយនៅក្នុងឆ្នាំសារពើពន្ធ២០១៦-២០១៧នេះ ហើយនេះជាផ្នែកមួយនៃយុទ្ធសាស្ដ្ររបស់អង្គការកាកបាទក្រហមអូស្ដ្រាលីដែលត្រូវងាកក្បាលតម្រង់ទៅផ្ដល់ជំនួយនៅតំបន់ប៉ាស៊ីហ្វិកវិញ។

នៅថ្ងៃនេះដែរកាសែតជាច្រើននៅកម្ពុជារួមទាំងភ្នំពេញប៉ុស្ដិ៍បានចេញផ្សាយរបាយការណ៍មួយអំពីមហាចក្រភពពាណិជ្ជកម្មរបស់គ្រួសារត្រកូលហ៊ុន ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនក្នុងស្រុកយ៉ាងតិច១១៤ ក្នុងវិស័យចម្រុះជាច្រើនដូចជាថាមពល, ទូរគមនាគមន៍, រ៉ែ និងពាណិជ្ជកម្ម។

របាយការណ៍របស់កាសែតក្នុងស្រុកទាំងនេះ គឺផ្អែកលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness។ ច្រើនឆ្នាំកន្លងទៅនេះអង្គការ Global Witness ត្រូវបានរដ្ឋាភិបាលកម្ពុជាបណ្ដេញចេញពីកម្ពុជាព្រោះបានចេញរបាយការណ៍ខ្លាំងៗធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាលក្នុងនោះមានដូចជារបាយការណ៍ កម្ពុជាសម្រាប់លក់ និងរបាយការណ៍អំពីការដឹកខ្សាច់កម្ពុជាទៅលក់នៅបរទេស។

យ៉ាងណាក៏ដោយ ទាក់ទងនឹងរបាយការណ៍ចុងក្រោយនេះលោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកតបនឹងរឿងនេះថា នេះជាការវាយប្រហារលើគ្រួសារត្រកូលហ៊ុនដែលជាការរៀបចំ និងកិច្ចសហការដ៏ល្អរវាង Global Witness, Cambodia Daily និង Phnom Penh Post ដោយស្តែងចេញពីគោលបំណងយ៉ាងច្បាស់។

លោក ហ៊ុន ម៉ានិត បន្ដថា ដូចសព្វដងព័ត៌មាននេះពោរពេញទៅដោយកំហុស និងព័ត៌មានមិនពិត ក្នុងគោលបំណងតែមួយគត់គឺបង្អាប់ និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន៕

ប្រភពៈ radioaustralia


កាក​បាទ​ក្រហម​អូស្ដ្រាលី​ឈប់​ផ្ដល់​ថវិកា​ជំនួយ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា​

ក្រសួង​បរិស្ថាន​គ្រោង​ចាត់​វិធានការ​រោងចក្រ​ដែល​សង់​សំណង់​បំពុល​ប្រភព​ទឹក

កាក​បាទ​ក្រហម​អូស្ដ្រាលី​ឈប់​ផ្ដល់​ថវិកា​ជំនួយ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា​

“ប្រជាធិបតេយ្យ​កម្ពុជា​នឹង​ដើរ​ថយ​ក្រោយ​បើ​លោក​ខាង​លិច​ផ្ដាច់​ជំនួយ”