ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​សន្លប់​ឈឹង​ ភាគី​បង្ក​ជិះ​គេច​ខ្លួន​បាត់​

ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​សន្លប់​ឈឹង​ ភាគី​បង្ក​ជិះ​គេច​ខ្លួន​បាត់​



ភ្នំពេញ ៖ បុរស​ម្នាក់​ បាន​រង​របួស​រហូត​សន្លប់​ស្ដូកស្ដឹង​នៅនឹងកន្លែង ដោយសារ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា ​ខណៈ​ជិះ​ម៉ូតូ​ស្រប​ទិសដៅ​គ្នា​ ត្រូវ​បាន​ម៉ូតូ​បង្ក​ជិះ​មកពី​ក្រោយមក​ទាក់​ដៃចង្កូត​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​ឈឹង​មួយ​រំពេច ហើយ​ម៉ូតូ​បង្ក​ដោយសារ​របួសស្រាល​លើក​ម៉ូតូ​ជិះ​គេច​ខ្លួនបាត់។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវ​បេតុង​ចូល​វត្ត​ព្រៃ​ស្ពឺ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ សេ​១១០ ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-8107 តាម​ផ្លូវ​បេតុង​ចូល​វត្ត​ព្រៃ​ស្ពឺ​ ក្នុង ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ជិះ​មក​ស្រប​ទិស​គ្នា រួច​បាន​វ៉ា​ម៉ូតូ​រងគ្រោះ​ទាក់​ដៃចង្កូត​គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង។ ចំណែក​បុរស​ដែល​ជិះ​ម៉ូតូ​​បង្ក ​ក៏បាន​ដួល​ដែរ ​តែ​រង​របួស​ស្រាល ​រួច​លើក​ម៉ូតូ​ឡើង​ជិះ​គេចខ្លួន​ទៅ​បាត់​មិន​ទទួលខុសត្រូវ​ឡើយ។

ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព ៧១១ នៃ​កងពលតូច​លេខ​៧០ មក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ ចំណែក​ម៉ូតូ សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ ដើម្បី​រង់ចាំ​ម្ចាស់​មក​ទទួល​យក​ទៅវិញ​នៅ​ពេល​ក្រោយ៕
ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​សន្លប់​ឈឹង​ ភាគី​បង្ក​ជិះ​គេច​ខ្លួន​បាត់​
ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ដួល​សន្លប់​ឈឹង​ ភាគី​បង្ក​ជិះ​គេច​ខ្លួន​បាត់​