អ៊ឺរ៉ូ២០១៦៖​ បារាំង​ម្ចាស់​ផ្ទះ​ដេញ​អាល្លឺម៉ង់​ជើង​ឯក​ពិភពលោក ដើម្បី​ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ

ទីបំផុតទៅ ក្រុមជម្រើសជាតិបារាំង ដែលជាម្ចាស់ផ្ទះ​នៃព្រឹត្តិការណ៍ «អ៊ឺរ៉ូ២០១៦» បានឡើង​មកដល់​ទី​ប្រកួត​ផ្ដាច់​ព្រ័ត្រ បន្ទាប់​ពី​ជម្រុះ​ក្រុមអាល្លឺម៉ង់ ដែលកំពុងកាន់ពាន​ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅក្នុងដៃ ឲ្យត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​យំ​មិន​ចេញ។ ក្រុមមាន់គកបារាំង នឹងត្រូវទៅជួបក្រុម ព័រទុយហ្គាល់ ដើម្បីដណ្ដើម​ពាន​ជើង​ឯក​អ៊ឺរ៉ុប នា​ឆ្នាំ​២០១៦​នេះ នៅ​ថ្ងៃ​អាទិត្យទី១០ ខែកក្កដាខាងមុខ។
អ៊ឺរ៉ូ២០១៦៖​ បារាំង​ម្ចាស់​ផ្ទះ​ដេញ​អាល្លឺម៉ង់​ជើង​ឯក​ពិភពលោក ដើម្បី​ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ

កីឡាករខ្សែប្រយុទ្ធបារាំង អង់ទ័ន គ្រីស្មាន់ រីករាយបន្ទាប់ពីរកគ្រាប់បាល់ ឲ្យក្រុមមាន់គកហើយ។ (រូបថត UEFA)

ទីបំផុតទៅ ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ «អ៊ឺរ៉ូ២០១៦» បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបាន​ជម្រុះ​ចេញ នូវក្រុមជម្រើសជាតិនានា ដែលខ្លួនបានជួបប្រកួតជាមួយ ជាបន្តបន្ទាប់។ នាយប់នេះជា​ថ្មី​ទៀត ជា​មួយ​គ្រាប់​បាល់​ទាំង​ពីរគ្រាប់ របស់កីឡាករខ្សែប្រយុទ្ធ អង់ទ័ន គ្រីស្មាន់ (Antoine Griezmann) ក្រុម​​មាន់​គក​​បារាំង បាន​ជម្រុះ​ក្រុមអាល្លឺម៉ង់ ដែលកំពុងកាន់ពានជើងឯកពិភពលោក ឆ្នាំ២០១៤ នៅនឹងដៃនៅឡើយ ឲ្យ​​ត្រឡប់​ទៅ​​ផ្ទះ​​វិញ ទាំង​សោកស្ដាយ និងនៅចំពោះអ្នកចូលទស្សនា ក្នុងកីឡាដ្ឋានក្រុង ម៉ារសីយ៍ (ភាគ​​ខាង​​ត្បូង) ប្រមាណ​​ជាង ៦ម៉ឺន៤ពាន់នាក់។

យ៉ាងណាក៏ដោយ នៅចំពោះក្រុមអាល្លឺម៉ង់ ដែលមានសាច់បាល់ដ៏ល្អ បច្ចេកទេសទាត់ ការគ្រប់គ្រង និង​ការ​វាយសន្ធាប់ដ៏ខ្លាំងក្លានោះ ក្រុមបារាំងដង្ហក់មិនស្ទើរឡើយ ជាពិសេសនៅ ក្នុងពាក់កណ្ដាលម៉ោងទីមួយ ដែល​ក្រុម​ឥន្ទ្រីយ៍​ដែក​អាល្លឺម៉ង់ គ្រប់គ្រងសាច់បាល់បានរហូត ដល់ទៅជាង៣០នាទី។ ក្រុមបារាំងមានឱកាស​វាយ​សន្ធាប់ ទៅលើក្រុមអាល្លឺម៉ង់ តែប៉ុន្មាននាទីដំបូង ដែលបើកឱកាសឲ្យកីឡាករ អង់ទ័ន គ្រីស្មាន់ ទទួល​បាល់​​ពី​កីឡាករ ប្ល៊េស្ស៍ ម៉ាទ្វីឌី (Blaise Matuidi) ទាត់បញ្ចូលទីបានមុនគេភ្លាមៗ នៅនាទីទី៦។

អ៊ឺរ៉ូ២០១៦៖​ បារាំង​ម្ចាស់​ផ្ទះ​ដេញ​អាល្លឺម៉ង់​ជើង​ឯក​ពិភពលោក ដើម្បី​ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ

នៅចំពោះកីឡាករអាល្លឺម៉ង់ ម៉ានុយអែល ណឺយើរ (Manuel Neuer) ដែលល្បីថាជាកំពូល​កីឡាករ​ចាំទី របស់​ពិភពលោកនោះ គ្រាប់បាល់ដំបូងនោះ មិនបានធ្វើឲ្យរង្គើរដល់ក្រុមអាល្លឺម៉ង់ សូម្បីបន្តិច​ឡើយ។ ហើយ​ចាប់​ពី​ពេល​នោះ​មក ក្រុមឥន្ទ្រីយ៍ដែក បានគ្រប់គ្រងបាល់ និងបានសង្កត់ពីលើក្រុមមាន់គក​រហូត។ ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ នៃ​ពាក់​កណ្ដាលម៉ោងទីមួយ កីឡាករអាល្លឺម៉ង់ បាស្ទៀង ស្វេនស្តេងជ័រ (Bastian Schweinsteiger) បាន​យក​ដៃ​ប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួន ដែលអនុញ្ញាត​ឲ្យ​អាជ្ញា​កណ្ដាល ផ្ដល់​​ឱកាស​​ឲ្យ​​កីឡាករ​បារាំង អង់ទ័ន គ្រីស្មាន់ ទាត់បាល់ពិន័យចំងាយ១១ម៉ែត្រ រកពិន្ទុ​ឲ្យ​ក្រុម​ខ្លួន បាន​​១ទល់​នឹង​០។

អ៊ឺរ៉ូ២០១៦៖​ បារាំង​ម្ចាស់​ផ្ទះ​ដេញ​អាល្លឺម៉ង់​ជើង​ឯក​ពិភពលោក ដើម្បី​ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ

ពិន្ទុនាំមុខរបស់បារាំង បានធ្វើឲ្យក្រុមអាល្លឺម៉ង់ ត្រឡប់ចូលមកក្នុងការប្រកួត ក្នុងវគ្គពាក់កណ្ដាលម៉ោងទីពីរ ជា​មួយ​​នឹង​ការវាយសន្ធាប់ខ្លាំងជាងមុន។ ប៉ុន្តែគម្រោង ដែលធ្វើការវាយលុកខ្លាំង មិន​ប្រាកដ​ថា ខ្សែការពារ​​នៅ​ផ្នែក​​ខាង​ក្រោយ មាន​សភាពរឹងមាំខ្លាំងដែរនោះទេ។ ដោយសារតែហេតុនេះហើយ ទើប​កីឡាករ ប៉ូល ប៉ូគបា (Paul Pogba) នៃក្រុម​បារាំងបានឆក់ឱកាស នៃការធ្វេសប្រហែស របស់ខ្សែការពារអាល្លឺម៉ង់ និង​បាន​ឆក់បាល់​បញ្ជូន​​មក​​កណ្ដាល​ទីលាន ឲ្យកីឡាករខ្សែប្រយុទ្ធ អូលីវីយ៉េ ហ្សីរូ (Olivier Giroud) តែ​ត្រូវ​កីឡាករ​ចាំទី អាល្លឺម៉ង់ ទះចេញបានមុន។ ផ្ទុយទៅវិញ ការទះបាល់ចេញនេះ ហាក់ដូចជាឲ្យ«កាដូ»សម្រាប់កីឡាករបារាំង អង់ទ័ន គ្រីស្មាន់ ដែល​​គ្រាន់តែយកជើង«ធាក់»បាល់ បញ្ចូលទីនៅតាមចន្លោះជើង របស់​កីឡាករ​ចាំទី​អាល្លឺម៉ង់ នឹង​អាល​​រក​ពិន្ទុ​​​ឲ្យក្រុម​មាន់គកមួយទៀត (២-០) នៅនាទីទី៧២។

អ៊ឺរ៉ូ២០១៦៖​ បារាំង​ម្ចាស់​ផ្ទះ​ដេញ​អាល្លឺម៉ង់​ជើង​ឯក​ពិភពលោក ដើម្បី​ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ

នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃអាទិត្យទី១០ ខែកក្កដា ខាងមុខនេះ ក្នុងកីឡាដ្ឋានធំរបស់បារាំង ឈ្មោះ «Stade de France» (ខាងជើងជាប់រដ្ឋធានីប៉ារីស) ក្រុមបារាំងនឹងត្រូវជួប ជាមួយក្រុមព័រទុយហ្គាល់ ដែល​​ទើប​នឹង​បំបាក់​ក្រុម វៀល្ស៍ កាលពីយប់ម្សិលម៉ិញ ដោយពិន្ទុពីរទល់នឹងសូន្យ។ ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ក៏អាច​ចាត់​ទុកថា ជា​ដៃគូ​សងសឹកដែរ។ កីឡាករបារាំង អង់ទ័ន គ្រីស្មាន់ ដែលកំពុងទាត់ឲ្យក្រុម​អាជីព អាត្លេទីកូ​ម៉ាឌ្រីត (Atletico Madrid) ទើបតែបានប្រកួតចាញ់ កីឡាករ​​អន្តរជាតិ​ល្បី​ឈ្មោះ របស់​ក្រុម​ព័រទុយហ្គាល់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែល​កំពុង​ទាត់​ឲ្យក្រុម រៀល​ម៉ាឌ្រីត (Real Madrid) ក្នុងក្របខណ្ឌ «Champions Leagues ២០១៦» កាល​​ពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ (រូបថតខាងលើ)៕

--------------------

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖