រយៈពេល​៦​ខែ គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ជិត​១​ពាន់​នាក់

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​គណៈ​កម្ម​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​រឹត​បណ្តឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៦  បាន​បង្ហាញ​ថា មនុស្ស​៩១៩​នាក់​បាន​ស្លាប់​និង​៣៣០៩​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​១៩០០​លើក​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​៦​ខែ ។

របាយការណ៍​ដែល​ត្រូវ​បាន​គេ​បង្ហាញ​ឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​កាលពី​ថ្ងៃ​ទី​០៧ កក្កដា ២០១៦ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៍បាន​បញ្ជាក់​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាច​ណ៍​ទាំង​១៩០០​លើក ភាគច្រើន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​ចំនួន​១៧២​លើក ខេត្ត​ព្រះ​សីហ​នុ​១៥៨​លើក និង​ខេត្តកំពង់ចាម​ចំនួន​១០១​លើក​។

មូលហេតុ​ដែល​នាំ​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍ បើកបរ​លើស​ល្បឿន​កំណត់​៤១% មិន​ប្រកាន់​ស្តាំ​១២%  ស្រវឹង​១១% មិន​គោរព​សិទ្ធិ​១១% វ៉ា​ជែង​១១% បត់​៩% កត្តា​យានយន្ត​៣% ងងុយដេក​១% និង​កត្តា​ផ្សេង​ៗ១% ។

យ៉ាងណា​ក៍ដោយ​របាយការណ៍​របស់​គណៈ​កម្ម​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៍បាន​បង្ហាញ​ទៀត​ថា បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ គ្រោះថ្នាក់​ថយ​ចុះ​ចំនួន​២៧១​លើក ស្មើនឹង​១២,៤% អ្នក​ស្លាប់​ថយ​ចំនួន​១០០​នាក់ ស្មើនឹង​៩,៨% និង​អ្នក​របួស​ថយ​ចំនួន​៤៥១​នាក់ ស្មើនឹង​១២% ៕