សំណាង​ណាស់​បង្ក្រាប​ទាន់ កុំ​អី​មិនដឹង​យ៉ាងណា​ទេ

ខេត្ត​ឧត្តរមានជ័យ  ប៉ូ​លី​ស​ការពារ​ព្រំដែន​គោក​លេខ​៩០៥​កម្ពុជា​-​ថៃ បង្ក្រាប​បាន​ក្រុម​ក្មេង​ទំនើង​២​ក្រុម​សរុប​មាន​គ្នា​២៤​នាក់​ដែល​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​ប្រដេញ​វាយ កាប់​ចាក់​គ្នា កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ P.R ១៧១ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

អ្នក​ភូមិ​ទួល​ស្វាយ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​ក្រុម​ក្មេង​ៗ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ដោយ​អ្នក​ខ្លៈ​ដៃ​កាន់ដំបង អ្នក​ខ្លៈ​ដៃ​កាន់​ដែក បំពង់​ទីប និង​ខ្លៈ​ទៀត​ដៃ​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ ។ អ្នក​ភូមិ​បាន​បញ្ចា​ក់ថា បន្តិច​ក្រោយមក​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ​បាន​ជិះ​ម៉ូតូ​ប្រដេញ​វាយ កាប់ ចាក់​គ្នា ដូច​ក្នុង​រឿង​ហុងកុង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ តែ​សំណាងល្អ​បាន​ប៉ូ​លី​ស​បង្ក្រាប​ទាន់​កុំ​អី​មាន​អ្នក​ស្លាប់ និង​មាន​អ្នក​ដេក​គុក​មិន​ខាន ។

លោក​វរសេនីយ៍ឯក ស៊ុំ សា​រឿ​ន មេបញ្ជាការ វរ​សេនា​តូច​លេខ​៩០៥ ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ បាន​ឲ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ ដោយ​បាន​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា មាន​ក្រុម​ក្មេង​ជិះ​ម៉ូតូ​ដេញ​វាយ កាប់ ចាក់​គ្នា ភ្ញា​ម​ៗ​នោះ​លោក​បាន​បញ្ជា​កម្លាំង​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់ មុន​ពេល​ធ្វើ​សកម្មភាព​កាប់​ចាក់​គ្នា ។

លោក​វរសេនីយ៍ឯក​បាន​បញ្ចា​ក់ថា ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម មាន​មួយ​ក្រុម​មក​ពី​តំបន់​អូរ​ស្មាច់ ក្រុង​សំរោង ជិះ​ម៉ូតូ​១១​គ្រឿង មាន​បក្សពួក​១៤​នាក់ និង​មួយ​ក្រុម​ទៀត​មក​ពី​ស្រុក​អន្លង់​វែង ជិះ​ម៉ូតូ​៧​គ្រឿង មាន​បក្សពួក​១០​នាក់ ។ សមត្ថកិច្ច​ឃាត់ខ្លួន​២៤​នាក់ ក្នុង​នោះ​ភាគច្រើន​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំទៅ​១៦​ឆ្នាំ និង​ដកហូត​បាន​ម៉ូតូ​១៨​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ​២ ដែក​បំពង់​ទីប​១​ដើម ប្រវែង​៨​តឹក ដែកថ្នាំងអំពៅ​១​ដើម ប្រវែង​៦​តឹក ទូ​ស័ព្ទ​ដៃ​២១​គ្រឿង ។

ក្រោយ​ពេល​ចាប់ខ្លួន លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម រួម​ទាំង​វត្ថុ​តាង ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕