រោង​អារ​ឈើ​ខុសច្បាប់​​មួយ​កន្លែង ​ត្រូវ​​បាន​បង្ក្រាប​ ក្រោយ​ព័ត៌មាន​ផ្សាយ​រួច

រោង​អារ​ឈើ​ខុសច្បាប់​​មួយ​កន្លែង ​ត្រូវ​​បាន​បង្ក្រាប​ ក្រោយ​ព័ត៌មាន​ផ្សាយ​រួច



កំពង់ស្ពឺ​ ៖ ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ​ លោក​ប៊ុន សម្បត្តិ ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរសេដ្ឋ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​អារ​ឈើ​លួចលាក់ ​ដែល​រង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ថា ​ជា​កន្លែង​ដុះ​ស្លែ​​យូរ​ឆ្នាំ​តែ​មិន​មាន​ការ​បង្ក្រាប។

លោក​ប៊ុន សម្បត្តិ នាយ​ផ្នែក​ព្រៃឈើ​បរសេដ្ឋ​បាន​ឲ្យ​ដឹង​ថា កម្លាំង​បាន​ចុះ​ជាបន្ទាន់​ដល់​ទីតាំង​អារ​ឈើ​​​លួចលាក់ និង​បាន​រក​ឃើញ​ដែក​រ៉ៃ​រណា​យន្ត ឈើ​ដុល​ចំនួន​០២​ដុល ​ដែល​ពួកគេ​បាន​លើក​រត់​មិនទាន់។

នាយ​ផ្នែក​ដដែល​បាន​និយាយ​ទៀត​ថា ម្ចាស់​ទីតាំង​ក្រោយពី​បាន​លើក​ម៉ាស៊ីន​រត់ ​​ថែមទាំង​បាន​យក​ឈើ​មួយ​ចំនួន​លាក់​នោះ​​ ​​កម្លាំង​កំពុង​ស្វែងរក។ ដោយឡែក​សម្ភារៈ​ ដែល​នៅ​សេសសល់​កម្លាំង​បាន​នាំ​យក​មក​រក្សាទុក​នៅ​សង្កាត់​មេព្រៃ​បរសេដ្ឋ។

សូម​រំលឹក​ថា ​រោង​ម៉ាស៊ីន​អារ​ឈើ ប្រភេទ​រណា​បញ្ឈរ​មួយ​កន្លែង រង​ការរិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ​គឺ​ក្នុង​ភូមិ​ព្រៃខ្លា ឃុំ​ពោធិ៍​អង្ក្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយ​រោង​ម៉ាស៊ីន​នេះ បាន​ដឹកឈើ​ទាំងមូលៗ រាប់រយ​កំណាត់​យក​ទៅ​អារ​ជា​ក្តារ​យ៉ាង​គឃ្លើន សម្រាប់​លក់​នៅ​ទីផ្សារ តែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ស្រុក​បរសេដ្ឋ និង​មន្ត្រី​សមត្ថកិច្ច​ផ្សេងៗ​មួយ​ចំនួនទៀត បែរជា​នាំគ្នា​បិទ​ភ្នែក​មិន​ចាត់វិធានការ​អ្វី​សោះ ដែល​ម្ចាស់​រោង​ម៉ាស៊ីន​នេះ ជា​មន្ត្រី​ជំទប់​ឃុំ​ទៀត។

យោង​តាម​ការ​ផ្ដល់​ដំណឹង​ពី ពលរដ្ឋ​ជា​អ្នក​រស់នៅ​មូលដ្ឋាន​នោះ​បានឲ្យដឹងថា ឈ្មោះ លី ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​នេះ បាន​បើក​រោង​អារ​ឈើ ជា​យូរ​មក​ហើយ ហើយ​ជា​ញឹកញាប់​តែងតែ​ឃើញ​មាន​មនុស្ស​ចេញចូល​រៀងរាល់ថ្ងៃ ដោយមាន​រថយន្ត មាន​ម៉ូតូ ដែល​មើល​ទៅ​ទំនងជា​មក​យក​លាភសក្ការៈ ពី​ម្ចាស់​រោង​ម៉ាស៊ីន​នេះ។

ពលរដ្ឋ​បាន​បន្ត​ថា «​ម្ចាស់​រោង​ម៉ាស៊ីន ឈ្មោះ លី តែងតែ​ក្អេងក្អាង ថា​គេ​មិន​ខ្លាច​នរណា​ទេ ពីព្រោះ​គេ​បាន​បោះ​ទន់​ចាយ​លុយ​ដល់​សមត្ថកិច្ច​អស់ហើយ ដូចនេះ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​គាត់​នោះ​ទេ»។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរសេដ្ឋ មិនគួរណា​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស នៅ​កណ្ដាលវាល​បែបនេះ​ទេ ហើយ​ម្ចាស់​រោង​ម៉ាស៊ីន​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​រកស៊ី​ដុះ​ស្លែ​រាប់​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​គេ​ដឹង​ថា រត់ការ​បង់លុយ​គ្រប់​ជំនាញ​រាល់​ខែ ទើប​ទីតាំង​នេះ​មិន​មាន​អ្នកណា​ចុះ​បង្ក្រាប​ ជាពិសេស​មន្ត្រី​ជំនាញ​នៅ​ទីនោះ​ផ្ទាល់​តែម្តង។ ក្រោយ​មាន​ផ្សព្វផ្សាយ​បែបនេះ​កម្លាំង​ជំនាញ​ ដែល​ដឹកនាំ​ដោយ​លោក ប៊ុន សម្បត្តិ ជា​នាយ​ផ្នែក​ដុតដៃដុតជើង​បង្ក្រាប និង​បាន​ណែនាំ​ដល់​មន្ត្រី​សង្កាត់​ព្រៃឈើ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​បង្ក្រាប​កុំ​ឲ្យ​កើតមាន​ដូច​ករណី​ខាង​លើ​នេះ​ទៀត៕