កម្ពុជា ប្រទេស​ម៉ិចស៊ីកូ នឹង​ចុះ​កិច្ចព្រមព្រៀង លើ​ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ និង​ធនធាន​ព្រៃឈើ និង​ពង្រីក​ការ​យល់ដឹង​នៃ​ការអនុវត្ត​ច្បាប់​

កម្ពុជា ប្រទេស​ម៉ិចស៊ីកូ នឹង​ចុះ​កិច្ចព្រមព្រៀង លើ​ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ និង​ធនធាន​ព្រៃឈើ និង​ពង្រីក​ការ​យល់ដឹង​នៃ​ការអនុវត្ត​ច្បាប់​



ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង ឯកអគ្គរដ្ឋទូត​ នៃ​សហព័ន្ធ​ម៉ិចស៊ីចកូ កាលពី ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០១៦ បាន ជួបពិភាក្សា​ការងារ ក្នុង​គោល​នៃ​អនុស្សរណៈ​យោគយល់ ​គឺ​ការព្រមព្រៀង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ លើ​ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ និង​ធនធាន​ព្រៃឈើ ក្នុង​ន័យ​ពង្រីក​ការ​យល់ដឹង​នៃ​ការអនុវត្ត​ច្បាប់។

នៅ​ក្នុង​ជំនួប ពិភាក្សា​ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកស្រី Sera Valdes Bolano ឯកអគ្គរដ្ឋទូត​នៃ​សហព័ន្ធ​ម៉ិចស៊ីកូ បាន ជម្រាប​ជូន​រដ្ឋមន្ត្រី ក្រសួង កសិកម្ម ថា កន្លងមក​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ រុក្ខាប្រមាញ់​ និង​កសិកម្ម នៃ​សហព័ន្ធ​ម៉ិច​ស៊ីកូ បាន​រៀបចំ​សេចក្ដី​ព្រាង​អនុស្សរណៈ​យោគយល់​ជាមួយនិង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា ហើយ​លោកជំទាវ​សង្ឃឹមថា​ ភាគី​ទាំងពីរ​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ​បាន​ឆាប់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ លោកស្រី បាន​គូស​បញ្ជាក់​ថា គោលបំណង​នៃ​អនុស្សរណៈ​យោគយល់ ​គឺ​ការព្រមព្រៀង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ លើ​ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ និង​ធនធាន​ព្រៃឈើ ក្នុង​ន័យ​ពង្រីក​ការ​យល់ដឹង ​នៃ​ការអនុវត្ត​ច្បាប់ លើ​ការ​អភិវឌ្ឍ​កសិកម្ម​ប្រកបដោយ​ចិរភាព និង​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន។

លោកស្រី ក៏​ជឿជាក់​ផង​ដែរ​ថា ក្រោយពី​ភាគី​ទាំងពីរ ចាប់ផ្ដើម​អនុវត្ត​អនុស្សរណៈ​យោគយល់​នេះ​រួច ម៉ិច​ស៊ីកូ​អាច​នឹង​ជួយ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​កសិកម្ម​ជាមួយ​កម្ពុជា​ នា​ពេលខាងមុខ​។ នា​ឱកាស​នោះ លោក រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល ម៉ិចស៊ីកូ ដែល​បាន​ផ្តល់​កិច្ច​សហប្រតិ​បត្តិការ​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​លើ​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​អាទិភាព​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បាន​សន្យា​ថា ​នឹង​ពន្លឿន​ការរៀបចំ​អនុស្សរណៈ​យោគយល់​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នា​ពេល​ឆាប់ៗ​នេះ​។ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ម៉ិច​ស៊ីកូ តាមរយៈ​លោកជំទាវ Sera Valdes Bolano រៀបចំ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយ ទៅកាន់​ប្រទេស​ម៉ិច​ស៊ីកូ ដើម្បី​អាច​ផ្តល់​ឱកាស​ឲ្យ​មន្ត្រី​បច្ចេកទេស​កសិកម្ម​របស់​កម្ពុជា​ បាន​សិក្សា​ស្វែងយល់​ ពី​បទពិសោធន៍ បច្ចេកទេស និង​ការ​វិវឌ្ឍ​ នៃ​វិស័យ​កសិកម្ម​នៅ​ប្រទេស​ម៉ិចស៊ីកូ ដើម្បី​ជា​ពុទ្ធិ​ក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​៕
កម្ពុជា ប្រទេស​ម៉ិចស៊ីកូ នឹង​ចុះ​កិច្ចព្រមព្រៀង លើ​ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ និង​ធនធាន​ព្រៃឈើ និង​ពង្រីក​ការ​យល់ដឹង​នៃ​ការអនុវត្ត​ច្បាប់​