ភ្នាក់ងាររបស់ Pogba នឹងត្រូវជួប Juventus ក្រោយ Euro ដើម្បីពិភាក្សាពីការផ្ទេរទៅ Man United

លោក Mino Raiola ដែលជាភ្នាក់ងារតំណាងឲ្យខ្សែបម្រើដ៏មានឥទ្ធិពល Paul Pogba នឹងរៀបចំកិច្ចពិភាក្សាជាមួយនឹងក្លិប Juventus ក្រោយពីព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ ដើម្បីត្រួតពិនិត្យថា តើរូបគេអាចសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងគ្នាមួយសម្រាប់កីឡាកររូបនេះក្នុងការចាកចេញពីក្លិបនេះ និងចូលរួមជាមួយនឹងក្លិប Manchester United ឬ Real Madrid ឬយ៉ាងណា។

Paul-Pogba-ft16

Juventus បានបញ្ជាក់ថា ខ្សែបម្រើអន្តរជាតិបារាំងវ័យ២៣ឆ្នាំរូបនេះ ដែលជាប់កិច្ចសន្យាជាមួយនឹងពួកគេរហូតដល់ឆ្នាំ២០១៩នោះ មិនមែនសម្រាប់លក់ឡើយ ហើយនិងធ្វើរាល់អ្វីៗទាំងអស់តាមអំណាចរបស់ពួកគេដើម្បីរក្សាទុក Pogba។ ពួកគេទើបតែបានផ្តល់ឲ្យ Pogba នូវកុងត្រាថ្មីមួយ ដែលនឹងបន្តកិច្ចសន្យារយៈពេល២ឆ្នាំទៀត និងបង្កើនប្រាក់បៀរវត្សរ៍របស់គេពី៥លានអឺរ៉ូ ទៅ៧លានអឺរ៉ូ (ស្មើនឹង៧,៧៥លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Jose Mourinho សង្ឃឹមថា Man United នឹងអាចឆ្លើយតបទៅនឹងការទាមទារប្រាក់ចំណូលក្នុងចំនួនប្រាក់១៥,៦លានអឺរ៉ូក្នុងមួយឆ្នាំរបស់កីឡាកររូបនេះដើម្បីយកឈ្នះ Real Madrid ក្នុងការប្រមាញ់ទិញ Pogba។ ការផ្តល់ជូននេះក៏ប្រហែលជាមិនគ្រប់គ្រានក្នុងការនាំយក Pogba ទៅកាន់កីឡដ្ឋាន Old Trafford វិញឡើយ ប្រសិនបើ Man United មិនអាចឈានដល់ការព្រមព្រៀងគ្នាជាមួយនឹងក្លិប Juventus ទេនោះ។

ក្រុមម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះ នឹងច្រានចោលសំណើក្នុងទឹកប្រាក់១០០លានអឺរ៉ូ ប៉ុន្តែ វាមិនទាន់មានភាពច្បាស់លាស់ថា ពួកគេនឹងពិចារណាទៅលើសំណើដេញថ្លៃក្នុងទឹកប្រាក់១២០លានអឺរូ (ស្មើនឹង១៣២,៨៧លានដុល្លារអាមេរិក) ឬយ៉ាងណាឡើយ៕

ប្រភពព័ត៌មាន៖ The Guardian