ចិត្តសឿង ! ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដេញ​ផង​គប់​រថយន្ត​ផង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចិត្តសឿង​ម្នាក់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​ផង យក​ដុំ​ថ្ម​គប់​រថយន្ត​ផង រហូត​ធ្វើ​ឲ្យ​អ្នកបើកបរ​ភ័យ​ស្លន់ស្លោរ​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​រថយន្ត​នោះ​បាន​បើក​កៀរ​ម៉ូតូ​១​គ្រឿង​ហើយ​តែ​មិន​ព្រម​ឈប់​មើល ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខ​ច្រកចូល​ភូមិ​ដំណាក់ តាម​បណ្ដោយ​ផ្លូវ​លេខ​២០១១ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-6588 ជា​រថយន្ត​ប្រភេទ​កូរ៉េ ចំណុះ​៣​តោន ដឹក​ឥដ្ឋ ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់​និង​ស្រី​ម្នាក់ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ជិត​ផ្សារ​ឈូក​មាស​រថយន្ត​បង្ក​បាន​បើក​កៀរ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្រី​ម្នាក់​ដួល​ប៊ិះ​កិន​ជើង​ថែម​ទៀត​ផង តែ​សំណាងល្អ​ដក​ជើងទាន់ ពេល​នោះ​រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ បាន​បើក​បំណង​គេចខ្លួន​តែ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ជា​ស្ត្រី​ម្នាក់​ហួសចិត្ត​នឹង​ទ​ង្វើ​របស់​អ្នក​បើករថយន្ត​ខាងលើ ហើយ​បាន​លាន់មាត់​ថា យី​បុក​គេ​ហើយ​បើក​រត់​ទៀត គាត់​ក៏​បាន​ទាញ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​១​គ្រឿង​ជិះ​ដេញ​តាម​ពីក្រោយ​រថយន្ត​ហើយ​បាន​យក​ដុំ​ថ្ម​គប់​ជញ្ជាំង​រថយន្ត​ថែម​ទៀត​ផង ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ភ័យ​ខ្លាច​គេ​វៃ ទើប​មក​ដល់​ចំណុច​ក្បែរ​មាត់​ច្រកចូល​ក្នុងភូមិ​ដំណាក់​ក៏​បាន​បើកបរ​រថយន្ត​អែប​ខាង ហើយ​បាន​នាំ​គ្នា​ចុះ​ចេញពី​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​តែ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​តាម​ឃាត់​រថយន្ត​បង្ក​បាន​ហើយ ស្ត្រី​អ្នក​តាម​នោះ​បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ទៅ​មើល​ជន​រង​គ្រោះ​ដែល​នៅ​កន្លែង​កើត​ហ​តុ​វិញ តែ​រក​មិនឃើញ​ជន​រង​គ្រោះ​និង​ម៉ូតូ​ទេ ធ្វើ​ឲ្យ​ស្ត្រី​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​នោះ​​​ត្រឡប់​ទៅ​កន្លែង​ដែល​ឃាត់​រថយន្ត​បាន​វិញ​ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ប្រជា​ការពារ​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សែន​សុខ ដើម្បី​មក​យក​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ម្ចាស់​មក​យក​ទៅ​វិញ ៕