ស៊ឹ​ម សូ​លិ​កា ក្រោយ​ផ្អាកជាង​10​ឆ្នាំ​ចូលរួម​សម្តែង​ភាពយន្ត​ជា​ថ្មី

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ស៊ឹ​ម សូ​លិ​កា បាន​ចូលរួម​សម្តែង​ភាពយន្ត​ជា​ថ្មី​ក្រោយ​ផ្អាក​ជាង​១០​ឆ្នាំ ហើយ​មមាញឹក​តែ​នឹង​អាជីព​ពិធីការិនី ។

អ្នក​នាង​ស៊ឹ​ម សូ​លិ​កា បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» របស់​ផលិតកម្ម​ថោ​ន ដែល​រៀបចំ​ពិធី​ក្រុង​ពលី​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០១៦ នៅ​គេហដ្ឋាន​របស់​អ្នកស្រី​ពាន់ ភួង​បុប្ផា សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

អ្នក​នាង​ស៊ឹ​ម សូ​លិ​កា មាន​ជំនឿ​លើ​ស្នាដៃ​របស់​អ្នកស្រី​ពាន់ ភួង​បុប្ផា ដោយ​កន្លង​មក​ធ្លាប់​ចូលរួម​សម្តែង​ឱ្យ​គាត់​ដែរ ហើយ​ស្នាដៃ​ទាំងនោះ​សុទ្ធតែ​មានការ​គាំទ្រ​ពី​ទស្សនិក​ជន ។  ដូច្នេះ​ហើយ​ទើប​សូ​លិ​កា សម្រេចចិត្ត​ចូលរួម​សម្តែង​ជូន​អ្នកស្រី​បុប្ផា​ជា​ថ្មី មិនតែប៉ុណ្ណោះ​មើលឃើញ​ផលិតកម្ម​ថោ​ន​មាន​បច្ចេកទេស ថ្មី​ៗ​ត្រូវ​នឹង​សម័យកាល​ទំនើប​នាំ​ឱ្យ​ភាពយន្ត​មានគុណ​ភាព ។ ម្យ៉ាងទៀត​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​អ្នក​ម្តាយ​សម័យ​ថ្មី » នឹង​បាន​ជួបជុំ​ជាមួយ​សិល្បករ ចាស់​ៗ​ដែល​ខកខាន​ជួប​គ្នា​យូរ​ឆ្នាំ ដូច​ជា​លោក​ទេព រិ​ន​ដា​រ៉ូ និង​អ្នក​នាង​អម្ពរ ទេវី​ជាដើម ។

«​ចាប់តាំងពី​ដើម​មក​ការ​ថត​ភាពយន្ត គឺ​បើ​និយាយ​ពី​ទឹកចិត្ត​វិញ គឺ​មិន​ដែល​គិត​ថា​បោះបង់​ការ​សម្តែង​ឡើយ មាន​តែ​គិត​ថាបើ​មាន​ពេល​នឹង​វិល​វិញ ។ ដូច​បងប្អូន​បានដឹង​ហើយ​រយៈពេល​ជា​ច្រើន​ឆ្នាំ​នេះ គឺ​ការងារ​អាជីព​ជា​ពិធី​ការិនី គឺ​មមាញឹក​ខ្លាំង​ដែល​នាង​ខ្ញុំ​ត្រូវ​តែ​ខិតខំ​បំពេញ  ម្ល៉ោះហើយ​ចេះ​តែ​រវល់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែល​រំលង​អស់​ជា​ច្រើន​ឆ្នាំ ។ ទាក់ទិន​នឹង​ការ​ថត​ភាពយន្ត​ថ្មី​នេះ​នាង​ខ្ញុំ​រំពឹង​ថា ពិតជា​កក្រើក​ដូច​រឿង​«​នេសាទ​ក្រពើ​» អ្នក​ណា​ក៏​ស្គាល់​ចាំ​ឈ្មោះ​នាង​សយ​ដែរ ហើយ​តាំងពី​គេ​ប្រកាស​ថា​នាង​ខ្ញុំ​ថត​វិញ​មាន​គេ​ភ្ញាក់ផ្អើល​ចង់​ឲ្យ​នាង​ខ្ញុំ​មក​សម្តែង​វិញ​ខ្លះ​សប្បាយចិត្ត​គាំទ្រ ទើប​នេះ​ជា​ផ្លូវ​ដែល​នាង​ខ្ញុំ​ត្រឡប់​មក​វិញ បំពេញ​ភារៈ​មួយ​ដែល​បងប្អូន​យើង​គាត់​គាំទ្រ​ឲ្យ​បាន​ល្អ​ឡើង​វិញ ។

យ៉ាងណា​ក៏​ដោយ​នាង​ខ្ញុំ​ក៏​មិន​ទាន់​គិត​ថា​អាច​ចាប់​យក​ការងារ​ថត​សម្តែង​នេះ​បាន​ឡើង​វិញ​ពេញទំហឹង​ដែរ ព្រោះថា ពេលវេលា​ចេះ​តែ​ទៅ​មុខ អាយុ​យើង​ក៏​ច្រើន មិនមែន​ក្មេង​ដូច​មុន​ទេ នេះ​កំពុង​ថត​ឲ្យ​ថោ​ន ប៉ុន្តែ​បើ​មាន​ខាង​ផលិតកម្ម​ណា​ហៅ​បន្ត​ទៀត​នោះ​ក៏​មិនដឹង​ដែរ ព្រោះ​ដូច​ដឹង​ហើយ​ថា​ការងារ​រាល់​ថ្ងៃនេះ គឺ​មមាញឹក​ពេក​ទៅ​ហើយ អ្វី​ៗ​ចាំ​ដល់​ពេល​ចាំ​គិត​រឿង​គេ​ចង់​ហៅ​ថត​ជូន​ផលិតកម្ម​ផ្សេង​នោះ​។ ការ​វិល​មក​ថត​នេះ​ក៏​មិនមែន​នាង​ខ្ញុំ​ប្រកាន់​រឿង​ខ្លាច​ខ្មៅ​សាច់ ឬ​ហត់នឿយ អស់កម្លាំង​អ្វី​ដែរ ព្រោះ​នៅ​ក្នុង​នាម​តួនាទី​ជា​ពិធី​ការិនី​នា​ពេល​បច្ចុប្បន្ន​រាល់​ថ្ងៃនេះ​នាង​ខ្ញុំ​នៅ​ក្បែរ​ពន្លឺ​កាមេរ៉ា និង​ម៉ាស៊ីន​ថត​យ៉ាងតិច​៥ ម៉ាស៊ីន​ថត​ដែល​មាន​កម្តៅ​ខ្លាំង​ពេញ​មុខមាត់​យើង​» ។ អ្នក​នាង​ស៊ឹ​ម សូ​លិ​កា និយាយ​បែប​នេះ ។ 

អ្នក​នាង​ស៊ឹ​ម សូ​លិ​កា សង្ឃឹមថា រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ពិតជា​ល្បីល្បាញ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ ម្យ៉ាង​នាង​ជឿជាក់​លើ​សមត្ថភាព​របស់​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា​ដែល​ជា​អ្នកដឹកនាំ​រឿង ។ ដូច្នេះ​ហើយ​ទើប​អ្នក​នាង​សូ​លិ​កា មិន​ស្តាយ​កម្លាំង​ក្នុង​ការ​ថត​ភាពយន្ត​ដើម្បី​ឱ្យ​វិស័យ​នេះ​ដើរទៅ​មុខ ។ ម្យ៉ាងវិញទៀត​អ្នក​នាង​សូ​លិ​កា​ពេញចិត្ត ព្រោះ​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ជា​រឿង​បង្ហាញ​ពី​សង្គម​ខ្មែរ បង្កប់ន័យ​អប់រំ​ដល់​សង្គម​ដែល​នាង​យល់​ថា​ល្អ មាន​ន័យ​អប់រំ​កូន​ខ្មែរ ។

រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ចាងហ្វាង​ផលិតកម្ម​លោក​ជំទាវ​ឧកញ៉ា​ជួប មាន អ្នកដឹកនាំ​រឿង​អ្នកស្រី​ពាន់ ភួង​បុ​ប្ជា ប្រធាន​ផលិត​លោក​ប៊ុ​ន រតនា អ្នកចាត់ការ​ទូទៅ​លោកស្រី​វ៉ា សុ​ភី ប្រធាន​គ្រប់គ្រង​រូបភាព​អេ​ឡេ​ន ជំនួយការ​ដឹកនាំ​លោក​អៀ​ប ជា​ម៉េ​ង និង​អ្នក​ថត លោក​សុខ ដាន់ ។
តារា​សម្តែង​មាន​ដូច​ជា​លោក​ទេព រិ​ន​ដា​រ៉ូ​,​អ្នក​នាង​អម្ពរ ទេវ​,​ី អ្នក​នាង​ស៊ឹ​ម សូ​លិ​កា​, អ្នក​នាង​ស្វែង សុជាតា​, អ្នក​នាង​សុខ សោ​ម៉ា​វ​តី​, អ្នកស្រី​ឌី សា​វ៉េ​ត និង​កញ្ញា​ឌុ​ច លី​ដា​ជាដើម ៕