Ruby Romans ពូជ​ទំពាំងបាយជូរ​ថ្លៃ​បំផុត​លើ​លោក​ មួយ​គ្រាប់​ថ្លៃ​រាប់​រយ​ដុល្លារ

កាល​ពី​ពេល​ថ្មីៗ​នេះ ផ្លែទំពាំងបាយជូរ Ruby Roman មួយ​ចង្កោម ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ រហូត​ដល់​ទៅ​ជាង ១ម៉ឺនដុល្លារ​ឯណោះ ដែល​វា​ជា​តម្លៃ​ដ៏​ថ្លៃ​បំផុត​មួយ នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

 

Ruby Romans ពូជ​ទំពាំងបាយជូរ​ថ្លៃ​បំផុត​លើ​លោក​ មួយ​គ្រាប់​ថ្លៃ​រាប់​រយ​ដុល្លារ

 

លោក Takamaru Konishi ជា​ម្ចាស់​ហាង​ម្នាក់ បាន​ចំណាយ​លុយ​រហូត​ដល់​ទៅ ១.‌១លាន​យ៉េន (១០ ៩០០ដុល្លារ) ដើម្បី​ទិញ​យក​ផ្លែ​ទំពាំងបាយជូរ Ruby Romans មួយ​ចង្កោម សរុប​មាន​ចំនួន ៣០គ្រាប់ បើ​គិត​ទៅ​ក្នុង​មួយ​គ្រាប់​មាន​តម្លៃ ៣៦០ដុល្លារ។ ផ្លែ​ទំពាំងបាយជូរ​ប្រភេទ​នេះ​មួយ​គ្រាប់ មាន​ទំហំ​ប៉ុន​គ្រាប់​ប៉េងប៉ុង ហើយ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ខ្លាំង​ណាស់។

 

លោក Konishi បាន​និយាយ​ប្រាប់​ទាំង​សប្បាយ​រីករាយ​ថា «វា​ពិត​ជា​ពូជ​ទំពាំងបាយជូរ Ruby Roman យ៉ាង​ពិត​ប្រាកដ​មែន។ យើង​នឹង​ដាក់​តាំង​បង្ហាញ​វា នៅ​ក្នុង​ហាង​របស់​យើង មុន​ពេល​ដែល​ឱ្យ​អតិថិជន​យើង​ភ្លក់​រសជាតិ​ទំពាំងបាយជូរ​គំរូ»។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ពូជ​ទំពាំងបាយជូរ Ruby Roman នេះ ត្រូវ​បាន​គេ​ដាំ​តែ​នៅ​ក្នុង​ខេត្ត Ishikawa ស្ថិត​នៅ​លើ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង នៃ​ប្រទេស​ជប៉ុន តែប៉ុណ្ណោះ ដោយ​ទី​នោះ​សំបូរ​អ្នក​ជំនាញ​ដាំ​ផ្លែឈើ​ច្រើន។ ផ្លែឈើ​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់។ ឧទាហរណ៍​ដូច​ជា​ផ្លែ​ប៉ោម​មួយ​ផ្លែ មាន​តម្លៃ​រហូត​ដល់​ទៅ ៣ដុល្លារ។ បើ​តាម​ប្រពៃណី​របស់​ប្រជាជន​ជប៉ុន វា​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ សម្រាប់​បុគ្គល​មាន​ទ្រព្យសម្បត្តិ ឬ​សាជីវកម្ម​មួយ ក្នុង​ការ​ដាក់​ផ្លែឈើ​ថ្លៃៗ​ឲ្យ​ភ្ញៀវ​ពិសា។

 

យ៉ាងណាមិញ ស្ដេច​ផ្លែឈើ​នៅ​ក្នុង​ប្រទេស​ជប៉ុន គឺ​ផ្លែ​ត្រសក់ស្រូវ ដោយ​ផ្លែ​ត្រសក់ស្រូវ​មួយ​គូ ត្រូវ​គេ​លក់​ដេញ​ថ្លៃ​បាន​រហូត​ទៅ​ដល់ ១២ ៣០០ដុល្លារ​ឯណោះ កាល​ពី​ឆ្នាំ២០១៥៕

 

Ruby Romans ពូជ​ទំពាំងបាយជូរ​ថ្លៃ​បំផុត​លើ​លោក​ មួយ​គ្រាប់​ថ្លៃ​រាប់​រយ​ដុល្លារ

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail