ធ្វើ​ការងារ​កុំ​ដើម្បី​តែ​ប្រាក់​ខែ ត្រូវ​គិត​ពី​ស្នាដៃ

ប្រាក់ខែ​ពិត​ជា​​សំខាន់​ណាស់ ចំពោះ​​បុគ្គល​​ម្នាក់ៗ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ និង​ការ​ចាយវាយ​ផ្សេងៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ នេះ​ជា​ការ​លើកឡើង​របស់​អ្នកស្រី នុត រត្ថា ប៉ុន្តែ​​សហគ្រិន​វ័យ​ក្មេង​រូប​នេះ​​​អះអាង​ថា បើ​បុគ្គល​ណា​ម្នាក់ធ្វើការ​សម្លឹង​តែ​ប្រាក់ខែ​មួយ​មុខនោះ ការងារ​របស់​គាត់​​នឹង​មិន​រីកចម្រើន​គួរជាទីពេញចិត្ត​ឡើយ។

 

ធ្វើ​ការងារ​កុំ​ដើម្បី​តែ​ប្រាក់​ខែ ត្រូវ​គិត​ពី​ស្នាដៃ

 

ធ្លាប់​ជា​បុគ្គលិក​ទទួល​​ការ​កោត​សរសើរ​ពី​ថ្នាក់​លើ និង​ធ្លាប់​ឡើង​តំណែង ជា​បន្តបន្ទាប់ក្នុង​វិស័យ​ការងារ នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុនរំដួល ​​​​បញ្ជាក់យ៉ាង​ដូច្នេះ​​​ថា​៖ “ធ្វើ​ការងារ​កុំ​ដើម្បី​តែ​ប្រាក់​ខែ ត្រូវ​គិត​ពី​ស្នាដៃ”។ អ្នកស្រី​និយាយ​ថា៖ “វា​ជា​​បទ​ពិសោធន៍​​របស់​ខ្ញុំ”។

 

អ្នកជំនួញ​មាន​ស្រុកកំណើត​នៅ​ភ្នំពេញ ​បន្ត​ថា ដើម្បី​ក្លាយ​ជា​បុគ្គលិក​ល្អ​ម្នាក់​ អ្នកនោះ​ឯង​ត្រូវ​​តែ​ចេះ គោរព​ពេលវេលា គោរព​ថ្នាក់​លើ គោរព​មិត្ត​រួម​ការងារ ចេះ​ស្រលាញ់​ក្រុមហ៊ុនដូចជា​របស់​ខ្លួន ជា​ពិសេស​គាត់​ត្រូវ​ធ្វើ​ការ​​ ឱ្យ​អស់​ពី​សមត្ថភាព និង​លើស​ការ​រំពឹង​ទុករបស់​ថ្នាក់ដឹកនាំ។

 

អ្នកស្រី ថ្លែងថា៖ “…យើង​ចង់​បាន​ស្នាដៃ យើង​ចង់​បាន​ការ​សរសើរ។ អ្នកខ្លះ​គាត់​គិត​ថា​អ្ហឺ… របៀប​ថា​ចង់​បាន​អី​គ្រាន់​តែ​សរសើរ ចង់​ឱ្យ​មេ​សប្បាយ​ចិត្ត យក​ចិត្ត​មេ​អី NO មិនមែន​ចឹង​ទេ…ពេល​យើង​ធ្វើ​ការ​ឱ្យ​គេ​លើស​ពី​ការ​រំពឹង​ទុក យើង​ក៏​សប្បាយ​ចិត្ត គេ​ក៏​សប្បាយ​ចិត្ត”។

 

មិនតែ​ប៉ុណ្ណោះ អ្នកស្រី​រៀបរាប់​ថា ក្រៅ​​ពី​​ស្នាដៃ​ បុគ្គលិក​ក៏​ត្រូវ​ចេះ​រៀនសូត្រ​អ្វី​ថ្មី ពី​មិត្តរួមការងារ  និង​ចៅ​ហ្វាយ​នាយ​​ជាដើម ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត។

 

“ក្រុមហ៊ុននីមួយៗ​មាន​គោលការណ៍​ផ្សេងគ្នា ដូចជាក្រុមហ៊ុន​ខ្លះ​ផ្ដល់វគ្គសិក្សាខ្លីៗ​ដល់​បុគ្គលិក។ បើ​មាន​ឱកាស​រៀន​ ត្រូវ​តែ​រៀន។ បើ​មិន​អ៊ីចឹង​ទេ បុគ្គលិក​ខ្លួន​ឯង​នោះ ត្រូវ​លួចរៀនអ្វី​ល្អ​ពីអ្នកធ្វើការ​ជាមួយ​គ្នា ឬ​រៀន​ពី​មេអី​ចឹង​ទៅ”។

 

​ប៉ុន្តែ​យ៉ាងណាក្ដី អ្នកស្រី​បន្ថែម​ថា បើសិនជា​នរ​ណា​ម្នាក់​យល់ឃើញ​​ថា ការងារ​ដែលខ្លួន​កំពុង​​ធ្វើ​រាល់​ថ្ងៃ​ គ្មាន​អ្វី​រៀន​បន្ត​ទៀត ហើយគាត់​​ចង់​ភ្លក់​​រសជាតិការងារ​ថ្មី គាត់​គួរ​តែ​ផ្លាស់ប្ដូរ​ ដើម្បីទទួលបាន​ចំណេះដឹង​​កាន់​តែ​ប្រសើរ៕

 


ចង់​ដឹង​ប្រវត្តិ​របស់ CEO វ័យក្មេង​រូប​នេះ សូម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ អ៊ុំ សុភក្តិ