ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​នេះ​​ចេះ​កែ​ខ្លួន

អនុស្សាវរីយ៍​គឺ​ជា​ស្នាម​ដំបៅ​ដ៍​សែន​ឈឺចាប់​ដែល​កន្លង​ផុត​ទៅ​៧​ឆ្នាំ​ទៅ​ហើយ​តែ​វា​ហាក់​មិន​សះ​ជា​ឡើយ​។

កាល​ពី​៧​ឆ្នាំ​មុន​ ក្នុង​អំឡុង​ឆ្នាំ​២០០៩​ ខ្ញុំ​ជា​សិស្ស​ថ្នាក់​ទី​៩​ នៃ​វិទ្យាល័យ​មួយ​។ មក​ដល់​ចុង​ឆ្នាំ​ការ​ប្រលង​ជ្រើស​រើស​សិស្ស​ពូកែ​ក៏​មក​ដល់​ ហើយ​ខ្ញុំ​មាន​មោទនភាព​ណាស់​ដោយ​ប្រលង​បាន​លេខ​១​ ក្នុង​ចំណោម​សិស្ស​ប្រចាំសាលា​ ។
ខ្ញុំ​ទទួល​បាន​ការ​សរសើរ​ពី​លោកគ្រូ​អ្នកគ្រូ​ ហើយ​ទីបំផុត​ខ្ញុំ​ក៏​បាន​ប្រលង​ជាប់​ឌីប្លូម​ ដោយ​ជោគជ័យ​ ។
តែ​ដល់​ពេល​ដែល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្លាស់ប្ដូរ​។ ទីនោះ​ឆ្ងាយ​ពី​ផ្ទះ​ មាន​កន្លែង​កម្សាន្ត​មិន​ល្អ​ជាច្រើន​។ ទីបំផុត​ខ្ញុំ​ក៏​លង់​ខ្លួន​ទៅ​នឹង​វា​​ ដើរលេង សេព​គប់ មិត្ត​មិនល្អ​នៅ​ទីនោះ រហូត​ភ្លេច​ការសិក្សា ហើយ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះគឺ​ ពាក្យ​សន្យា​ដែល​ខ្ញុំ​បាន​សន្យា​នឹង​ស្រី​ម្នាក់​ដែល​រៀន​ជាមួយ​គ្នា​តាំង​ពី​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​៩​ ថា​យើង​នឹង​កសាង​អនាគត​ជា​មួយ​គ្នា។​ ទីបំផុត​ពាក្យ​សន្យា​ជាមួយ​នាង ​ខ្ញុំ​ក៏​ភ្លេច​បាត់​។

 

ដល់ពេល​នោះ ​ការ​សិក្សា​របស់​ខ្ញុំ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ រហូត​ដល់​ស្រោច​ស្រង់​លែង​បាន​។ ហើយ​ថ្ងៃ​មួយ​ នាង​បាន​ចាប់​ដៃ​ខ្ញុំ​ហើយ​និយាយ​ប្រាប់​ថា​ «ដឹងថាខ្លួន​រាល់ថ្ងៃ​ កំពុង​ធ្វើ​អ្វី​អត់?​ គេចម៉ោង​ ដើរ​លេង​ច្រើន​ ការសិក្សា​ក៏​អន់​ ចុះឯណា​ថា ​កសាង​អនាគត​នោះ​ ភ្លេច​អស់​ហើយ​ឬ?​»។ ខ្ញុំ​មិន​ស្ដាប់​នាង​ទេ​ហើយ​ក៏​ដើរ​ចេញ​ពី​នាង​ទាំង​គំរោះគំរើយ​។
រហូត​ដល់ពេល​មួយ…​
នាង​បាន​ផ្លាស់​ទៅ​រៀន​នៅ​ភ្នំពេញ។ ​នាង​បាន​លា​ខ្ញុំ ហើយ​បាន​ផ្ដាំ​ថា​នាង​មិន​ចង់​រាប់អាន​ខ្ញុំ​រាល់​ថ្ងៃ​នេះ​ទេ នាង​ស្រលាញ់​ខ្ញុំ​កាល​ពី​ថ្នាក់​ទី​៩ ជា​ក្មេង​ល្អ គឺ​មិន​មែន​សភាព​ដូច​ពេល​នេះ។

ថ្ងៃ​នោះ​ហើយ ជា​ថ្ងៃ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​សោកសៅ​នៅ​ក្នុង​ចិត្ត​ជា​ខ្លាំង។ មក​ដល់​ផ្ទះ​ ម៉ាក់​ប៉ា ស្ដី​បន្ទោស​ខ្ញុំ​ជា​ខ្លាំង រឿង​ខ្ញុំ​រៀន​ខ្សោយ​ ដំណឹង​ដើរ​លេង​ច្រើន នឹង​ការ​លង់​ខ្លួន​របស់​ខ្ញុំ​បាន​ដឹង​មក​ដល់​គាត់។
ថ្ងៃ​នោះ​ខ្ញុំ​នៅ​ក្នុង​បន្ទប់ ខ្ញុំ​គិត​ថា​ខ្លួន​ឯង​កើត​ថី?​ រាល់​ថ្ងៃ​កំពុង​ធ្វើ​អី? អង្គុយ​គិត​ទៅ គិត​មក​ ក៍​បាន​ឃើញ កូន​សៀវភៅ​តូច​មួយ នៅ​ក្នុង​កាតាប​របស់​ខ្ញុំ។
ខ្ញុំ​បើក​វា​មើល… អក្សរ​ក្នុង​នោះ​ហើយ​ដែល​វា​ដូចជា​អាវុធ​ដ៏​មុត​ស្រួច ចាក់​សម្លាប់ ខ្ញុំ​ឲ្យ​រលាយ​សាប​ សូន្យ​អញ្ចឹង! ខ្ញុំ​ចាំ​ច្បាស់​ថា​អក្សរ​នេះ​ជា​អក្សរ​នាង ហើយ​អត្ថន័យ​សង្ខេប​ថា «ខ្ញុំ​នឹង​រង​ចាំ​ពាក្យ​សន្យា​របស់​ក្មេង​ប្រុស​ដ៏​សែន ស្អាត​ឆ្លាត នឹង​ជា​ស្នេហា​ដំបូង​បំផុត​របស់​ខ្ញុំ​ដូច​កាល​ថ្នាក់​ទី​៩​ តែ​មិន​មែន​យើង​ពេល​នេះ​ទេ សូម​សង​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ​វិញ ខ្ញុំ​នឹង​រង់ចាំ»។

 

ស្នេហា​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​នេះ​​ចេះ​កែ​ខ្លួន

(រូបតំណាង)

 

ទឹកភ្នែកហូរ …
ខ្ញុំ​ចាប់​ផ្ដើម​គិត​យល់។ ​ខ្ញុំ​បាន​សុំទោស​ម៉ាក់ប៉ា​សន្យា​នឹង​លុប​លាង​កំហុស​នេះ​ នឹង​ធ្វើ​ជា​ក្មេង​ល្អ​ដូច​កាល​ពី​មុន​។
ដោយ​សារ​តែ​នាង​ខ្ញុំ​បាន​គិត​យល់​ ហើយ​ខ្ញុំ​នឹង​ទៅ​សង​ក្មេង​ប្រុស​ម្នាក់​ដែល​នាង​ស្គាល់​កាលពី​ថ្នាក់​ទី​៩​ ដល់​នាង​វិញ​នៅ​ថ្ងៃ​ណាមួយ​ ។

ហើយ​ពេល​នេះ​ខ្ញុំ​ចង់​ឲ្យ​មិត្តភ័ក្ដិ​ទាំង​អស់​ដែល​បាន​អាន​អត្ថបទ​នេះ​ដឹង​ថា​ ដុំ​ពេជ្រ​នៅ​ក្បែរ​ខ្លួន​យើង​មើល​មិន​ឃើញ​ មិន​ថែរក្សា​ ទៅ​រើស​ដុំ​ថ្ម​ មកដាក់​ខ្លួន​ធ្ងន់​លើ​ក​មិន​រួច​ វេទនា​យ៉ាង​ណា៎​?
មក​ដល់​បច្ចុប្បន្ន​នេះ​ ខ្ញុំ​មិន​ដឹង​ថា​នាង​ទៅ​ជា​យ៉ាង​ណា​ នាង​ភ្លេច​ខ្ញុំ​ហើយ​ឬ​យ៉ាង​ណា?​ នាង​នៅ​ខឹង​នឹង​ខ្ញុំ​ទៀត​ទេ?​ នាង​នៅ​ចាំ​បាន​ អនុស្សាវរីយ៍​កាល​ពី​៧ឆ្នាំ​មុន​ខ្លះ​ទេ?​ ឬ​នាង​លែង​ខ្វល់​ បំភ្លេច​បុរស​ម្នាក់​នេះ​ហើយ?​
សូម​ផ្ដាំ​ផ្ញើ​ទៅ​ដល់​នាង​ថា​ ក្មេង​ប្រុស​ម្នាក់​ដែល​នាង​ស្គាល់​កាលពី​ថ្នាក់​ទី​៩​បាន​ត្រឡប់​មក​វិញ​ហើយ​ ហើយ​ក៏​សុំទោស​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​កាល​ពី​មុន​ ចង់​ប្រាប់​ថា​សុំ​ទោស​ សុំទោស​នូវ​អ្វី​គ្រប់យ៉ាង​ ។
ហើយ​ចុង​ក្រោយ​ខ្ញុំ​ សង្ឃឹម​ថា​នាង​បាន​អាន​អត្ថបទ​នេះ​ ហើយ​នាង​នឹង​លើក​លែង​ទោស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្ញុំ​។ នាង​បាន​ផ្ដល់​ពន្លឺ​ដល់​ខ្ញុំ​ ទើប​ខ្ញុំ​អាច​គេច​ផុត​ពី​គុក​ងងឹត​នោះ​បាន។​ ពេល​នេះ​ វិប្បដិសារី​វា​ដិតដាម​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​ មិន​ដឹង​ថា​ពេល​ណាមួយ​វា​នឹង​រលាយ​បាត់​ទៅ​នោះ​ទេ​ ។
ខ្ញុំ​នឹង​យក​បំណែក នៅ​ពេល​ដែល​អ្នក​ធ្លាក់​ចុះ។
ខ្ញុំ​នឹង​កាន់​ដៃ​របស់​អ្នក​និង​ជួយ​អ្នក​ឈរ​នៅ​ទី​ខ្ពស់ ហើយ​នៅ​ពេល​មួយ…អ្នក​នឹង​ដឹង​ថា អ្នក​មិន​នៅ​ម្នាក់​ឯង​ទេ គឺ​មាន​ខ្ញុំ​ចាំ​ជួយ​អ្នក​ជានិច្ច។

 

អត្ថបទមុន៖ អរគុណ​ដែល​បាន​ដើរ​មក​ក្នុង​ជីវិត​ខ្ញុំ​

អត្ថបទ​ ៖​ ក្មេង​ប្រុស​ពីមុន​

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា