អ្នក​​​យក​​​ព័ត៌មាន​​​​ឱ្យ​បណ្ដាញ​ព័ត៌មាន​អប្សរា​ដាក់​​​ពាក្យ​​​បណ្តឹង​​​ពាក់​​​ព័ន្ធ​​​​​​ការ​​​គំរាម​​​ពី​​មន្ត្រីនគរ​​​បាល​​​

មន្ត្រីតុលាការបានឲ្យដឹងថា សាលាដំបូងខេត្តមណ្ឌលគិរី នឹងសើុបអង្កេតលើបណ្តឹងដែលប្តឹងដោយអ្នកយកព័ត៌មានក្នុងមូលដ្ឋានម្នាក់កាលពីម្សិលមិញ ដែលបានចោទប្រកាន់មន្ត្រីនគរបាលពីរនាក់ថា បានគំរាមវាយដំគាត់ដោយសារគាត់បានថតរូបផ្តិតយកប្រតិបត្តិការឈើខុសច្បាប់របស់ពួកគេកាលពីចុងសប្តាហ៍។ លោក ឌឹម សឿន អ្នកយកព័ត៌មានឲ្យបណ្តាញព័ត៌មានអប្សរាបានលើកឡើងថា លោក សួស វ៉ូរ៉ា អធិការរងស្រុកកែវសីមា និងប្អូនប្រុសរបស់លោកឈ្មោះ សួស អង្គា ដែលជាមន្ត្រីនគរបាលការពារព្រំដែន បានចាប់គាត់ពេលថតផ្តិតយករូបភាពឈើកាប់ខុសច្បាប់មួយគំនរនៅក្នុងបរិវេណផ្ទះរបស់ពួកគេ ហើយពួកគេបានលុបរូបថតរបស់គាត់ចោល ដោយគំរាមវាយដំ និងបានឃាត់ខ្លួនគាត់អស់រយៈពេលជាង១ម៉ោង។ លោក ឌឹម សឿន បានមានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្តឹងទៅលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរីកាលពីម្សិលមិញ បន្ទាប់ពីគាត់ត្រូវបានបដិសេធពីរលើកដោយព្រះរាជអាជ្ញារង ជា សុវណ្ណថេត។ លោកបាននិយាយថា ”ព្រះរាជអាជ្ញារូបនេះបានសន្យាថា គាត់នឹងស្វែងរកយុត្តិធម៌ឲ្យខ្ញុំ ហើយបំណងសំខាន់របស់ខ្ញុំគឺស្វែងរកយុត្តិធម៌ឲ្យខ្លួនឯង និងទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតឡើងលើអ្នកកាសែតផ្សេងៗទៀតទៅថ្ងៃមុខ”។ លោក ឡុង ហុកម៉េង បានបញ្ជាក់អំពីការទទួលពាក្យបណ្តឹងនេះ ហើយបានសន្យា “បន្តសំណុំរឿងនេះ”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ៕ស៊ុយឈាង © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post អ្នក​​​យក​​​ព័ត៌មាន​​​​ឱ្យ​បណ្ដាញ​ព័ត៌មាន​អប្សរា​ដាក់​​​ពាក្យ​​​បណ្តឹង​​​ពាក់​​​ព័ន្ធ​​​​​​ការ​​​គំរាម​​​ពី​​មន្ត្រីនគរ​​​បាល​​​ appeared first on The Cambodia Daily.