លោក អួ​ង ម៉ូ​លី អធិការនគរបាល​ស្រុក​សណ្ដាន់ ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក នេ​ង សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​លើ​លោក អួ​ង ម៉ូ​លី អធិការនគរបាល​ស្រុក​សណ្ដាន់​ជាបន្ទាន់ ព្រោះ​មន្ត្រី​រូបនេះ​យក​អំណាច​ទៅ​ការពារ​ប្រពន្ធ​និង​កូនៗ​របស់ខ្លួន​ដែល​ទាក់ទង​ទៅនឹង​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ប្រពន្ធ​និង​កូនៗ​របស់លោក អួ​ង ម៉ូ​លី ជា​មេខ្លោង​នាំ​ឲ្យ​មាន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​យ៉ាង​ពេញ​ប​ន្ទុ​កនា​ពេលកន្លងមក ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹងថា​អ្នកស្រី ផាន់​នី ប្រពន្ធ​លោក អួ​ង ម៉ូ​លី និង​កូនៗ គឺជា​អ្នក​ជួល​ប្រជាពលរដ្ឋ​មួយចំនួន​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​ឡង់ និង​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ អ្នកភូមិ​ខ្លះ​បាន​ឲ្យ​ដឹងថា ពួកគាត់​ធ្លាប់​ស៊ីឈ្នួល​ចូលទៅ​អារឈើ​ឲ្យ​អ្នកស្រី ផាន់​នី និង​កូនប្រុស​២​នាក់​ទៀត​ឈ្មោះ បូ​រ៉េត និង​ឈ្មោះ បូរី ដោយ​ក្នុង​ឈើ​១​ម៉ែត្រគូប​ទទួលបាន​ប្រាក់​១៦​ម៉ឺន​រៀល​។ អ្នកភូមិ​បាន​ឲ្យ​ដឹងថា​ការដែល​អ្នកស្រី ផាន់​នី និង​កូនៗ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​អាង​លោក អួ​ង ម៉ូ​លី អធិការនគរបាល​ស្រុក​សណ្ដាន់ ដែលជា​ប្ដី​និង​ជា​ឪពុក​របស់​ពួកគេ​។

មន្ត្រី​អាជ្ញាធរ​តូចតាច​នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទោះបី​តំបន់​ព្រៃ​ឡង់​ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​ការពារ​និង​អភិរក្ស ហើយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន​យ៉ាងណាក៏ដោយ ក៏​ក្រុមគ្រួសារ​លោក អួ​ង ម៉ូ​លី នៅតែ​អាច​ជួល​មនុស្ស​ឲ្យ​ចូលទៅ​កាប់​ឈើ​ដោយ​លួចលាក់​បាន​ដូច​មុន​ដដែល​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា​អ្នកស្រី ផាន់​នី និង​កូនៗ បាន​ជួល​អ្នកភូមិ​ជាច្រើន​នាក់​និង​ម៉ាស៊ីន​អារឈើ​១០​ទៅ​២០​គ្រឿង​ឲ្យ​ចូលទៅ​កាប់​ឈើ​នៅ​ក្នុងព្រៃ​ឡង់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​របស់​ក្រុមគ្រួសារ​លោក អួ​ង ម៉ូ​លី កើតមាន​រយៈពេល​៤​ឆ្នាំ​មកហើយ មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​បង្ក្រាប​នោះទេ​។

អ្នកភូមិ​មួយចំនួន​ដែល​ស៊ីឈ្នួល​កាប់​ឈើ​ឲ្យ​ក្រុមគ្រួសារ​លោក អួ​ង ម៉ូ​លី បាន​បញ្ជាក់ថា​ដោយសារតែ​ជីវភាព​ក្រីក្រ​ទើប​ពួកគេ​ចូល​ព្រៃ​កាប់​ឈើ​ជា​ថ្នូរ​នឹង​លុយ​១៦​ម៉ឺន​រៀល​ក្នុង​១​ម៉ែត្រគូប ហើយ​អ្នកស្រី ផាន់​នី និង​កូនៗ បាន​រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចជាស្រេច​។ បញ្ហា​នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក អួ​ង ម៉ូ​លី ប្រើប្រាស់​អំណាច​ការពារ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ប្រពន្ធ និង​កូនៗ​ខ្លួន​នោះទេ ហើយ​គួរ​ចាត់វិធានការ​តាមច្បាប់​ផងដែរ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​។ ប្រភព​ខ្លះ​សង្ស័យថា ស្នងការ​នគរបាល​ខេត្តកំពង់ធំ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​លោក អួ​ង ម៉ូ​លី អធិការនគរបាល​ស្រុក​សណ្ដាន់ ទើប​បណ្ដោយ​ឲ្យ​មន្ត្រីនគរបាល​រូបនេះ ប្រើ​អំណាច​កាង​ក្រុមគ្រួសារ​ដែល​ប្រព្រឹត្ត​បទល្មើស​យ៉ាង​ក្រអឺតក្រទម​៕

នាយឧត្តមសេនីយ៍-នេត-សាវឿន-1លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ 1affc4bb-08e5-418d-9b5c-a55dcc16e79f