កូរ៉េខាងជើង ចាត់ទុក​ទណ្ឌកម្ម​អាមេរិក ថា ប្រមាថ​លោក​គីម ជុង​អ៊ុន និង​ជាការ​ប្រកាសសង្គ្រាម និពន្ធដោយ : ទេព អ៊ីវិសាល       July-08-2016, 9:58 am         1540

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងជើង ចាត់ទុក​ទណ្ឌកម្ម​អាមេរិក ថា ប្រមាថ​លោក​គីម ជុង​អ៊ុន និង​ជាការ​ប្រកាសសង្គ្រាមលោក គឹម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង។ រូបថត AP​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ប្រតិកម្ម​ខ្លាំង និង​ចាត់ទុក​ការប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​លើ​មេ​ដឹក​កំពូល​កូរ៉េខាងជើង​លោក​ប្រធានាធិបតី គីម ជុង​អ៊ុន និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ផ្សេងទៀត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​ពី​ការរំលោភ​សិទ្ធិមនុស្ស គឺ​ប្រៀបប្រដូច​ទៅនឹង​ការប្រកាសសង្គ្រាម​ដូច្នោះ​ឯង​។

​ក្រសួងការបរទេស​កូរ៉េខាងជើង បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដែល​ចុះផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA ដោយបាន​បញ្ជាក់ថា «​អាមេរិក ហ៊ាន​ប្រមាថ​ចំពោះ​កិត្តិនាម​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង ដែល​សកម្មភាព​នេះ ប្រៀបប្រដូច​ទៅនឹង​កូន​ឆ្កែ​ដែល​មិន​ខ្លាចខ្លា​ដូច្នេះ​ឯង​»​។ ក្រសួង ក៏បាន​បញ្ជាក់​ផងដែរ​ថា​ការធ្វើ​បែបនេះ គឺជា​រឿង​មួយ​ដ៏​ផុយស្រួយ​បំផុត និង​ជាការ​ប្រកាសសង្គ្រាម​យ៉ាង​ចំហរ​ប្រឆាំង​កូរ៉េខាងជើង ដែល​នេះ គឺ​វា​បាន​ចាក​ឆ្ងាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​ទៅទៀត​។

​បន្ថែម​ពីនេះ ក្រសួង ក៏បាន​ទាមទារ​ឲ្យ​អាមេរិក ដកចេញ​ទណ្ឌកម្ម​នោះ​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​ការ​ហ៊ាន​ប្រមាថ និង​បញ្ឈឺចិត្ត​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​០៦ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ អាមេរិក បានប្រកាស​ទណ្ឌកម្ម​ជា​ឯកតោភាគី​ទៅលើ​បុគ្គល​សំខាន់​២៣​រូប ដែល​ក្នុងនោះ ក៏​រាប់បញ្ចូល​ទាំង​ប្រធានាធិបតី​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​។ បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ក្រសួងការបរទេស​អាមេរិក ការវាយតម្លៃ​នេះ ដោយ​ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​ជាច្រើន​ខែ និង​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ​។

​តាម​មន្ត្រីជាន់ខ្ពស់​ដដែល​នោះ ទណ្ឌកម្ម​លើ​លោក គីម ជុង​អ៊ុន ដោយសារ​លោក​គឺជា​អ្នកទទួលខុសត្រូវ​ក្នុង​របប​ដឹកនាំ​ដែលមាន​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ ការចាប់ខ្លួន និង​ឃុំខ្លួន​ខុសច្បាប់ និង​ការធ្វើ​ទា​រុ​ណ្ឌ​កម្ម​ជាដើម​។

​តាមពិតទៅ ការដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង មិនមែនជា​រឿង​អ្វីដែល​ថ្មី​នោះទេ​។ តែ​រឿង​ដែល​ថ្មី​បំផុត​នោះ​គឺ ការដាក់ទណ្ឌកម្ម​ទៅលើ​បុគ្គល ជាពិសេស​នោះ គឺ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង និង​ជា​មេដឹកនាំ​វ័យក្មេង​ពិភពលោក លោក​គីម ជុង​អ៊ុន​។ ហើយ​ប្រាកដ​ណាស់​ទណ្ឌ​កម្មនេះ មិនមាន​ប្រសិទ្ធភាព​អ្វី​ធ្ងន់ធ្ងរ​ឡើយ​ដើម្បី​ជា​សម្ពាធ​លើ​នយោបាយ​កូរ៉េខាងជើង តែ​បញ្ហាសំខាន់​នោះ​គឺ កេរ្តិ៍ឈ្មោះ​របស់​មេ​ដឹក​កំពូល​នៅក្នុង​ឆាក​អន្តរជាតិ​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០២ ខែមីនា កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ ក៏បាន​អនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​៕