អាង​មាឌ​ធំ ​ស្រវឹង​ស្រា​បង្ក​រឿងរ៉ាវ​គ្រប់​ពេល​ គេ​ទ្រាំ​មិនបាន​ ទាញ​កាំបិត​កាប់​ដាច់​ម្រាមដៃ​

អាង​មាឌ​ធំ ​ស្រវឹង​ស្រា​បង្ក​រឿងរ៉ាវ​គ្រប់​ពេល​ គេ​ទ្រាំ​មិនបាន​ ទាញ​កាំបិត​កាប់​ដាច់​ម្រាមដៃ​



ភ្នំពេញ​ ៖​ បុរស​ម្នាក់​ បាន​រង​របួស​ដាច់​ម្រាមដៃ​អស់​ចំនួន​៤ ​ដោយសារតែ​ពូកែ​បង្ក​រឿងរ៉ាវ​ដល់​គេឯង​នៅ​ពេល​​​ស្រវឹង​ម្តងៗ ប៉ុន្តែ​ជន​ដៃ​ដល់ ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​របួស​ស្នាម​នេះ ​ក៏​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ចាត់ការ​បង្ក្រាប​បាន​ភ្លាមៗ​ដែរ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្ទះ​ជួល​១​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្រុង​ភ្នំពេញ។

ភាគី​បង្ក​ទំនាស់​ទាំង​២​នាក់​នោះ ខាង​អ្នក​រង​របួស​ដែល​ថា​ល្បី​ខូច តែ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​នោះ​មាន​ឈ្មោះ មាន វាសនា ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ គ្មាន​មុខរបរ​ច្បាស់លាស់ ស្នាក់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​។ ចំណែក​ជនរងគ្រោះ ​ដោយ​ការ​គំរាមកំហែង តែ​បាន​ក្លាយ​ជា​ជន​បង្ក​បទ​ល្មើស​ត្រូវ​ចាប់ខ្លួន​ក្នុង​ករណី​នេះ​មាន​ឈ្មោះ សំនៀង ស្រស់ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មុខរបរ​ជាង​សំ​ណង់ ជំនាញ​ខាង​ពិតាន​ផ្ទះ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះ​ជួល​កន្លែង​កើត​ហេតុ​ខាង​លើ។

លោក​អនុសេនីយ៍ឯក ដួង វ​ណ្ណៈ ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ភ្នំពេញ​ថ្មី​បាន​ឲ្យ​ដឹង​ថា យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នោះ រួម​ទាំង​ចម្លើយ​របស់​ជន​សង្ស័យ​ផង​ បាន​ប្រាប់​ថា នា​ពេល​កន្លង​មក ជា​ញឹកញយ​ណាស់ ​ជន​ឈ្មោះ មាន វាសនា នេះ ​ឲ្យ​តែ​ផឹក​ស្រា​ស្រវឹង​ម្តងៗ​ តែងតែ​និយាយ​ឡូឡា​ឌឺដង ជេរ​បញ្ជោរ គេឯង ​បង្ក​រឿង​មិន​ចេះ​ចប់ ហើយ​ថ្ងៃ​កើត​ហេតុ​ ជន​នេះ​បាន​ផឹក​ស្រា​ស្រវឹង​មក​បង្ក​បញ្ហា​ដាក់​គេឯង​ទៀត​ ទើប​ឈ្មោះ សំនៀង ស្រស់ អត់ទ្រាំ​មិនបាន​ ក៏​យក​កាំបិតបុ័ងតោ​មក​កាប់​ បណ្ដាល​ឲ្យ​ដាច់​ម្រាមដៃ​ឆ្វេង​ចំនួន​៤​ម្រាម ស្រែក​ស្លន់ស្លោ​ឲ្យ​គេ​ជួយ ស្វាង​ស្រវឹង​ស្រា​តែម្ដង។

ក្រោយ​ពី​មានការ​ផ្អើល​ឆោឡោ​កើត​ឡើង កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី បាន​ទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ឃាត់ខ្លួន​ជន​បង្ក​ហិង្សា​បាន​ជាក់ស្ដែង ​យក​មក​សួរនាំ​ចាត់ការ​តាម​ច្បាប់ រីឯ​ជន​ដែល​ត្រូវ​របួស​ ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្យាបាល៕