លោក ហ៊ុន សែន បញ្ជា​ឲ្យ​លុប​ចោល​ការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ចំពោះ​ការ​ប្រើ​គោរមងារ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​លុប​ចោល​ការ​​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ចំពោះ​ការ​ប្រើប្រាស់​គោរមងារ «សម្ដេច» ខណៈ​ក្រសួង​នេះ​ទើប​តែ​ចេញ​សេចក្ដី​ប្រកាស​បង្ខំ ឲ្យ​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ និង​ក្នុង​ស្រុក​មួយ​ចំនួន គោរព​តាម​ការ​ណែនាំ​របស់​ខ្លួន។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សរសេរ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ថា ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ទាត់​ចោល នូវ​សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​ស្ដីពី​ការ​ប្រើ​ប្រាស់​គោរមងារ «សម្ដេច» ចុះ​ថ្ងៃទី០៦ ខែ​កក្កដា ឆ្នាំ​២០១៦។

ជា​ការ​បញ្ជាក់​​លើ​បទ​បញ្ជា​ឲ្យ​លុប​ចោល​ការ​​ណែនាំ​របស់​ក្រសួង​ព័ត៌មាន លោក ហ៊ុន សែន ក៏​សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា រដ្ឋាភិបាល​គ្មាន​ការ​ចាំបាច់​តម្រូវ​ឲ្យ​ត្រូវ​តែ​សរសេរ ដាក់​ឲ្យ​ចំ គោរមងារ​ទេ ប្រសិន​បើ​អ្នក​សារព័ត៌មាន​មិន​ចង់​ប្រើ។ ប៉ុន្តែ​លោក​ស្នើ​ដល់​អ្នក​សារព័ត៌មាន ឲ្យ​គោរព​ក្រម​សីលធម៌ និង​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់ ចៀសវាង​ចែកចាយ​ព័ត៌មាន​មិន​ពិត។

សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃទី០៦ ខែ​កក្កដា គឺ​ជា​ការ​ព្រមាន​ចុង​ក្រោយ ដើម្បី​ចាប់​បង្ខំ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ដែល​មិន​ព្រម​ហៅ​គោរមងារ តាម​ការ​ណែនាំ​របស់​ខ្លួន។ បន្ថែម​ពី​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ក៏​ព្រមាន​ពី​លើ​ថា ក្រសួង​ព័ត៌មាន នឹង​បិទ​មិន​ឲ្យ​ផ្សាយ​​​របស់​អង្គភាព​សារព័ត៌មាន​ណា ដែល​មិន​ប្រើ​គោរម​ងារ​ «សម្ដេច» ក្នុង​ខែ​កក្កដា នេះ​ផង។

កន្លង​មក​ក្រសួង​ព័ត៌មា​ផ្ដល់​ហេតុផល​ថា ការ​តម្រូវ​ឲ្យ​ហៅ​គោរមងារ «សម្ដេច» នេះ គឺ​ធ្វើ​តាម​សេចក្ដី​ស្នើសុំ​របស់​គណៈរដ្ឋមន្ត្រី ដើម្បីអនុវត្ត​តាម​ព្រះរាជក្រឹត្យ​តែងតាំង​គោរមងារ​របស់​ព្រះមហាក្សត្រ

ទោះ​បី​ជា​មាន ការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​កាល​ពី​ខែ​ឧសភា ឲ្យ​ហៅ​គោរមងារ​នេះ​ក្ដី ក៏​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន នៅ​មិន​ព្រម​ហៅ​តាម​ការ​ណែនាំ​ឡើយ ក្នុង​នោះ​រួម​មាន​វិទ្យុ​វីអូអេ (VOA) វិទ្យុ​បារាំង​អន្តរជាតិ (RFI) វិទ្យុ​អាស៊ីសេរី (RFA) កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) កាសែត​ខ្មែរ​ថែមស៍ (Khmer Times) និង​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។