ចង់​បញ្ចប់​​ជីវិត! ព្រោះ​​ធ្លាប់ជា​ថៅកែ បែរ​​ធ្លាក់ខ្លួន​ក្រ​តោក​យ៉ាក

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​ខណៈ​ស្ត្រី​ម្នាក់​ជា​ថៅកែ​នំ​ម្នាក់ បាន​ធ្វើ​ដំណើរ​មក​លើ​ស្ពាន​ជ្រោយចង្វារ ប៉ង​លោតទឹក​ទន្លេ​សម្លាប់​ខ្លួន តែ​មិន​សម្រេច​នោះ​ទេ ព្រោះ​ត្រូវ​អ្នកដំណើរ​ជា​សិស្ស រត់​មក​ជួយ​ឃាត់​ទាន់ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ កក្កដា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​លើ​ស្ពាន​ជ្រោយ​ចង្វារ​ផ្នែក​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយសារ​តែ​តូចចិត្ត​ធ្លាក់ខ្លួន​ក្រ​ពេក ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ហុង គ​ន្ធា អាយុ​៤៧​ឆ្នាំ ជា​អតីត​ថៅកែ​នំ​យីហោ «​ហុង អ៊ី​ន​ហ្វុ​ង​» នៅ​ម្តុំ​ផ្សារ​ដើម​គរ សព្វថ្ងៃ​ស្នាក់​​នៅផ្ទះ​ជួល​ជិត​ផ្សារ​ចាស់ មាន​ប្តី​ជា​មន្ត្រី​អាវុធហត្ថ និង​មានកូន​៥​នាក់ ។

បើ​តាម​ការ​អះអាង​ពី​ស្ត្រី​រង​គ្រោះ បន្ទាប់​ឃាត់​ហើយ​នាំ​យក​មក​សួរនាំ​ទើប​ដឹង​ថា រូប​គាត់​តូចចិត្ត​និង​វាសនា​ខ្លួនឯង​ណាស់ ដែល​ពី​មុន គាត់​ជា​ថៅកែ​នំ​ម្នាក់ តែ​អភ័ព្វ​ដោយសារ​ត្រូវ​ប្តី បាន​បំផ្លាញ​ទ្រព្យ​ទៅ​លេងល្បែង​ស៊ីសង​ក្នុង​ណា​ហ្គា ។ ចំណែក​កូន ក៏​ធ្វើបាប​ផ្លូវចិត្ត​ទៀត ហើយ​សព្វថ្ងៃ គាត់​អស់ទ្រព្យ​សម្បត្តិ​រលីង​ហើយ ដោយ​ធ្លាក់ខ្លួន​ទៅ​ស៊ីឈ្នួល​លាងចាន​ឱ្យ​បងប្អូន ។ ដូច្នេះ គាត់​ខូច​ចិត្ត​ដោះស្រាយ​វាសនា​ខ្លួនឯង​លែង​ចេញ ទើប​សម្រេចចិត្ត​មក​បញ្ចប់ជីវិត​តែ​ម្តង​ទៅ ។