ជនជាតិ​អង់គ្លេស​២​នាក់​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ

ខេត្តកំពត ៖ ជនជាតិ​អង់គ្លេស​២​នាក់ ត្រូវ​បាន​គេ​ដឹង​ថា​បាន​ស្លាប់​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦​ដូច​គ្នា ដែល​ម្នាក់​ស្លាប់​ក្នុង​ហាង​ជួល​របស់​ខ្លួន ចំណុច​ខាងត្បូង​សួនច្បារ ខាងកើត​ផ្សារ​ក្រណាត់ ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ឯ​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ស៊ុន​យ៉ា​ឃៀ​ល ស្ថិត​ក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។

តាម​មន្ត្រី​នគរបាល​ដែល​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ​ខេត្ត និង​ក្រុង បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យលើ​សាកសព​ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​មានឈ្មោះ JONES MATTHEW DAVID NEVIL ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង​ពិតប្រាកដ​មែន ហើយ​ក៏​បាន​ប្រគល់​សព​ជូន​សមត្ថកិច្ច​អន្តោប្រវេសន៍ ដើម្បី​ទំនាក់ទំនង​ប្រគល់​ស្ថានទូត ។

ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល ត្រូវ​បាន​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​សាកសព​បាន​ឲ្យ​ដឹង​ថា ឈ្មោះ TAFFJAMES EDWARD ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស បាន​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង​ នៅ​ក្នុង​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល ស្ថិត​ក្នុងភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត វេលា​ម៉ោង​១៤ និង​៤០​នាទី​រសៀល នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ ។

សាកសព​ជនបរទេស​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ស្ថានទូត​មក​ទទួលយក​ទៅ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នា​ល្ងាច​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ ៕