ក្រុមហ៊ុន​ស្ករអំពៅ​នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រឈម​នឹង​ទុក្ខវេទនា​

ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ​រស់នៅ​ភូមិ​ត្រពាំង​កណ្ដោល ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​បើក​របងលួស​បន្លា​ដែល​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​២​បិទផ្លូវ​មិន​ឲ្យ​ពួកគាត់​ដឹក​កសិផល និង​ធ្វើដំណើរ​ឆ្លងកាត់​។ ក្រុមហ៊ុន​ស្ករស​ទាំង​២​នោះ គឺ​ក្រុមហ៊ុន​ស្ករអំពៅ​កោះកុង​(Koh Kong Sugar) និង​ក្រុមហ៊ុន​ផ្លែ​ន​ថេ​សិន អ៊ិន​ដាស​ស្ទ្រី​(Plantation Industry) ដែលមាន​ម្ចាស់​ជា​ជនជាតិ​សៀម ហើយ​បិទផ្លូវ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ចេញចូល​ធ្វើដំណើរ​ឆ្លងកាត់​តាំងពី​ដូនតា​មក​។ ប្រជាពលរដ្ឋ​រងគ្រោះ​ក៏បាន​អំពាវនាវ​ឲ្យ​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​ផងដែរ ព្រោះ​កសិផល​របស់​ពួកគាត់​មិនអាច​ដឹកចេញទៅ​ទីផ្សារ​បានឡើយ​។

​ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ​រស់នៅ​ភូមិ​ត្រពាំង​កណ្ដោល ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​២​របស់​អ្នកវិនិយោគ​ជនជាតិ​សៀម បាន​បិទ​របង​បន្លា​លួស​លើផ្លូវ​លំ​មិន​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ចេញចូល​ភូមិ គឺ​គ្មាន​ផ្លូវ​ដឹក​កសិផល​ចេញទៅ​លក់​នៅ​ទីផ្សារ​បានឡើយ​។ ក្រុមហ៊ុន​ទាំង​២​នោះបាន​បិទផ្លូវ​តាំងពីដើម​ខែឧសភា​មកម្ល៉េះ ហើយ​ផ្លែឈើ​របស់​ពួកគាត់​និង​ផលដំណាំ​កសិកម្ម​ផ្សេងៗ​ដូចជា សាវម៉ាវ ទុរេន និង​ឪឡឹក​ជាដើម ត្រូវ​ទុំ​ជ្រុះ​ស្អុយរលួយ​ក្នុង​ចម្ការ​ដោយសារតែ​គ្មាន​ផ្លូវ​ដឹក​ទៅ​លក់​នៅ​ទីផ្សារ​។ ប្រជាពលរដ្ឋ​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អភិបាលខេត្ត​កោះកុង ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​សៀម​ទាំង​២​នោះ បើក​របងលួស​បន្លា​ចេញពី​ផ្លូវ​ដើម្បី​ពួកគាត់​អាចធ្វើ​ដំណើរ​និង​ដឹកជញ្ជូន​កសិផល​ឆ្លងកាត់​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​នៅក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ស្ករអំពៅ​របស់​សៀម​ទាំង​២​នោះ កំពុង​ធ្វើ​ឲ្យ​ប្រជាកសិករ​ជាង​៣០​គ្រួសារ​រស់នៅ​ភូមិ​ត្រពាំង​កណ្ដោល ឃុំ​ជីខ​លើ ត្រូវ​ប្រឈម​នឹង​ទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ ការបិទ​ផ្លូវលំ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់ធ្វើ​ដំណើរ​តាំងពី​ដូនតា​មក​នោះ គឺជា​អំពើ​រំលោភសិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​កំរោល ហេតុនេះ​អាជ្ញាធរ​ស្រុកស្រែ​អំបិល អាជ្ញាធរ​ខេត្តកោះកុង ក៏ដូចជា​ក្រសួង ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត មិនត្រូវ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​សៀម​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ​។ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពួកគាត់​កំពុងមាន​ជីវភាព​ធ្លាក់ចុះ​យ៉ាងគំហុក ព្រោះ​ផ្លែឈើ​និង​ផលដំណាំ​កសិកម្ម​ជាច្រើន​មុខ​ត្រូវ​រង​ការខូចខាត​ដោយសារតែ​គ្មាន​ផ្លូវ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ទីផ្សារ​៕

13608272_1571065649855678_801962075_nលោក ប៊ុន លើត អភិបាលខេត្តកោះកុង 8f902acd-1bab-460e-9a63-2aa02af147cd 3fbba84f-f361-4c42-8cbf-8d461f3cb774