បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​ដី ឬ​ហៅ​ច្រក​០១ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ស្នងការ​ខេត្តមណ្ឌលគិរី

រហូតមកដល់​ពេលនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ង៉ាំ​ដី ហៅ​ច្រករ​បៀ​០១ ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មេ​ប៉ុស្ដិ៍​ឡា​បា​ខេ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី សង្ស័យថា​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្ត​នេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​នោះដែរ ទើប​មិន​បញ្ជា​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចាត់វិធានការ​បង្ក្រាប​។ ជាពិសេស​មន្ត្រីនគរបាល​ដែល​ឈរជើង​នៅ​ប៉ុស្ដិ៍​ព្រំដែន​ខាងលើ អាច​ផ្ដល់​ផលប្រយោជន៍​ទៅ​ឲ្យ​លោកស្នងការ​ជាប្រចាំ ទើប​លោកស្នងការ​បណ្ដោយ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ជាច្រើន​គ្រឿង​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​ដី ហៅ​ច្រក​០១ ហើយ​សមត្ថកិច្ច​នគរ​បាល​និង​យោធា​ឈរជើង​តាម​ខ្សែ​ព្រំដែន មិន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់​ពួកគេ​នោះទេ​។ ឈ្មួញ​ឈើ​ធំៗ​ដែល​បន្តសកម្មភាព​យ៉ាង​ពេញបន្ទុក​នោះ ត្រូវគេ​ដឹងថា​ជា​សាច់ញាតិ​មន្ត្រី​យោធា និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​មានការ​បង្ហើប​ឲ្យ​ដឹងថា លោក តូច យ៉ុ​ន ក៏​ជា​ខ្នងបង្អែក​របស់​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ង៉ាំ​ដី ហៅ​ច្រក​០១​ផងដែរ ទើប​សមត្ថកិច្ច​នគរ​បាល​នៅ​ប៉ុស្ដិ៍​ព្រំដែន មិន​ហ៊ាន​បង្ក្រាប​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្រែ​ខ្ទុ​ម បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈើ​ឈ្មោះ ស្រី​ពេជ្រ ដែលជា​កូនស្រី​របស់លោក ឃិន ម៉េង​ស្រេង មេបញ្ជាការរង​យោធា​ខេត្តមណ្ឌលគិរី នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា​យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រករបៀង​ង៉ាំ​ដី ហៅ​ច្រក​០១ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​ឈ្មួញ​ឈ្មោះ ហួត រ័ត្ន ជា​មេបញ្ជាការរង​យោធា​ស្រុក​កែវ​សីមា ក៏​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ដែរ ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សមត្ថកិច្ច​តាម​ព្រំដែន​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវគេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ហើយ​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​៕

តូច-យ៉ុន-07-09-15-0051លោក តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី  WAT-0707s WAT-0707r