សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ

​តាម​ការ​បង្ហើប​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​គ្រញូង ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម គិតតែ​ពី​រឿង​ប្រមូល​លុយ​ពី​ឈ្មួញ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈើ​ធំៗ​ដែល​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​មួយរយៈ​ពេល​ចុងក្រោយ​នេះ ពួកគេ​បាន​យក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត ព្រោះ​ខ្លាច​ទទួលរង​ការគំរាមកំហែង​ពី​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ខេត្តពោធិ៍សាត់​។

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦ មាន​រថយន្ត​កាមរី​ឆ្លាម​ដឹកឈើ​គ្រញូង​១​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ស្ពាន​នៅ​ចំណុច​ស្ពាន​ចុង​ភូមិ ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដែល​ក្រឡាប់​នោះ​ដឹកឈើ​គ្រញូង​ចេញពី​ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ឆ្លងកាត់​ស្នាក់ការ​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្នាក់ការ​នៅ​ភូមិ​ប្រមោយ និង​ឆ្លងកាត់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​បរិស្ថាន​នៅ​ស្រែ​ពាំង​ផងដែរ លុះ​មកដល់​ចំណុច​ស្ពាន​ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ក៏​ក្រឡាប់​ធ្លាក់​ពីលើ​ស្ពាន​តែម្តង​កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦​។ រហូតដល់​ម៉ោង​៣​ទៀបភ្លឺ​ទើប​មាន​មនុស្ស​មួយក្រុម​មក​រើ​យក​ឈើ​ចេញពី​រថយន្ត​ដែល​ក្រឡាប់​ធ្លាក់ទឹក ដាក់​ទៅលើ​រថយន្ត​តា​កូ​ម៉ា​ពណ៌​ស្លែ​១​គ្រឿង​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទៅ​ក្បែរ​ឡើយ​។

មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​អ្នក​មក​រើ​ឈើ​ចេញពី​រថយន្ត​កាមរី​ឆ្លាម​ដែល​ធ្លាក់ចូល​ទឹក​នោះ គឺជា​មនុស្ស​របស់​ឈ្មួញ​ឈើ​ឈ្មោះ ពៅ ដែលជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​គ្រញូង​នៅក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ជាច្រើន​ឆ្នាំ​មកហើយ​។ ចំណែក​អ្នកបើក​បររថ​យន្តកា​ម​រី​ឆ្លាម​ដឹកឈើ​គ្រញូង​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ វីរៈ ហើយ​បុគ្គល​នេះ​តែងតែ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្តពោធិ៍សាត់ ជាពិសេស​យកឈ្មោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ទៅប្រើ​ប្រាស់​តែម្តង​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ក្រុម​ឈ្មួញ​ដឹកឈើ​គ្រញូង​ដោយសារតែ​គេ​ដឹងថា ក្រុម​នោះ​ជា​មនុស្ស​របស់លោក​អភិបាលខេត្ត​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​កើតឡើង​ឥតឈប់ឈរ​៕

Mao-Tornin-12-5-2016-6លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ k-car-t-posat