ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ប្តេជ្ញា​តស៊ូ​ដោយ​អហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ

ក្នុងពេលដែល​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​តានតឹង​នៅឡើយ ហើយ​ត្រូវបាន​មតិសាធារណ​ជាតិ និង​អន្តរជាតិ​វាយតម្លៃថា​អាច​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​នោះ ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ​បានបង្ហាញ​គោលជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពួកគាត់​បាន​ប្តេជ្ញា​ថា​នឹង​បន្ត​ការគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​គ្រប់​កាលៈទេសៈ​ដោយ​អហិង្សា និង​ស្ថិតនៅក្រោម​ក្របខ័ណ្ឌ​ច្បាប់​ដោយ​ឥត​ងាករេ ព្រោះ​ពួកគាត់​យល់ឃើញថា​គណ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ដើរ​លើផ្លូវ​ត្រឹមត្រូវ​។​

ជាក់ស្តែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​មកពី​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ រួមទាំង​ខេត្តស្វាយរៀង បាន​ប្តេជ្ញា​ការគាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងឱកាស​ដែល​ពួកគាត់​ជួប​សំណេះសំណាល​ជាមួយ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ក្នុង​ការជួប​សំណេះសំណាល​ខាងលើនេះ សកម្មជន​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​មតិ​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​ជាអាទិ៍​៖ ទី​១-​បងប្អូន បាន​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ ធ្វើការ​តស៊ូ ដោយ​អហិង្សា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឥត​ងាករេ និង​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ទី​២-​បងប្អូន បាន​ប្ដេជ្ញាចិត្ត​ថា បើទោះបីជា​មានការ​រារាំង គំរាមកំហែង យ៉ាងណាក៏ដោយ ក៏​ពួកគាត់​នៅតែ​បន្ដ​អនុវត្តន៍​ផែនការ​សកម្មភាព​ទាំងឡាយណា​ដែល​គណបក្ស​បានដាក់​ចេញ​ដោយ​គ្មាន​ការ​រួញរា​ដូចជា​៖ ការធ្វើ​ញ​ត្ដិ​ប្រមូល​ស្នាម​មេដៃ ជាដើម និង​ទី​៣-​បងប្អូន បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​បាន​បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​កើនឡើង​បើទោះបីជា​មានការ​ធ្វើទុក្ខ​បុក​ម្នេញ​មកលើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងណាក៏ដោយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្មីៗ​នេះ​ក៏បាន​បញ្ជាក់ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​បំបែកបំបាក់​ភាពរឹងមាំ និង​សាមគ្គីភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានឡើយ ហើយ​ពួកគេ​ក៏​មិនអាច​រារាំង​ការជឿជាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​បានដែរ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​អស់សង្ឃឹម​ចំពោះ​របៀប​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ជិត​៤០​ឆ្នាំ​មកនេះ ហើយ​ពួកគាត់​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​អហិង្សា​តាមរយៈ​ការបោះឆ្នោត​នៅពេល​ខាងមុខ​៕

13612370_1399145723436056_90779105230686066_n 13627222_1399145540102741_3241818916252331981_n 13567259_1399146016769360_5420824690076108337_n