ស្ត្រី​ជា​សហគ្រិន នៅ​ក្នុង​សហគ្រាស​ខ្នាត​តូច​ មាន​ប្រមាណ​ជាង​កន្លះ​លាន​នាក់​នៅ​កម្ពុជា​

ស្ត្រី​ជា​សហគ្រិន នៅ​ក្នុង​សហគ្រាស​ខ្នាត​តូច​ មាន​ប្រមាណ​ជាង​កន្លះ​លាន​នាក់​នៅ​កម្ពុជា​



ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​យើង​ភាគច្រើន​ ដែល​មាន​មុខរបរ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម លើ​​ផ្នែក​ទេសចរណ៍​មានការ​កើន​ឡើង ​គួរ​ឲ្យ​កត់សំគាល់ ដោយ​ស្ត្រី​ជា​សហគ្រិន នៅ​ក្នុង​សហ​គ្រាស​ខ្នាត​តូច មាន​ប្រមាណ​ជាង​កន្លះ​លាន​នាក់​នៅ​កម្ពុជា។ នេះ​ជា​ការ​លើកឡើង និង​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ឱកាស​ដែល​រដ្ឋមន្ត្រី ក្រសួង​កិច្ចការ​នារី បាន​អញ្ជើញ​ចូលរួម​ទស្សនា​ពិព័រណ៍ ​ដែល​ជា​ស្នា ដៃ​ស្ត្រី​យើង នា​ល្ងាច​ថ្ងៃទី​០៦ ខែកក្កដា នៅ​ក្នុង​បរិវេណ​រមណីយដ្ឋានវត្ត​ភ្នំ។

ស្នាដៃ​សិប្បកម្ម មាន​តម្បាញ និង​ចម្លាក់​របស់​ស្ត្រី​ខ្មែរ​យើង ត្រូវ​បាន​យក​មក​ដាក់​បង្ហាញ​លក់​នៅ​ក្នុង​មជ្ឈមណ្ឌល​សិល្ប: សិប្បកម្ម និង​ចម្លាក់​វត្តភ្នំ ដែល​ធ្វើឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី កោត​សរសើរ ដោយ​ការផលិត​ចេញ​មកពី​ស្នាដៃ​នារី​សុទ្ធសាធ។ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី បាន​មានប្រសាសន៍​គាំទ្រ​ស្នាដៃ​ដែល​ដាក់​បង្ហាញ​នេះ ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ ​ផ្សាយ​ពី​ផលិតផល​ទាំងនេះ​ផង ពីព្រោះ​ជា​ស្នាដៃ​នារី​យើង ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ។ ម្យ៉ាងទៀត​ការ​ដាក់​លក់​នេះ គឺ​មានតែ​ផលិតផល​ខ្មែរ​ប៉ុណ្ណោះ​ពុំ​មាន​ផលិតផល​នាំចូល​ពី​បរទេស​នោះ​ទេ។ លោកស្រី​រដ្ឋមន្ត្រី​បន្ត​ថា ទីតាំង​នេះ​ល្អ សុំ​ឲ្យ​ទីតាំង​នេះ​នៅ​ដដែល ដែល​ជា​ទីកន្លែង​លក់​ផលិតផល​ខ្មែរ ជា​របស់​សហគ្រិន​ស្ត្រី​ខ្មែរ យើង។ ការ​ដាក់​លក់​ស្នាដៃ​សិប្បកម្ម​ស្ត្រី​ខ្មែរ​យើង​នេះ ក្នុង​គោលបំណង ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ ក្នុង​គ្រួសារ និង​នៅ​ក្នុង​សហគមន៍ ស្រប​ទៅតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​មាន សម្ដេច តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ។ លោកស្រី​មាន​មោទនភាព​ដោយ​ឃើញ​ស្ត្រី​ខ្មែរ​យើង ចាប់ផ្ដើម បង្ហាញ​ស្នាដៃ​ខ្លួន​ឲ្យ​មាន​ជំនឿ​ខ្លួនឯង រៀន​ឲ្យ​បាន​ខ្ពស់ មាន​ជំនាញ​ទើប​អាច​រក​ចំណូល​បាន​ខ្ពស់។

លោកស្រី​បន្ត​ថា បច្ចុប្បន្ន​មុខរបរ​របស់​ស្ត្រី​ខ្មែរ​យើង ភាគ​ច្រើន​លើ​វិស័យ​ឧស្សាហកម្ម កសិកម្ម ប្រមាណ ជា ៦០% ក្នុង​ឆ្នាំទៅ និង​ក្នុង​វិស័យ​សេវាកម្ម​លើ​ទេសចរណ៍ មាន ៣០ ទៅ ៣៥% ដែល​មាន​កំណើន​គួរ កត់សម្គាល់ ដោយ​ស្ត្រី​ជា​សហគ្រិន​នៅ​ក្នុង​សហគ្រាស​ខ្នាត​តូច SME មាន​ប្រមាណ​ជាង​កន្លះ​លាន​នាក់ នៅ​កម្ពុជា។ នៅ​ក្នុង​បទសម្ភាសន៍​ដោយឡែក​ជាមួយ លោកស្រី ចេង នី​វណ្ណា ប្រធាន​សហព័ន្ធ​ស្ត្រី​អ្នក ជំនួញ​កម្ពុជា និង​ជា​អ្នកគ្រប់​គ្រង​មជ្ឈមណ្ឌល​នេះ បាន​មានប្រសាសន៍ថា ការដែល​រៀបចំ​ឲ្យ​មាន​ស្តង់ លក់​ផលិត​ស្នាដៃ​ចេញពី​ស្ត្រី​ខ្មែរ​យើង គឺ​ប្រមូល​មកពី​តាម​សហគមន៍ ឲ្យ​ពួកគាត់​បាន​មក​លក់​ទីនេះ មកដល់​ពេល​មាន​ស្តង់​លក់​ពាក់​កណ្ដាល​ហើយ នៅ​ពាក់​កណ្ដាល​ទៀត​ប៉ុណ្ណោះ។ លោកស្រី​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល បើក​ច្រក​ផ្លូវ​ឲ្យ​បាន​ពីរ​កន្លែង​ទៀត គឺ​ច្រក​ខាងលិច និង​ច្រក​ខាងជើង ដែល​មកដល់​ពេល​នេះ​មានតែ​ច្រក​មួយ គ្មាន​អ្នក​ចូល​មក​ទិញ​ផលិតផល​ទាំង​នោះ​ឡើយ ដោយសារ​តែ​មាន​ច្រក​ចូល​តែមួយ៕

ស្ត្រី​ជា​សហគ្រិន នៅ​ក្នុង​សហគ្រាស​ខ្នាត​តូច​ មាន​ប្រមាណ​ជាង​កន្លះ​លាន​នាក់​នៅ​កម្ពុជា​