បាត់​កូនក្រមុំ​១​ខែ ​ពេល​ដឹង​ដំណឹង ​នាង​​ប្រាប់​​ថា ​​ថៅកែ​​​ប្រុង​យក​នាង​ទៅ​ប្រទេស​វៀតណាម​ហើយ

បាត់​កូនក្រមុំ​១​ខែ ​ពេល​ដឹង​ដំណឹង ​នាង​​ប្រាប់​​ថា ​​ថៅកែ​​​ប្រុង​យក​នាង​ទៅ​ប្រទេស​វៀតណាម​ហើយ



កំពង់ឆ្នាំង​ ៖​ ស្ត្រី​​មេម៉ាយ​​​ម្នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ ​បាន​ដើរ​ស្វែងរក​អ្នក​កាសែត​ឲ្យ​ជួយ ព្រោះតែ​កូនស្រី​ក្រមុំ​គាត់​ម្នាក់​បាន​បាត់​ពី​ផ្ទះ​១​ខែ​ហើយ​ ថា​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រុង​ភ្នំពេញ​ជាមួយ​មិត្តភ័ក្ដិ ប៉ុន្តែ​៤-៥​ថ្ងៃមុន​នេះ​ បាន​លួច​ទូរស័ព្ទ​ប្រាប់​គាត់​ជា​ម្តាយ​ថា ឲ្យ​គូ​ដណ្តឹង​នាង​ឆាប់​មក​យក​នាង​ទៅផ្ទះ​វិញ​ផង ​​ឥឡូវ​នាង​នៅ​កំពុង​នៅ​ធ្វើជា​អ្នក​បម្រើ​ក្នុង​ផ្ទះ​គេ នៅ​ផ្សារ​ក្រឡាញ់ ខេត្ត​សៀមរាប ព្រោះ​នាង​ឮ​ម្ចាស់​ផ្ទះ​ដែល​នាង​ស្នាក់នៅ​ថា នឹង​នាំ​នាង​ទៅ​ប្រទេស​វៀត​ណាម​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។

ស្ត្រី​មេម៉ាយ​ឈ្មោះ អាន រឿន អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ពេល​ជួប​អ្នកយកព័ត៌មាន​យើង​បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​មាន​ជីវភាព​ខ្វះខាត​ មាន​កូន​៥​នាក់ (ប្រុស​ម្នាក់)។ ចំណែក​កូនស្រី​ក្រមុំ ​ដែល​កំពុង​ហៅ​ឲ្យ​គាត់​ជួយ​ពេលនេះ​មានឈ្មោះ កៅ រី​ម អាយុ​១៩​ឆ្នាំ មាន​គូ​ដណ្ដឹង​ឈ្មោះ សល់ រម​នា អាយុ​៣៥​ឆ្នាំ ជាជាង​ជួសជុល​រថយន្ត នៅ​ស្វាយ​ស៊ីសុផុន ខេត្ត​បន្ទាយមានជ័យ។ កូនស្រី​គាត់​បាន​ស្គាល់​គូ​ដណ្តឹង​ខាង​លើ​នេះ​តាមរយៈ​ការ​ច្រឡំ​លេខ​ទូរស័ព្ទ ហើយ​បុរស​ខាង​លើ​នេះ​ជា​កូនកំព្រា ​បាន​ចូល​មក​ភ្ជាប់​ពាក្យ​ជាមួយ​កូនស្រី​គាត់ កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៦​មុន​នេះ ដោយ​សន្យា​ថា នឹង​ជូន​ប្រាក់​សម្រាប់​រៀបការ​មក​គាត់​ចំនួន​៣.៥០០​ដុល្លារ និង​កំណត់​រៀបការ​ក្នុង​ខែ​កត្តិក​ ឆ្នាំ​២០១៦​នេះ។ ចំណែក​កូនស្រី​គាត់​ក៏​យល់ព្រម​ដែរ ព្រោះ​នាង​ជា​អ្នកមាន​ទំនាក់ទំនង​រឿង​នេះ​ដោយ​ខ្លួន​ឯង។

ស្ត្រី​ឈ្មោះ​អាន រឿន បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៦ កូនស្រី​គាត់​បាន​សុំ​គាត់​ទៅ​ក្រុងភ្នំពេញ​ជាមួយ​មិត្តភ័ក្ដិ​ដើម្បី​រក​ការងារ​ធ្វើ ស្រាប់តែ​៤-៥​ថ្ងៃមុន​នេះ​ នាង​បាន​ទូរស័ព្ទ​ប្រាប់​មក​គាត់​ឲ្យ​គូ​ដណ្ដឹង​នាង​ទៅ​យក​នាង​ទៅផ្ទះ​វិញ​ផង ព្រោះ​នាង​នៅ​ធ្វើ​ការងារ​បម្រើ​គេ​តាម​ផ្ទះ នៅ​ផ្សារ​ក្រឡាញ់ (​ជិត​សាលារៀន​) ខេត្ត​សៀមរាប ដោយ​នាង​ប្រាប់​ទៀត​ថា ម្ចាស់ផ្ទះ​ជា​ថៅកែ​នាង​ជិត​យក​នាង​ទៅ​ប្រទេស​វៀតណាម​ហើយ និង​មិន​ដឹង​ថា​ជា​រឿង​ល្អ ​ឬ​ជា​រឿង​អាក្រក់​នោះ​ទេ ហើយ​ក្រោយមក ​ទូរស័ព្ទ​របស់​នាង​តេ​លែង​ចូល​រហូត។

បញ្ហា​នេះ ​នាង​ជា​ម្តាយ​​​​​​​ គ្មាន​លុយ​ជិះ​ឡាន​ដើរ​រក​កូន​ទេ នាង​មានការ​ភ័យ​ព្រួយ​ខ្លាំង​ណាស់ សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ក្នុង​ខេត្ត​សៀមរាប មេត្តា​ជួយ​រក​កូន​នាង​ដូច​រូបថត​នេះ​ឲ្យ​បាន​ឃើញ​ និង​ឲ្យ​នាង​ស្នាក់នៅ​កន្លែង​មាន​សុវត្ថិភាព​ផង ហើយ​មេត្តា​ជួយ​ជូន​ដំណឹង​មក​គាត់​ជា​ម្ដាយ​តាម​ទូរស័ព្ទ​លេខ ០៨៨ ៧៥៩៩ ១៨៨ ឬក៏​អាច​ជូន​ដំណឹង​មក​គូ​ដណ្ដឹង​កូន​នាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៧ ៦៨៤៨ ៩៣៧ ក៏បាន ​ដើម្បី​ទៅ​ទទួលយក​កូន​មក​ផ្ទះ​វិញ។

ដោយឡែក ​ទូរស័ព្ទ​លេខ ០៩៧ ៦៨៤៨ ៩៣៧ ដែល​នាង អាន រឿង ជា​ម្តាយ​អះអាង​ថា ជា​គូ​ដណ្ដឹង​កូន​នាង អ្នកយកព័ត៌មាន​យើង​បាន​ព្យាយាម​តេ​ចូល​ដើម្បី​សុំ​ការ​បំភ្លឺ​ផង​ដែរ​ជុំវិញ​រឿង​ខាង​លើ​នេះ ​គឺ​តេ​ចូល​ តែ​គ្មាន​អ្នក​លើក​ឡើយ រឿង​នេះ​សូម​សមត្ថកិច្ច​ខេត្ត​សៀមរាប​ជួយ​ស្រាវជ្រាវ និង​អន្តរាគមន៍​ក្នុង​រឿង​នេះ​ជូន​ស្ត្រី​មេម៉ាយ​ខាង​លើ​នេះ​ផង៕
បាត់​កូនក្រមុំ​១​ខែ ​ពេល​ដឹង​ដំណឹង ​នាង​​ប្រាប់​​ថា ​​ថៅកែ​​​ប្រុង​យក​នាង​ទៅ​ប្រទេស​វៀតណាម​ហើយ

បាត់​កូនក្រមុំ​១​ខែ ​ពេល​ដឹង​ដំណឹង ​នាង​​ប្រាប់​​ថា ​​ថៅកែ​​​ប្រុង​យក​នាង​ទៅ​ប្រទេស​វៀតណាម​ហើយ