ការ​ដាំ​ដុះ​ស្រូវ​រដូវវស្សា​ទើប​សម្រេច​បាន​តែ​ជាង​42% នៃ​ផែនការ

រាជធានី​ភ្នំពេញ ៖ ការ​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​បាន​ពេញលេញ ទៅ​តាម​រដូវ​កាល​ដូច​ឆ្នាំ​មុន​ៗ​ទេ ពិសេស​ការ​ដាំ​ដុះ​ស្រូវ​វស្សា ដែល​គិត​មក​ដល់​ពេល​នេះ ទើប​សម្រេច​បាន​ជាង​៤២%​នៃ​ផែនការ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​មន្ដ្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា ៖ « គិត​ត្រឹម​ថ្ងៃ​ទី​២៩ មិថុនា កន្លង​ទៅ ការ​ភ្ជួរ​រាស់​រៀបចំ​ដីស​ម្រេច​បាន​១.៤៨២.៤៣៦​ហិ​កតា ក្នុង​នោះ​ភ្ជួរ​ដោយ​គោ ក្របី​បាន​ចំនួន​៧៣.៤៩៦​ហិ​កតា និង​ដោយ​គ្រឿងយន្ត​១.៤០៨.៩៤០​ហិ​កតា ។ ស្ទូង និង​ស្រូវពង្រោះ​សម្រេច​បាន​១,០៤​លាន​ហិ​កតា ស្មើនឹង​៤២,០២% នៃ​ផែនការ​២,៤៧​លាន​ហិ​កតា លើស​ឆ្នាំ​មុន​៣៩.៨១៨​ហិ​កតា » ។

ចំណែក​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ឡោ រស្មី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​បរិមាណ​ដែល​សម្រេច​បាន​ជាង​៤២%​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន​ច្រើន​ជាង​៣% ។ ក្នុង​នោះ​ការ​ដាំ​ដុះ​ស្រូវ​ស្ទូង​និង​ពង្រោះ សម្រាប់​ខេត្ត​ដែល​អនុវត្ត​បាន​លឿន​ជាងគេ​មាន ខេត្តបន្ទាយមានជ័យ​បាន​៧៥% កំពង់ធំ​៦១% និង​ព្រៃវែង​ប្រហែល​៦១% ។ ដោយឡែក ខេត្ត​អនុវត្ត​បាន​តិច​ជាងគេ​មាន ខេត្តកំពង់ស្ពឺ​បាន​៤% និង​ក្រចេះ​ជាង​៥% ។

លោក​បន្ត​ថា ៖ « ការ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​នេះ យើង​រំពឹង​ថា នឹង​មិន​ខុស​ឆ្នាំ​មុន​នោះ​ទេ ហើយ​ទិន្នផល​ស្រូវ​អាច​ប្រហាក់ប្រហែល​គ្នា​ដែរ ។ ទោះបីជា​កម្ពុជា​ជួបនឹង​ភាពរាំងស្ងួត​អូស​បន្លាយ តែ​ការ​បង្កបង្កើន​ផល​អាច​នឹង​សម្រេច​ទាំងស្រុង​នៅ​ក្នុង​ខែតុលា ខាង​មុខ ដូច​ឆ្នាំ​មុន​ៗ​កន្លង​មក​ដែរ » ។

បើ​តាម​របាយការណ៍​ពី​មន្ទីរ​កសិកម្ម​ខេត្តកំពត​បង្ហាញ​ថា លទ្ធផល​ការងារ​បង្កបង្កើន​ផល​ស្រូវ​ដើមរដូវ​វស្សា គិត​ត្រឹម​ខែមិថុនា កន្លង​មក ស្រុក​ចំនួន​៨​របស់​ខេត្ត ដាំ​ដុះ​បាន​ស្រូវស្រាល​ចំនួន​៤១៦​ហិ​កតា ស្រូវកណ្តាល​៤៥៥​ហិ​កតា និង​ស្រូវធ្ងន់​៣៤១​ហិ​កតា កើនឡើង​៥,៧៧% ធៀប​នឹង​ឆ្នាំ​២០១៥ ។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ លោក ញ៉ិ​ប ស្រ៊​ន បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ ទោះបី​ជួប​គ្រោះ​រាំង​ស្ងួត​ពី​ដើមរដូវ​ក្ដី ប៉ុន្តែ​ចាប់ពី​ពាក់កណ្តាល​ខែឧសភា រហូត​មក​ដល់​ពេល​នេះ ភ្លៀង​ធ្លាក់​ហាក់​មាន​របាយ​ស្មើ​ល្អ ។ ដូចនេះ ការ​បង្កបង្កើន​ផល​នៅ​ក្នុង​ខេត្តតាកែវ​មានដំណើរ​ការ​ល្អ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ។ ជាក់ស្តែង គិត​ត្រឹម​ថ្ងៃ​ទី​៥ កក្កដា ឆ្នាំ​២០១៦​នេះ ផែនការ​បង្កបង្កើន​ផល​សម្រាប់​រដូវវស្សា​ឆ្នាំ​នេះ​មាន​១៧​ម៉ឺន​ហិ​កតា និង​អនុវត្ត​ភ្ជួរ​រាស់​សម្រេច​បាន​១២០.១២៦​ហិ​កតា ។ ការងារ​សាប​សម្រេច​បាន​១០៨​ហិ​កតា ស្ទូង​និង​ព្រោះ​បាន​៥,២​ម៉ឺន​ហិ​កតា ស្មើនឹង​៣១%​នៃ​ផែនការ ។

លោក​បន្ត​ថា ៖ « ធម្មតា រដូវវស្សា​ដំណើរការ​បង្កបង្កើន​ផល គឺ​រហូត​ដល់​ដើមខែ​តុលា​ទើប​បញ្ចប់ ។ ដូចនេះ យើង​សង្ឃឹមថា បើ​ភ្លៀង​ធ្លាក់​បាន​ល្អ​ដូច​រាល់​ថ្ងៃនេះ ការ​បង្ក​បង្កើន​​ផល​ស្រូវ​វស្សា​នឹង​គ្រប់​ផែនការ ឬ​លើស​ផែនការ​នៅ​ខែតុលា ខាង​មុខ » ។

គួរ​បញ្ជាក់​ថា ក្រៅពី​ដំណើរការ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​សម្រេច​បាន​ជាង​៤២%  ដំណាំ​រួម​ផ្សំ​សម្រេច​បាន​៦៥៥.៦៨០​ហិ​កតា ស្មើនឹង​១០៦,៤២% នៃ​ផែនការ​៦១៦.១២៣​ហិ​កតា លើស​ឆ្នាំ​មុន​១០៥.៦៤១​ហិ​កតា ។ រីឯ​ដំណាំ​ឧស្សាហកម្ម​សម្រេច​បាន​៤២.៨៤៦​ហិ​កតា ស្មើនឹង​៣១,២២% នៃ​ផែនការ​១៣៧.២៣៨​ហិ​កតា លើស​ឆ្នាំ​មុន​២.១៧៤​ហិកតា ៕