10​ប្រទេស​នឹង​ចូលរួម​ជាមួយ​កម្ពុជា​បង្ហាញ​បច្ចេកវិទ្យា​កសិកម្ម​នៅ​ដើមខែ​ក្រោយ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​កសិកម្ម បសុសត្វ និង​ជលផល​ជា​លើក​ដំបូង នៅ​ដើមខែ​សីហា ២០១៦​ខាង​មុខ នៅ​សណ្ឋាគារ​ភ្នំពេញ ដោយ​មានការ​ចូលរួម​បង្ហាញ​ពី​បច្ចេកវិទ្យា និង​ឧបករណ៍​កសិកម្ម​ពី​បណ្ដា​ប្រទេស​ចំនួន​១០​ផ្សេង​ទៀត​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​ក្នុង​វិស័យ​កសិកម្ម ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​៧ កក្កដា នៅ​សណ្ឋាគារ​ភ្នំពេញ លោក Nguyen Ba Vinh អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Minhvi និង​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​អន្តរជាតិ​កសិកម្ម បសុសត្វ និង​ជលផល បានឱ្យ​ដឹង​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិន​ថា​ប្រទេស​ណា​ទេ​នៅ​លើ​សកលលោក ត្រូវការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ទំនើប ហើយ​ក្នុង​វិស័យ​កសិកម្ម​ក៏​ដូច​គ្នា​ដែរ ។ លោក​និយាយ​ថា ៖ « យើង​ត្រូវការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឱ្យ​មានការ​រីក​ចម្រើន និង​ត្រូវ​មាន​វិធានការ​ការពារ ជាមួយនឹង​បម្រែបម្រួល​អាកាស​ធាតុ​ដែល​កើតឡើង ដើម្បី​ជួយ​ការពារ​ដល់​ប្រជា​កសិករ​របស់​យើង​ដែល​ពឹង​ទៅ​លើ​វិស័យ​កសិកម្ម ។ ចំពោះ​ព្រឹត្តិការណ៍​ដែល​នឹង​រៀបចំ​ឡើង​ខាង​មុខ​នេះ គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​ធ្វើ​ឡើង​ស្រប​ពេល​សក្ដានុពល​វិស័យ​កសិកម្ម​នៅ​កម្ពុជា​មាន​ភាព​ទូលំទូលាយ ព្រោះថា កម្ពុជា​បាន​នាំ​ផលិតផល​កសិកម្ម​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ​មក​បម្រើ​ក្នុង​វិស័យ​នេះ » ។

លោក​បន្ត​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​កសិកម្ម បសុសត្វ និង​ជលផល​នេះ​ដែរ នឹង​នាំ​មក​នូវ​ពាណិជ្ជករ​ក្នុង​វិស័យ​កសិកម្ម​ពី​បណ្ដា​ប្រទេស​ចំនួន​១០ មក​ជជែក​ផ្លាស់​ប្តូរ​យោបល់ និង​ចាប់ដៃ​គ្នា​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​កសិកម្ម ដែល​ក្នុង​នោះ​មាន​ពាណិជ្ជករ​មក​ពី​ប្រទេស វៀតណាម ថៃ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី ជប៉ុន និង​ប្រទេស​នៅ​អឺរ៉ុប​ផង​ដែរ ។ លោក​និយាយ​ថា ៖ « ព្រឹត្តិការណ៍​នេះ ជា​លើក​ទី​១​សម្រាប់​កម្ពុជា តែ​កន្លង​មក​យើង​បាន​រៀបចំ​នៅ​ប្រទេស​ថៃ មី​យ៉ា​ន់​ម៉ា និង​ទទួល​បាន​ជោគជ័យ​ខ្ពស់​។ ហេតុនេះ​យើង​ក៏​បាន​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្ដង ដើម្បី​ផ្ដល់​ឱកាស​ដល់​ពាណិជ្ជករ​ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​ជួយ​ដល់​បណ្ដា​កសិករ​ជា​ច្រើន​ទៀត » ។
លោក​បញ្ជាក់​ថា ពិព័រណ៍​កសិកម្ម បសុសត្វ និង​ជលផល​អន្តរជាតិ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​មាន​ក្រុមហ៊ុន​ប្រមាណ​៦០ មក​ពី​បណ្ដា​ប្រទេស​ចំនួន​១០ នឹង​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយ​រំពឹង​ថា វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា ។

លោក អៀង សុធា​រ៉ា ស្ថាបនិក​ក្រុមហ៊ុន​កសិកម្ម EAC បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា សូមកុំ​ចាំតែ​រិះគន់​ប្រទេស​ជិតខាង​រឿង​ផលិត​បន្លែ ឬ​អាហារ​ដែល​មាន​ជាតិពុល ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្លួនឯង​គួរតែ​យក​ពេលវេលា​នោះ​មក​អភិវឌ្ឍន៍ និង​ពង្រឹង​ខ្លួន​ជា​មុន​សិន ។ លោក​និយាយ​ថា ៖ « នៅ​ពេល​ខ្លួន​យើង​រឹង​មាំ យើង​មាន​អ្វី​ៗ​គ្រប់​យ៉ាងដូច​ជា បន្លែ ផ្លែ​ឈើ​ជាដើម បើសិនជា​យើង​មាន​គ្រប់គ្រាន់​ហើយ យើង​ចាំបាច់​នាំ​ចូល និង​ចាំបាច់​ភ័យ​អី​ទៀត ។ សរុប​មក អ្វី​ដែល​យើង​ត្រូវធ្វើ​នោះ ដំបូង​ត្រូវធ្វើ​ឱ្យ​ខ្លួន​យើង​ខ្លាំង​សិន ជាក់ស្ដែង ក្នុង​វិស័យ​កសិកម្ម​នេះ​ជាដើម » ។

លោក​បន្ត​ថា ក្នុង​វិស័យ​កសិកម្ម​ទាំងមូល​លោក​មិន​អាច​ក្ដាប់​បាន​អស់​ទេ ដោយសារ​តែ​ក្រុមហ៊ុន​លោក​ជា​ក្រុមហ៊ុន​ធ្វើ​កិច្ចការ​ខាង​បន្លែ ហើយ​ដូចដែល​បានដឹង​ថា សព្វ​ថ្ងៃនេះ កសិករ​កម្ពុជា​ផលិត​បន្លែ​បាន​ច្រើន តែ​យ៉ាងណា ក៏​ការ​នាំ​ចូល​ពី​បរទេស​ប្រមាណ​២០០​តោន​ក្នុង​មួយ​ថ្ងៃ​ចំពោះ​រដូវ​កាល​ធម្មតា តែបើ​រដូវ​កាលដែល​រវល់ កម្ពុជា​អាច​នាំ​ចូល​បន្លែ​ពី​បរទេស​ជាង​៤០០​តោន​ក្នុង​មួយ​ថ្ងៃ គឺ​វា​មាន​ចំនួន​ច្រើន​នៅឡើយ ។ លោក​និយាយ​ថា ៖ « ទៅ​ថ្ងៃ​ខាង​មុខ វា​នឹង​មានការ​ប្រែប្រួល​ច្រើន​ទាក់ទង​នឹង​បញ្ហា​ការ​នាំ​ចូល​បន្លែ​នេះ ដោយសារ​តែ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទម្លាក់​ចំណាយ​ថវិកា​ប្រមាណ​២០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​គម្រោង​បន្សុទ្ធ​ពូជស្រូវ និង​កាត់​បន្ថយ​ការ​នាំ​ចូល​បន្លែ​ពី​បរទេស​។ តាម​រយៈ​គម្រោង​នេះ​នឹង​ជួយ​ដល់​កសិករ អ្នក​ផលិត និង​អ្នក​ទទួលទាន​បាន​ច្រើន » ។

លោក អៀង សុធា​រ៉ា បាន​បញ្ជាក់​ថា ក្រុមហ៊ុន​លោក​បង្កើត​ឡើង​មក​ដើម្បី​ជួយ​កសិករ​ខ្មែរ ដូច​ជា ទទួល​ទិញ​បន្លែ​ពី​កសិករ និង​លក់​ក្នុង​ផ្សារ​ដែល​បាន​បង្កើត​ផ្ទាល់​ផង​ដែរ ហើយ​បើសិនជា​កសិករ​មិន​ទាន់​យល់​ច្បាស់​ពី​របៀប​ផលិត​បន្លែ សរីរាង្គ ក្រុមហ៊ុន​លោក​នឹង​ចុះ​ទៅ​បង្រៀន​ដល់​មូលដ្ឋាន ។ ម្យ៉ាងទៀត លោក​ក៏​បាន​ប្រកាស​ថា បើ​កសិករ​ណា​អាច​ផលិត​ជីកំប៉ុស​បាន លោក​នឹង​ទទួល​ទិញ​សម្រាប់​កសិដ្ឋាន​របស់​លោក​ផង​ដែរ ៕