មន្ត្រី​យោធា​ឈ្មោះ ផាន់ ឯក​រតនា កំពុង​ឈូសឆាយ​បំផ្លាញ​ព្រៃស្រោង​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង យ៉ាង​មហន្តរាយ​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​មន ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃស្រោង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​បទល្មើស​នោះ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​ត្រូវ​វិនាស​ហិនហោច​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​ឈ្មោះ ផាន់ ឯក​រតនា ជា​នាយ​ស្នាក់ការ​ស្រាវជ្រាវ នាយកដ្ឋាន​ស្រាវជ្រាវ​អគ្គបញ្ជាការ​ដែលមាន​ទី​តាំង​ក្នុងភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង គឺជា​អ្នក​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ព្រៃស្រោង​ជាច្រើន​ហិកតា​។ ការប្រើ​គ្រឿងចក្រ​បំផ្លាញ​ព្រៃស្រោង​នោះ​ធ្វើ​ឲ្យ​ដើមឈើ​តូចធំ​ក្នុងព្រៃ​ត្រូវ​រលំ​រាប​ដល់​ដី ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ការដែល​មន្ត្រី​យោធា​ឈ្មោះ ផាន់ ឯក​រតនា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​រវាង​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ទើប​ពុំមាន​ការទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ គ្រឿងចក្រ​ជាច្រើន​គ្រឿង​ត្រូវបាន​មន្ត្រី​យោធា​ឈ្មោះ ផាន់ ឯក​រតនា ជួល​ទៅ​ឈូសឆាយ​ព្រៃស្រោង​ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​យក​ធ្វើជា​កម្មសិទ្ធិ ហើយ​កូនប្រុស​របស់​ឈ្មោះ ផាន់ ឯក​រតនា គឺជា​អ្នកមើលការខុសត្រូវ​នៅ​កន្លែងកើតហេតុ​តែម្តង​។ អ្នកបញ្ជា​គ្រឿងចក្រ​បាន​ឲ្យ​ដឹងថា ពេល​ឈូសឆាយ​ដីព្រៃ​១​ហិកតា​គឺ​ពួកគេ​ទទួលបាន​តម្លៃ​៤០០​ដុល្លារ ហើយ​មាន​អ្នកការពារ​ទើប​អាច​ឈូសឆាយ​បំផ្លាញ​ព្រៃស្រោង​យ៉ាង​រលូន​។

​ជុំវិញ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងភូមិ​មន ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​នោះដែរ គឺ​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់ លោក ថោង ស្រា​ន់ និង​អភិបាលខេត្ត​ស្ទឹងត្រែង លោក មុំ សារឿន មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ ហេតុនេះ​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្តស្ទឹងត្រែង​ផងដែរ​។ មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​មន្ត្រី​យោធា​ឈ្មោះ ផាន់ ឯក​រតនា ធ្លាប់​ត្រូវបាន​មេបញ្ជាការ​មណ្ឌល​១ ការិយាល័យ​ទី​២​កងទ័ពជើងគោក លោក ហេង សា​ម៉ាច ហៅ​ទៅ​ណែនាំ​ម្តង​ជា​ពីរដង​រួចមកហើយ កុំ​ឲ្យ​យកឈ្មោះ​អង្គភាព​ទៅប្រើ​ប្រាស់​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏​គួរ​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ កុំ​ឲ្យ​មន្ត្រី​យោធា​ឈ្មោះ ផាន់ ឯក​រតនា ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃស្រោង​ក្នុង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ តាម​អំពើ​ចិត្ត​ទៀត​៕

28ccfb00b29d11e582cf11c8579d7b19-thumnailលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ WAT-0707r ce8e2027-3a66-49cd-9175-1307b63959fa