ធ្វើ​យ៉ាងណា​ទើប​ជ្រើសរើស​ទីតាំង​ក្នុង​ការ​ធ្វើ​ជំនួញ​បាន​ល្អ

ទីតាំង គឺជា​កត្តា​យ៉ាង​សំខាន់​សម្រាប់​ប្រកប​ជំនួញ ជា​ពិសេស ប្រភេទ​អាជីវកម្ម​បែប​ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្សេង​ៗ ។ យើង​មក​មើល​កត្តា​សំខាន់​ៗ​នៃ​ការ​ជ្រើសរើស​ទីតាំង​សម្រាប់​ប្រកប​មុខ​ជំនួញ​ដូច​ខាងក្រោម​នេះ ៖

១-​បរិស្ថាន​ជុំវិញ ៖
កត្តា​ចម្បង គឺ​ត្រូវ​មើល​ពី​បរិស្ថាន​នៅ​ជុំវិញ​ទីតាំង​ថា តើ​អ្នក​រស់នៅ​ក្នុង​បរិវេណ​នោះ​ជា​មនុស្ស​ប្រភេទ​ណា អាយុ កម្រិត​នៃ​ប្រាក់​ចំណូល រស់​និយម ហើយ​ក្នុង​បរិវេណ​នោះ​មាន​អ្វីខ្លះ​ដូច​ជា ការិយាល័យ រោងចក្រ​ឧស្សាហកម្ម សាលារៀន និង​មន្ទីរពេទ្យ ។​ល​។ លើស​ពី​នេះ​ទៀត គួរតែ​ពិចារណា​ទៅ​លើ​ក្រុម​អតិថិជន​គោលដៅ ដែល​ខុស​គ្នា​ទាំង​ពេលវេលា​ដូច​ជា អ្នកធ្វើការ​ក្នុង​ការិយាល័យ​នឹង​ទៅ​ទិញ​ឥ​វ៉ា​ន់​ពេល​សម្រាក​ថ្ងៃត្រង់ ឬ​ក៏​ពេល​ល្ងាច ជាដើម ។

២-​ស្វែង​យល់​ពី​គូប្រជែង ៖
ចំណុច​នេះ ត្រូវ​សង្កេត​ទៅ​លើ​ទីតាំង​នោះ​ថា តើ​មាន​អាជីវកម្ម​ណាខ្លះ​ដែល​បាន​បើក​ដំណើរការ​រួច​ហើយ ហើយ​អ្នក​ដែល​ចូល​ទៅ​រក​សេវាកម្ម​នោះ​ជា​មនុស្ស​ប្រភេទ​ណា ។ វិធី​ដែល​ល្អ​យើង​អាច​ស្វែងរក​វិធី​ជជែក​ជាមួយ​អ្នកគ្រប់គ្រង​អាជីវកម្ម​នោះ​អំពី​រឿង​ប្រាក់​ចំណូល ក្រុម​អតិថិជន និង​ថ្លៃ​ឈ្នួល​ផ្សេង​ៗ ។ ប៉ុន្តែ​ពេល​ខ្លះ​យើង​ក៏​ត្រូវ​ពិចារណា​ផង​ដែរ​អំពី​អ្វី​ដែល​គេ​និយាយ​ប្រាប់ ព្រោះ​គេ​អាច​មិន​ប្រាប់​ការ​ពិត​ឡើយ ដោយសារ​តែ​ខ្លាច​មានការ​បើកមុខ​ជំនួញ​ដូច​គ្នា​នេះ​មក​ប្រជែង​ជាមួយ​គេ​ក៏​ថា​បាន ។

៣-​តាមដាន​ជា​និច្ច ៖
យើង​អាច​តាមដាន​ទៅ​លើ​អាជីវកម្ម​របស់​គូប្រជែង​ថា តើ​ដំណើរការ​ទៅ​យ៉ាងណា ហើយ​ស្ថានភាព​អាជីវកម្ម​នោះ​ល្អ​ឬទេ ។ រឿង​នេះ គឺជា​រឿង​ចាំបាច់ ពីព្រោះ​នៅ​ពេល​ដែល​យើង​ទៅ​បើក​អាជីវកម្ម​ក្នុង​បរិវេណ​នោះ នឹង​អាច​មានការ​ដណ្តើម​អតិថិជន​គ្នា ដែល​ពេល​ខ្លះ​ប្រសិនបើ​អាជីវកម្ម​របស់​គូប្រជែង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន លក់ដាច់ និង​មាន​អតិថិជន​ច្រើន គឺ​យើង​គួរតែ​មាន​វិធីសាស្ត្រ ក្នុង​ការ​ទាញ​យក​ចំណែក​ទីផ្សារ​ផង​ដែរ ។ ប៉ុន្តែ​បើ​អាជីវកម្ម​របស់​គូប្រជែង​ស្ងប់ស្ងាត់ ឬ​ទីកន្លែង​នោះ​មើលទៅ​ដូច​ជា​គ្មាន​ការ​យកចិត្តទុកដាក់ វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា អាជីវកម្ម​នោះ​អាច​នឹង​មាន​បញ្ហា ។

៤-​តម្លៃ​ឈ្នួល ៖
ការ​បើក​ជំនួញ គឺ​បដិសេធ​មិន​បាន​ថា ទីតាំង​ល្អ ក៏​ស្របគ្នា​នឹង​តម្លៃ​ឈ្នួល​ទីតាំង​នោះ​ផង​ដែរ ពីព្រោះ​រឿង​តម្លៃ​ឈ្នួល​នេះ​វា​ជា​បញ្ហា​សំខាន់​ក្នុង​ការ​ប្រកប​អាជីវកម្ម ។ ម្យ៉ាងទៀត ការ​បង់ពន្ធ​ទីតាំង​ក្នុង​បរិវេណ​នោះ​នឹង​ត្រូវ​បង់​ក្នុង​កម្រិត​ណា ។

៥-​កត្តា​ផ្លូវ ៖
ត្រូវ​គិត​អំពី​ចំណត​យានយន្ត​ថា មាន​គ្រប់គ្រាន់​ហើយ​ឬ​នៅ ហើយ​តំបន់​នោះ​មានការ​ស្ទះចរាចរណ៍​ដែរ​ឬទេ ព្រមទាំង​ការ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ជាដើម ៕