ពិតជា​សាហាវ​មែន ! រឿង​តិចតួច​សោះ ទាញ​ពូថៅ​កាប់​បងថ្លៃ​ស្លាប់

ខេត្តពោធិ៍សាត់ ៖ ពិតជា​សាហាវ​មែន ! បុរស​​ជា​ប្អូន​​បាន​ទាញ​ពូថៅ​កាប់​បងថ្លៃ​មួយ​ពូថៅ​ចំ​ក្បាល​ផុង​លលាដ៍​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ លុះ​ពេល​យក​ដល់​មន្ទីរពេទ្យ​ក៏​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​បាត់​ទៅ ដោយ​គ្រាន់តែ​បងថ្លៃ​ថា​ឲ្យ​កូន​របស់​ខ្លួន​យំ​ត្រដុស​ជើង​មិន​ព្រម​ឡើង​លើ​ផ្ទះ​ដោយ​ខ្លួនឯង​សោះ ។ អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​អញ្ចាញ ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​ជន​ដៃដល់​ក្រោយ​ពី​កើតហេតុ​បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឃុ​ត ឃាង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​បងថ្លៃ​របស់​ជន​ដៃដល់​ឈ្មោះ បាន ខ្លឹម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ ប្រពន្ធ​របស់​ជន​រង​គ្រោះ​និង​ប្រពន្ធ​របស់​ជន​ដៃដល់​ជា​បងប្អូន​បង្កើត​នឹង​គ្នា ហើយ​រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​ទៀត ដែល​ស្ថិត​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​សាកសួរ​រឿងរ៉ាវ​ដែល​កើតឡើង​នេះ​ពុំ​មាន​អ្វី​ធំដុំ​នោះ​ទេ គឺ​នៅ​យប់​នោះ​កូនប្រុស​របស់​ជន​ដៃដល់​អាយុ​០៣​ឆ្នាំ​អង្គុយ​យំ​ត្រដុស​ជើង​ក្បែរ​កាំជណ្ដើរ​មិន​ព្រម​ឡើង​លើ​ផ្ទះ​ទេ គឺ​ចាំ​ឲ្យ​គេ​លើកខ្លួន​ឡើង ។ ដោយ​ពុំ​មាន​អ្នក​ណា​អើពើ កូន​នោះ​កាន់តែ​ស្រែកយំ​ខ្លាំង​ឡើង​ៗ ឃើញ​ដូច្នោះ​ជន​រង​គ្រោះ​ដែល​ត្រូវជា​អ៊ំ​បាន​ស្រែក​ឲ្យ​ថា ម៉េច​មិន​ឡើង​មក​ចាំបាច់​គេ​លើក​អី​អ្ហែង​ស័ក្តិ​ប៉ុន្មាន​អា​ផ្កាយ​៧... ។ ពេល​នោះ​ស្រាប់តែ​ឪពុក​ក្មេង​ដែល​ត្រូវជា​ប្អូនថ្លៃ​ទំនងជា​ស្រវឹងស្រា​ផង បាន​ទាញ​ពូថៅ​កាប់​បងថ្លៃ​មួយ​ពូថៅ​ចំ​ក្បាល​ពីក្រោយ​បណ្ដាល​ឲ្យ​ផុង​លលាដ៍​ដេក​សន្លប់​ស្ដូកស្ដឹង​ក្នុង​ថ្លុកឈាម រួច​ហើយ​គេចខ្លួន​បាត់​ស្រមោល​ទាំង​យប់ ។ ភ្លាម​ៗ​នោះ​ក្រុម​គ្រួសារ និង​អ្នកស្រុក​អ្នក​ភូមិ​ដែល​នៅផ្ទះ​ក្បែរ​គ្នា​បាន​ជួយ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ប៉ុន្តែ​ជា​អកុសល​មិន​ទាន់​ដល់​មន្ទីរពេទ្យ​ផង​ក៏​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​បាត់​ទៅ ។

សមត្ថកិច្ច​កំពុង​ចុះ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ និង​ចាត់វិធានការ​តាម​ស្វែងរក​ជន​ដៃដល់ ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕